ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
ប្រជាសហគមន៍រងគ្រោះដោយសារការបណ្តេញចេញ ប្រមាណ២០០នាក់ មកពីសហគមន៍ចំនួន៥ នៅថ្ងៃសុក្រនេះ អំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់រាល់សកម្មភាពបណ្តេញចេញពីលំនៅឋានទូទាំងប្រទេស និងដោះស្រាយឡើងវិញ ជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ខណៈដែលពួកគេប្រារព្ធខួប៥ឆ្នាំនៃការបណ្តេញចេញ នៅសហគមន៍ដីក្រហម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
សហគមន៍ដីធ្លីចំនួន៥ រួមមាន សហគមន៍ដីក្រហមភ្នំបាត បុរីសន្តិភាព២ បឹងកក់ បុរីកីឡា និងបុរីកីឡាភ្នំបាត។
ប្រជាសហគមន៍ ដែលរងគ្រោះដោយសារការបណ្តេញចេញទាំងនោះ ត្អូញត្អែរថា ពួកគាត់កំពុងប្រឈមនូវបញ្ហាលំបាកយ៉ាងខ្លាំង ចំពោះការរស់នៅតំបន់ដែលសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនផ្តល់ឲ្យ ដោយឋិតនៅឆ្ងាយពីទីប្រជុំជន។ ពួកគាត់បន្តថា ក្រៅពីការលំបាកផ្លូវកាយ ពួកគាត់ក៏រងគ្រោះផ្នែកផ្លូវចិត្តផងដែរ ព្រោះតែឈឺចាប់ជាមួយនឹងភាពអយុត្តិធម៌ ដោយសារតែការបណ្តេញចេញដោយបង្ខំនេះ។ ប្រជាសហគមន៍ទាំងនោះ បានអំពាវនាវឲ្យរាជរដ្ឋាភិបាល អនុវត្តនូវសន្យារបស់ខ្លួន ដែលថានឹងរកដំណោះស្រាយសមស្រប ដើម្បីឲ្យពួកគាត់បានរស់នៅសមរម្យ។
ជាមួយគ្នានេះដែរ តំណាងសហគមន៍ដីក្រហម លោក ចាន់ វិចិត្រ មានប្រសាសន៍ថា កាលពីថ្ងៃទី២៣ខែមករា ម្សិលមិញនេះ លោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងក្រុមហ៊ុន 7NG ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ នៅពេលក្រុមហ៊ុនបានប្រើប្រាស់គ្រឿងចក្របណ្តេញចេញដោយបង្ខំនោះ។
ទាក់ទងនឹងករណីនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបដិសេធអត្ថាធិប្បាយ ដោយប្រាប់ថា កំពុងជាប់ប្រជុំ។
នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា រដ្ឋាភិបាលមានទំនួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបណ្តេញចេញ និងគួរផ្តល់សំណងសមរម្យដល់ពួកគេ មុននឹងជម្លៀសទៅកាន់កន្លែងណា។
សហគមន៍ដីក្រហម ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រគល់ឲ្យក្រុមហ៊ុន 7NG ធ្វើការអភិវឌ្ឍ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៩ ដែលមកដល់ពេលនេះ មានរយៈ៥ឆ្នាំមកហើយ។ សហគមន៍ដីក្រហម សព្វថ្ងៃ ត្រូវបានក្រុមហ៊ុន 7NG ហ៊ុមព័ទ្ធរបងធ្វើជាកន្លែងហាត់ប្រាណ និងភោជនីយដ្ឋាន ដោយពុំមានការសាងសង់អាគារទំនើប ដូចគម្រោង ដែលបានលើកឡើងជាមួយរដ្ឋាភិបាល មុននឹងការបណ្តេញប្រជាជនដោយបង្ខំឡើយ។ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស បានលើកឡើងថា ភាគច្រើននៃការបណ្តេញចេញដោយបង្ខំ គឺមិនមានសំណង ឬការដោះស្រាយបានសមស្របនោះទេ ដោយសារតែម្ចាស់ក្រុមហ៊ុនទាំងនោះ ជាអ្នកដែលមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា តួយ៉ាង ដូចជា ក្រុមហ៊ុនផានអ៊ីមិច ក្រុមហ៊ុន7NG ក្រុមហ៊ុនស៊ូកាកូអ៊ីន ជាដើម៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com