ប្រជាពលរដ្ឋជាច្រើនឃុំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រតិកម្មទៅនឹងការឈូសឆាយរបស់ក្រុមហ៊ុន រតន វិសាល ដែលធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ពួកគាត់ជាច្រើនរយហិកតារ។ ក្រុមប្រជាពលរដ្ឋចង់ឲ្យរាជរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធចុះធ្វើអន្តរាគមន៍ ហើយដោះស្រាយបញ្ហាឲ្យបានជ្រះស្រឡះ មុននឹងអនុញ្ញាតឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើការឈូសឆាយបន្តទៀតនោះ។
ដោយ ជិន ជេដ្ឋា
2014-01-24
RFA
ប្រជាពលរដ្ឋមកពីឃុំកំពង់ហ្លួង ឃុំអន្លង់ត្នោត និងឃុំក្បាលត្រាច នៃស្រុកក្រគរ ឲ្យដឹងស្រដៀងគ្នានៅថ្ងៃទី២៣ ខែមករា ថា គ្រឿងចក្ររបស់ក្រុមហ៊ុនប្រមាណជា ២០គ្រឿង បានធ្វើសកម្មភាពឈូសឆាយប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ មក។
បច្ចុប្បន្ន គ្រឿងចក្រកំពុងតែបន្តការឈូសឆាយនៅភូមិខ្លាក្រពើ ក្នុងឃុំអន្លង់ត្នោត ហើយប្រជាពលរដ្ឋបានរត់ទៅរកអាជ្ញាធរភូមិ និងឃុំឲ្យជួយអន្តរាគមន៍ ក៏ប៉ុន្ដែអាជ្ញាធរមិនអើពើឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំអន្លង់ត្នោត លោក ឆាយ ស៊ីនឿន មានប្រសាសន៍ថា គ្រឿងចក្រចំនួន ៥គ្រឿង កំពុងតែបញ្ឈរចាំនៅលើដីចម្ការរបស់លោក ដើម្បីឈូសឆាយបន្តទៅលើដីប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ដីចម្ការរបស់លោកចំនួន ៣ហិកតារ ដែលមិនទាន់មានប្លង់កម្មសិទ្ធិនោះ ក៏គេនឹងត្រូវឈូសឆាយក្នុងពេលឆាប់ៗនេះដែរ៖ «ជាក់ស្ដែង គេយកអ៊ីចឹងមែនបង ហើយខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ ដោះស្រាយទៅថ្នាក់ឃុំថ្នាក់ណាក៏ពិបាកដល់ហើយ។ ប្រជាពលរដ្ឋគាត់សំកុកលើផ្ទះ និយាយលែងចេញហើយ គេរុញតាមចិត្តហើយ ពីមុនមកចុះខ្នះខ្នែងសួរនាំនិយាយប្រាប់គេដែរ ប៉ុន្តែគេថាចង់ខ្លាំងយកប្លង់មក បើអត់ប្លង់ដីរបស់ក្រុមហ៊ុនហើយ»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត លោក ឆេន តេង បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ដែលមានផ្ទៃដីសរុប ៥៥៣ហិកតារ កំពុងតែមានផលប៉ះពាល់។ លោកថា នៅមុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី៥ ក្រុមអាជ្ញាធរ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានសុំឲ្យក្រុមហ៊ុនផ្អាកសកម្មភាពឈូសឆាយ និងសន្យាជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋនៅក្រោយថ្ងៃបោះឆ្នោត ក៏ប៉ុន្តែរហូតមកដល់ពេលនេះ លោកនៅមិនទាន់ឃើញមានអាជ្ញាធរណាចុះមកដោះស្រាយឲ្យឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក អ៊ួន ងួន ដែលប្រជាពលរដ្ឋអះអាងថា ជាមេការក្រុមហ៊ុន រតន វិសាល ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៣ ខែមករា។
យ៉ាងណា អភិបាលស្រុកក្រគរ លោក ទឹម សារិន មានប្រសាសន៍ថា អាជ្ញាធរមិនដែលមានការព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែវាគឺជារឿងមួយដែលលំបាក ប្រសិនបើសុំឲ្យភាគីក្រុមហ៊ុនបញ្ឈប់ការឈូសឆាយរបស់ខ្លួនបណ្ដោះអាសន្ន ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការជួលគ្រឿងចក្ររបស់ក្រុមហ៊ុន៖ «កន្លងមក យើងបម្រុងចុះ ប៉ុន្តែក្រុមការងារនេះយើងចាំបងម្នាក់ទៀត ដើម្បីចុះទៅមើលជាក់ស្ដែង មិនថាមិនដឹងទេ ទទួលបានហើយពាក្យបណ្ដឹងហ្នឹងនោះ។ ប៉ុន្តែយើងកំពុងស្រង់ ទីមួយថាប្រជាពលរដ្ឋហ្នឹងនៅឯណា? ឈ្មោះអ្វី? ហើយកន្លងមកហ្នឹង បានទទួលដីធ្លីហើយឬនៅ រឿងវាមានអ្វីខ្លះ ទាល់តែយើងលម្អិតបន្តិច»។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន បានឲ្យដឹងថា ករណីទំនាស់ដីធ្លីនៅទូទាំងខេត្តពោធិ៍សាត់ ហាក់កម្រើកឡើងវិញនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ហើយលោកក៏មិនសូវមានជំនឿថានឹងអាចដោះស្រាយមានប្រសិទ្ធភាពនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនចិននៅបាត់ដំបង
- អតីតអ្នកសហគមន៍ដីក្រហមធ្វើខួប៥ឆ្នាំនៃការបណ្ដេញចេញ
- អ្នកមានបញ្ហាដីធ្លីនៅភ្នំពេញដាក់ញត្តិអរគុណសភាអាមេរិក
- ធនាគារANZកំពុងជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីឲ្យលោក លីយ៉ុងផាត់ រកស៊ីមិនគប្បី
- ពលរដ្ឋជាង១០០គ្រួសារនៅកោះកុងតវ៉ាប្រឆាំងនឹងក្រុមហ៊ុនធ្វើរបងព័ទ្ធដីស្រែចម្ការ
- ក្រសួងដែនដីថាបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង៧១ម៉ឺនក្បាលដី
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនទ្រីភាពថាឈូសបំផ្លាញព្រៃសហគមន៍
- លោក រ៉ុង ឈុន អ្នកស្រី ទេព វន្នី និងមនុស្ស៩នាក់ទៀតត្រូវបានដោះលែង
- ពលរដ្ឋជិត២០០នាក់នៅបន្ទាយមានជ័យបណ្ដេញគ្រឿងចក្រក្រុមហ៊ុនចេញពីដី