ប៉ូលិសខេត្តបាត់ដំបង និងប៉ូលិសខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការរួមគ្នាឡោមព័ទ្ធលំនៅឋានមន្ត្រីយោធាម្នាក់ នៅក្រុងបាត់ដំបង ឆែកឆេរ និងរឹបអូសបានលុយដុល្លារក្លែងក្លាយជាច្រើនម៉ឺនដុល្លារ។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនទៀត ដូចជាកាំភ្លើង ស្លាកលេខឡានម៉ូតូ និងមេអាស៊ីដជាដើម។
ដោយ សួន សុផលមុន្នី
2014-01-18
RFA
ក្រដាសប្រាក់ដុល្លារក្លែងក្លាយ និងក្រដាសពុម្ពលុយដុល្លារជាច្រើនដុំ រួមទាំងវត្ថុតាងពាក់ព័ន្ធទៅនឹងបទល្មើសជាច្រើនផ្សេងទៀត ត្រូវបានសមត្ថកិច្ចប៉ូលិសរឹបអូសបានពីលំនៅឋានមន្ត្រីយោធាម្នាក់ ឋិតនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយពីប៉ូលិសខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សពីរនាក់ ដែលជាមុខសញ្ញាបានធ្វើសកម្មភាពចាយក្រដាសប្រាក់ដុល្លារក្លែងក្លាយ នៅទីប្រជុំជនក្រុងប៉ោយប៉ែត។
ស្នងការរងទទួលបន្ទុកការិយាល័យកណ្ដាលនគរបាលយុត្តិធម៌ ខេត្តបាត់ដំបង លោក ចេត វណ្ណី បញ្ជាក់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ថា វត្ថុតាងទាំងនោះមានក្រដាសលុយដុល្លារក្លែងក្លាយ ក្រដាសពុម្ពលុយដុល្លារ កាំភ្លើង ស្លាកលេខឡានម៉ូតូ និងមេអាស៊ីដ៖ «លុយក្លែងក្លាយបានមួយចំនួនធំ និងអាវុធខ្លីមួយដើម មេអាស៊ីដ។ នេះជាមុខសញ្ញាខេត្តបាត់ដំបង ធ្លាប់ចាប់បញ្ជូនទៅខេត្តពោធិ៍សាត់ ម្ដងហើយអំពីករណីប្លន់។ បច្ចុប្បន្ន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងសហការគ្នាបន្តស្រាវជ្រាវរឿងស្លាកលេខរថយន្តថែម»។
កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ប៉ូលិសក្រុងប៉ោយប៉ែត បានចាប់ខ្លួនបុរសពីរនាក់ ដោយរឹបអូសបានលុយដុល្លារក្លែងក្លាយជាង ២ម៉ឺនដុល្លារ។ ការចាប់ខ្លួនមុខសញ្ញាចាយលុយក្លែងក្លាយនេះ បានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។ ក្រោយពីការសួរនាំជនសង្ស័យទាំងពីរនាក់រួចមក នគរបាលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយបានបន្តសហការជាមួយនគរបាលខេត្តបាត់ដំបង ទើបឈានដល់ការចុះឡោមព័ន្ធលំនៅឋានមន្ត្រីយោធាខេត្តបាត់ដំបង។
ម្ចាស់លំនៅឋាន និងជាមន្ត្រីយោធាភូមិភាគ៥នោះ ត្រូវបានគេដឹងថា មានឈ្មោះ សយ វ៉ាន់សក្កិ អាយុ ៥០ឆ្នាំ។ ទាំងមន្ត្រីតុលាការ និងមន្ត្រីនគរបាល អះអាងថា មន្ត្រីយោធារូបនេះ សមត្ថកិច្ចពុំបានឃាត់ខ្លួននោះឡើយ ព្រោះមុខសញ្ញាជនសង្ស័យជាអ្នកផ្សេងទៀត ទុកឲ្យនគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវបន្ត។
តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន ដែលដឹកនាំកម្លាំងចុះប្រតិបត្តិការ កាលពីរសៀលថ្ងៃទី១៧ ខែមករា បានមានប្រសាសន៍បញ្ជាក់ថា នៅពេលសមត្ថកិច្ចចុះឡោមព័ទ្ធក្នុងលំនៅឋាននោះ ឃើញមានតែក្មួយស្រីម្ចាស់ផ្ទះម្នាក់ស្នាក់នៅប៉ុណ្ណោះ ប៉ុន្តែមិនមានវត្តមានមន្ត្រីយោធានោះឡើយ។ លោក នួន សាន បន្តថា វត្ថុតាងទាំងនោះនឹងត្រូវបញ្ជូនទៅឲ្យតុលាការខេត្តបន្ទាយមានជ័យ។
វិទ្យុអាស៊ីសេរី នៅពុំអាចទាក់ទងតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានឡើយ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បញ្ជាក់ថា ជនសង្ស័យក្នុងករណីចរាចរលុយដុល្លារក្លែងក្លាយនៅក្រុងប៉ោយប៉ែត នោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
ទាក់ទិនបញ្ហានេះ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា ការចរាចរលុយដុល្លារក្លែងក្លាយនេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅក្រុមអាជីវករ ភាគច្រើនតាមស្រុកជនបទមួយចំនួនក្នុងចំណោមខេត្តក្រុងផ្សេងៗរបស់ប្រទេសកម្ពុជា។ បញ្ហានេះលោកថា បណ្ដាលមកពីក្រដាសប្រាក់អន្តរជាតិត្រូវបានគេប្រើប្រាស់ដោយសេរីនៅកម្ពុជា ដូចប្រាក់រៀលដែរ។ ក្រៅពីការជំរុញឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់មុខសញ្ញាផលិតក្រដាសប្រាក់ដុល្លារក្លែងក្លាយ លោកយល់ថា ដើម្បីចៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរ រដ្ឋាភិបាលកម្ពុជា គួររឹតបន្តឹងលំហូរក្រដាសប្រាក់អន្តរជាតិ មិនគួរអនុញ្ញាតឲ្យមានការចរាចរដោយសេរីនៅលើទីផ្សារកម្ពុជា នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ជា មុនី គ្រោងធ្វើពិធីរំលឹកខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា
- អតីតតារាចម្រៀងដែលរងទារុណកម្មដោយការជះទឹកអាស៊ីតកាលពី១៥ឆ្នាំមុនទារយុត្តិធម៌
- មន្ត្រីក្រុមប្រឹក្សាខេត្តបក្សសង្គ្រោះជាតិរងការគំរាមសម្លាប់
- ទស្សនៈអាជ្ញាធរមួយចំនួននៅខេត្តស្វាយរៀងចំពោះការតាមចាប់លោក ឈូក បណ្ឌិត
- លោក ស ខេង អំពាវនាវឲ្យសង្គមស៊ីវិលជួយស្ថាប័នប្រឆាំងការធ្វើទារុណកម្ម
- បក្សប្រឆាំងសង្ស័យការស្លាប់របស់ចៅសង្កាត់រងទី២ចតុមុខជាការធ្វើឃាត
- គ្រួសារស្ត្រីសម្រាលកូនស្លាប់នៅបន្ទាយមានជ័យស្នើតុលាការពន្លឿនសំណុំរឿង
- ភាពយន្ត «នរណាសម្លាប់ ជា វិជ្ជា» បញ្ចាំងជាលើកទីពីរនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស
- អង្គការសិទ្ធិមនុស្សនឹងបញ្ចាំងភាពយន្ត «អ្នកណាសម្លាប់ ជា វិជ្ជា» នៅថ្ងៃសៅរ៍
ល្បិចវាយកូនឯងយកចិត្តគេពេលទឹកលិចជិតចូលច្រមុះ!!!!
ល្បិចបង្វែសាច់រឿង!!!
នៅស្រុកយួនដុល្លារមិនហ៊ានដើរសេរីដូចស្រុកខ្មែរទេគឺត្រូវតែប្តូរជាលុយដុង។ ដោយឡែកនៅកម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយៈ បាត..ដុង..ដុល្លារ..ដើរលេងម៉ាសេរី..អាចឹងហើយចង់បានប៉ុណ្ណាទៀត