អតីតអ្នកភូមិដីក្រហម បានប្រមូលផ្តុំគ្នាមុខទីកន្លែងដែលពួកគាត់ធ្លាប់រស់នៅខាងជើងស្ថានទូតសហព័ទ្ធរុស្ស៊ី ក្រុងភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ដើម្បីរំលឹកខួបប្រាំឆ្នាំនៃការបណ្តេញចេញទាំងបង្ខំ និងអយុត្តិធម៌។
ដោយ សេក បណ្ឌិត
2014-01-24
RFA

អតីតអ្នករស់នៅសហគមន៍ដីក្រហម អុជធូបដាក់បណ្ដាសាឲ្យក្រុមហ៊ុន 7NG ដែលបានបណ្ដេញពួកគាត់ចេញទាំងបង្ខំ ក្នុងថ្ងៃរំឭកខួបពីរឆ្នាំនៃការបណ្ដេញចេញ នៅតំបន់ដីក្រហម រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១។ RFA/Tin Zakariya
នៅក្នុងពេលរំលឹកខួបនេះ អតីតអ្នកដីក្រហម បានថ្លែងពីទុក្ខលំបាកពីជីវភាពនៅកន្លែងតាំងទីលំនៅឋានថ្មី និងទាមទារអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពន្លឿនផ្ដល់កម្មសិទ្ធិដីធ្លីនៅកន្លែងថ្មីនោះដល់ពួកគាត់។
អតីតអ្នកភូមិដីក្រហម បានថ្លែងពីការឈឺចាប់ដែលអាជ្ញាធរក្រុងភ្នំពេញ និងក្រុមហ៊ុន សេវិន.អិន.ជី (7NG) បណ្ដេញពួកគាត់ចេញពីតំបន់ដីក្រហម ដោយពុំទទួលខុសត្រូវចំពោះសិទ្ធិរស់នៅសមរម្យរបស់ពួកគាត់។
តំណាងអ្នកដីក្រហម លោក ចាន់ វិចិត្រ ថ្លែងនៅក្នុងពេលជួបជុំនៅអតីតទីតាំងដីក្រហមនោះថា ការប្រើអំពើហិង្សាបណ្ដេញពួកគាត់កាលពី ៥ឆ្នាំមុននោះ គឺជារឿងអយុត្តិធម៌ ដែលមិនអាចបំភ្លេចបានឡើយ។ លោកបានរិះគន់អាជ្ញាធរថា បានប្រើអំណាចរំលោភបំពានសិទ្ធិលំនៅឋានពលរដ្ឋ និងថាអំពើពុករលួយក្នុងចំណោមមន្ត្រីអាជ្ញាធរ គឺជាមូលហេតុចម្បងដែលនាំអោយពួកគាត់ត្រូវបណ្ដេញចេញដោយពុំមានសំណងត្រឹមត្រូវ។
លោក ចាន់ វិចិត្រ៖ «ហើយយើងឃើញថា ពួកគាត់តែងតែធ្វើទុក្ខបុកម្នេញដែលជាម្ចាស់ដីម្ចាស់កម្មសិទ្ធិ ហើយគាត់ប្លន់ដីពីប្រជាពលរដ្ឋទៅឲ្យអ្នកមានលុយ អ្នកមានអំណាចមួយចំនួនទៅវិញ ហើយឃើញថា ពួកគាត់មិនមានឆន្ទៈល្អក្នុងការដោះស្រាយទេ»។
លោកបន្តថា ការអភិវឌ្ឍរបស់រដ្ឋាភិបាលសព្វថ្ងៃ បំពេញចិត្តអ្នកមានសម្លាប់អ្នកក្រ តាមរយៈឲ្យពលរដ្ឋចាប់ផ្ដើមរស់ពីក្រទៅក្រ ពីមានផ្ទះទៅអត់ផ្ទះ ពីមានមុខរបរទៅអត់មានមុខរបរ ពីការរស់នៅសមរម្យទៅឲ្យធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺន រស់ខ្វះមុខខ្វះក្រោយ។
អ្នកដីក្រហមមានចំនួនប្រមាណ ៥០០គ្រួសារ រស់នៅលើដីទំហំជាង ៣ហិកតារ ត្រូវអាជ្ញាធរក្រុងភ្នំពេញ បណ្ដេញពួកគាត់ចេញកាលពីថ្ងៃទី២៤ មករា ឆ្នាំ២០០៩ ហើយប្រគល់ដីនោះទៅឲ្យក្រុមហ៊ុន សេវិន.អិន.ជី ជាអ្នកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ក្រុង ប៉ុន្តែក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដីតំបន់នោះបានត្រឹមតែធ្វើរបងព័ទ្ធទុកចោល ដោយពុំទាន់មានអភិវឌ្ឍ ឬធ្វើអ្វីមួយជាដុំកំភួននោះទេ។
