ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចាត់ទុករបាយការណ៍IRI ដែលរកឃើញថា កម្ពុជា ដើរផ្លូវខុសកើនដល់ ៤៣% នៅអាណត្តិទី៥នេះ គឺជាមូលដ្ឋានមួយសម្រាប់កំណែទម្រង់នៅកម្ពុជា។
របាយការណ៍ស្ទង់មតិសាធារណជនខ្មែរ របស់វិទ្យាសា្ថនសាធារណរដ្ឋអន្តរជាតិ IRI លើកទី១០ ចេញផ្សាយនៅថ្ងៃសុក្រនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីការបោះឆ្នោត ក្រោមសំណាកមនុស្ស២០០០នាក់ ជ្រើសរើសក្នុង ២៤ខេត្តរាជធានីទូទាំងប្រទេសកម្ពុជា និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលមានសិទ្ធិក្នុងការបោះឆ្នោត។
របាយការណ៍សំយោគលទ្ធផលដោយ ប្រធានស្តីទី (IRI) លោកស្រី Jessica Keegan បង្ហាញថា កម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន ដើរលើផ្លូវត្រូវ បានធ្លាក់ចុះមកត្រឹម៥៥% តែផ្លូវខុសឡើងដល់ទៅ ៤៣% ហើយការដើរលើផ្លូវខុស ក្រោមហេតុផលនៃអំពើពុករលួយ បក្សពួកនិយម និងការបំផ្លាញធនធានធម្មជាតិ ដំណាំរបស់កសិករមិនមានទីផ្សារ អន្តោប្រវេសន៍វៀតណាមខុសច្បាប់ និងតម្លៃទំនិញលើទីផ្សារប្រែប្រួល ជាដើម។
ទាក់ទងនឹងការស្ទង់មតិនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បដិសេធឆ្លើយតបដោយថា មិនទាន់បានមើលរបាយការណ៍នោះរួចរាល់។ សម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប យល់ថា របាយការណ៍ក្រោមសំណាកមនុស្ស ២០០០នាក់ គឺមិនបង្ហាញពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះទេ។ លោកទទួលស្គាល់ថា ភាគរយនៃការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្លាក់ចុះខ្លះ តែមិនច្រើនដល់ជិត ៣០% បើធៀបនឹងអាណត្តិមុននោះទេ «ខ្ញុំដូចជាថា វាមិនទាន់ត្រឹមត្រូវ និងខ្លាំងពេកទេ ដោយសារតែការស្ទុងមតិគ្នាតិចពេក យើងដាក់២៣ខេត្ដរាជធានីភ្នំពេញមួយ ហើយវាជួនកាលការវិភាគនៃអ្នកមក២០០០នាក់មកបានធ្វើ ជួនកាលគាត់និយាយមិនបាន Check and Balance ឲ្យបានច្បាស់លាស់មានការខ្វះខាត នៅខ្លះជាមិនខានទេ »។
យ៉ាងណាក៏ដោយ លោក ជាម យៀប ចាត់ទុកលទ្ធផលរបាយការណ៍នេះ ជាមូលដ្ឋាន សម្រាប់រដ្ឋាភិបាល បន្តកិច្ចប្រឹងប្រែង កែទម្រង់ដឹកនាំប្រទេសទៅថ្ងៃខាងមុខ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា របាយការណ៍នេះ ហាក់មានភាពខ្វះចន្លោះ ចំពោះការបែងចែកតួនាទីរបស់គណបក្ស និងរដ្ឋាភិបាល តែនេះជាមូលដ្ឋានមួយ ដែលបង្ហាញថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបាត់បង់ប្រជាប្រិយភាពយ៉ាងគំហុក។ លោកយល់ថា បើការផ្តល់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ និងស្មើភាពគ្នាចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនោះ លទ្ធផលពិត គឺកម្ពុជា ដើរលើផ្លូវខុសស្ទើរទាំងស្រុង «ប្រសិនបើបានពីរចំណុចហ្នឹងបន្ថែមទៀត ការដែលធ្លាក់ចុះរបស់គណបក្សប្រជាជនកម្ពុជានឹងធ្លាក់ចុះជាងនេះតទៅថែមទៀត ចំណុចខ្លះមានការវិភាគខ្លះនៃការរកឃើញ ឧទារហណ៍កាលដែលប្រជាពលរដ្ឋបាត់ឈ្មោះ ចេញពីបញ្ជឈ្មោះបោះឆ្នោត ហើយការដែលចេញនៅលិខិតបញ្ជាក់អត្ដសញ្ញាណ មានចំនួនច្រើនលើសពីសេចក្ដីត្រូវការពិតប្រាកដជាងពាក់កណ្ដាល នឹងសបញ្ជាក់ថា ការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ គឺពិតជាមានភាពមិនប្រក្រតី »។