លោក ចាន់ វិចិត្រ បានឲ្យដឹងថា កន្លែងថ្មីដែលអាជ្ញាធរ និងក្រុមហ៊ុនយកពួកគាត់ទៅចាក់ចោលនោះ ស្ថិតនៅឆ្ងាយពីក្រុង គឺនៅតំបន់ដំណាក់ត្រយឹង ភាគខាងត្បូងទីក្រុង និងនៅតំបន់ភ្នំបាត ខាងជើងទីក្រុង។ រយៈពេល ៥ឆ្នាំមកនេះ ពួកគាត់ពុំទាន់ងើបរួចពីភាពក្រតោកយ៉ាក ដែលប្រៀបបាននឹងស្ថានភាពចេញពីរបបខ្មែរក្រហមដែលមានតែបាតដៃទទេនោះទេ។
លោក ចាន់ វិចិត្រ៖ «បាទ! ហើយពិសេស គឺឆ្ងាយពីសេវាសាធារណៈមួយចំនួន ពីសាលារៀនកូន ពីមន្ទីរពេទ្យ ហើយនៅទីនោះ ផ្ទះ ផ្ទះគេឲ្យ ៤គុណ ៦ម៉ែត្រ អ៊ីចឹងយើងឃើញថា ដីដែលគេឲ្យហ្នឹង មានទំហំតូចមែនទែន ហើយដីនោះគេមិនមានឯកសារអីប្រគល់ឲ្យពួកគាត់ត្រឹមត្រូវទេ។ ហើយពួកគាត់បារម្ភខ្លាចមានការបណ្ដេញចេញជាលើកទី៣ទៀត បើនិយាយទៅ អ្នកនៅភ្នំបាត គេបណ្ដេញគាត់ជាលើកទី២ ហើយមុនដំបូង គឺគេបណ្ដេញពីដីក្រហមទៅបុរីសន្តិភាព២ បន្ទាប់មកគេបណ្ដេញទៅភ្នំបាត។ អ៊ីចឹង ពួកគាត់ត្រូវរងគ្រោះពីរដងហើយ»។
ក្នុងឱកាសខួប ៥ឆ្នាំចុងក្រោយនេះ អតីតអ្នកដីក្រហមសុំឲ្យអាជ្ញាធរ និងក្រុមហ៊ុន ផ្តល់នូវប្លង់កម្មសិទ្ធិគ្រប់គ្រងលើដីដែលផ្តល់ឲ្យពួកគាត់នោះ និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន។
ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ ពុំទាន់មានការឆ្លើយតបពីមន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន សេវិន.អិន.ជី នៅឡើយទេ នៅថ្ងៃសុក្រ ទី២៤ មករា។
ក្នុងខួប ៥ឆ្នាំនេះ តំណាងអ្នកដីក្រហម ក៏សូមអំពាវនាវសុំឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពបណ្ដេញប្រជាពលរដ្ឋក្រីក្រចេញពីលំនៅឋាន ដែលពួកគាត់កំពុងរស់នៅនោះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកមានបញ្ហាដីធ្លីនៅភ្នំពេញដាក់ញត្តិអរគុណសភាអាមេរិក
- ធនាគារANZកំពុងជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីឲ្យលោក លីយ៉ុងផាត់ រកស៊ីមិនគប្បី
- ពលរដ្ឋជាង១០០គ្រួសារនៅកោះកុងតវ៉ាប្រឆាំងនឹងក្រុមហ៊ុនធ្វើរបងព័ទ្ធដីស្រែចម្ការ
- ក្រសួងដែនដីថាបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង៧១ម៉ឺនក្បាលដី
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនទ្រីភាពថាឈូសបំផ្លាញព្រៃសហគមន៍
- លោក រ៉ុង ឈុន អ្នកស្រី ទេព វន្នី និងមនុស្ស៩នាក់ទៀតត្រូវបានដោះលែង
- ពលរដ្ឋជិត២០០នាក់នៅបន្ទាយមានជ័យបណ្ដេញគ្រឿងចក្រក្រុមហ៊ុនចេញពីដី
- សាលារាជធានីសន្យាសង់ផ្ទះស្នាក់នៅបណ្ដោះអាសន្នឲ្យពលរដ្ឋបុរីកីឡា
- ជម្លោះដីរវាងពលរដ្ឋនៅបន្ទាយមានជ័យជាមួយក្រុមហ៊ុនឯកជន
ឃើញទេ???មិនថាតែអ្នកនយោបាយទេដែលមើលឃើញថាបក្សប្រជាជនដឹកនាំដោយបុរសខ្លាំង ធ្វើឲ្យរាស្រ្តក្តៅក្រហាយ រង់ទុកវេទនា សូម្បីសង្គមស៊ីវិល ប្រទេសមហាអំណាចនិងប្រជារាស្រ្តសាមញ្ញក៏មិនពេញចិត្តដែរនឹងការដឹកនាំសព្វថ្ងៃនេះ។។
I think so Veasna.
សុំអោយផ្ទុះភ្នែកម្ខាងដែលនៅសល់កុំបីអាក់ខានឡើយ…។
Look at her face ……mother fucker …..that how painfull it is to live under your corrupted regime!!!