របាយការណ៍IRI ក៏បានរកឃើញថា គេហទំព័រដែលត្រូវបានអ្នកប្រើប្រាស់ ចូលញឹកញាប់ ដើម្បីសិក្សាពីព័ត៌មានមុន និងក្រោយការបោះឆ្នោត រួមមាន បណ្តាញទំនាក់ទំនងសង្គម Facebook Twitter គេហទំព័រសារព័ត៌មាន VOD និង KI Media ជាដើម។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ ខុមហ្វ្រែល លោក គល់ បញ្ញា យល់ថា ការធ្លាក់ចុះនៃភាគរយការដឹកនាំផ្លូវត្រូវ គឺបង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋ សម្រាប់បច្ចុប្បន្នភាព គឺត្រូវការការផ្លាស់ប្តូរ ច្រើនជាងបន្តទទួលយកសមិទ្ធិផលតិចតួច ដែលរដ្ឋាភិបាល បានផ្តល់ឲ្យកន្លងមកនេះ។ ប៉ុន្តែ លោកគិតថា របាយការណ៍ថ្មីរបស់IRI គប្បីផ្តល់ជាមូលហេតុលម្អិតនៃការប្រែប្រួលទាំងនេះ ដើម្បីបង្កើនការទុកចិត្ត «ប៉ិន Survey ចឹងតែទៅជារបៀបស្រាវជ្រាវសិក្សាផ្ដល់ជាព័ត៌មាន គេហៅថា ព័ត៌មានពន្យល់ពីមូលហេតុដើមនៃការដែលប្រជាជនមិនមើលឃើញផ្លូវត្រូវហ្នឹងវាធ្លាក់ចុះវិញ ធ្លាក់ចុះវាច្រើន មិនមែនធ្លាក់ចុះតិចតួច ពី៧៩%មក៥៥% វាធ្លាក់ចុះច្រើនណាស់ »។
របាយការណ៍ដដែលនោះ ក៏បានសួរទៅកាន់សំណាកមនុស្ស២០០០នាក់ដែរថា តើកត្តាអ្វីដែលធ្វើអ្នកសម្រេចចិត្តជ្រើសរើសគណបក្សណាមួយ តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣នោះ? អ្នកដែលត្រូវបានសម្ភាសន៍ភាគច្រើន បានផ្តល់ចម្លើយថា ប្រទេសត្រូវការការផ្លាស់ប្តូរ ដែលមានទៅដល់ ៤៦ភាគរយ កត្តាការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនរហូតមកដល់ពេលនេះ មាន ៤១ភាគរយ កត្តាទី៣ ស្នាដៃរបស់គណបក្ស ដែលមាន៣៩ភាគរយ កត្តាទី៤ គឺមេដឹកនាំគណបក្ស មាន៣៥ភាគរយ កត្តាទី៥ គឺការសន្យាពេលយុទ្ធនាការបោះឆ្នោត ដែលមាន៣០ភាគយ និងកត្តាផ្សេងៗទៀត។
កាលពីអាណត្តិទី៤ ក្រោយការបោះឆ្នោត IRI បានរកឃើញថា ៨២% យល់ថា កម្ពុជាដើរលើផ្លូវត្រូវ ខណៈគណបក្សប្រជាជនកម្ពុជា បាន៩០អាសនៈ។ រីឯការដើរលើផ្លូវខុសមានតែ១៧% ដែលគ្រានោះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានទទួលស្គាល់ការស្ទង់មតិរបស់ IRI នេះ៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
យ៉ាងម៉េចហើយ អាផៃ សុីផេះ ដែលនៅអង្គភាពពត៍មាន និង បដិសេធរហ័ស នោះ ឥលូវមានវាចារយ៉ាងណាដែរ?
តែក្រយៅ និងមាយាទវាគ្មានអ្វីប្រែប្រួលឡើយ…តែអ្នកណាមិនគាំទ្រវា វាតែងតែបដិសេធរហូតហ្នឹង វាមិនដែលទទួលស្គាល់ថាវាធ្វើខុសម្តងណាឡើយ…អាក្រពើខ្មៅនឹងនោះ…!
Statistican Analysis using SAMPLE, not the whole population is OK as long as the selection is randomized!
ពួក អាយអអាយ ចេះតែថាយកតែលុយជំនួយ មកចាយលេង គ្មានប្រសិទ្ធិភាពសោះ!!!