សមត្ថកិច្ច​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង រង​ការ​ចោទ​ថា ​រំខាន​អ្នកគាំទ្រ​គណបក្សស​ង្គ្រោះ​ជាតិ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014​
http://vodhotnews.com

​សមត្ថកិច្ច​ស្រុក​ពារាំង ខេត្ត​ព្រៃវែង រង​ការ​​ចោទថា បាន​ព្យាយាម​រារាំង​​ប្រជាពល​​រដ្ឋ​ប្រហែលជា​១០០០​​នាក់ ដែល​ធ្វើដំណើរ ទៅ​ចូល​វេ​ទិ​កា​សម្តែ​ង​មតិ របស់​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​​ថ្ងៃ​សៅរ៍​នេះ។​

​ក​ញ្ញា ឃុន នី ប្រាប់ VOD ថា សមត្ថកិច្ច​ប្រហែល​ជា​១០​នាក់ បាន​ចេញមក​ឃាត់ រថយន្ត​​១៥​គ្រឿង ដែល​ដឹក​ពួកគាត់​ប្រហែង​ជា​១០០០​នាក់ នៅ​ម្តុំ​ភូមិ​ស្រម៉ ឃុំ​​ព្រែក​ព្នៅ ស្រុក​ពារាំង តាម​បណ្តោយ​ផ្លូវ​ទៅ​ខេត្ត​ព្រៃវែង។​

​កញ្ញា ឃុន នី ឲ្យដឹងទៀតថា ការរារាំង​នោះ សមត្ថកិច្ច អះអាង​ថា​ ​សុំ​ត្រួតពិនិត្យ​ប​ច្ចេស​ទេស​​ចរាចរណ៍ សួរ​រក​ប័ណ្ណបើកបរ ឬក៏​ថា​រថយន្ត​ខ្វះ​លក្ខណៈ​បច្ចេកទេស​ជា​ដើម​។​

VOD ​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រីនគរបាល​ដែល​រង​ការចោទប្រកាន់​នោះ​បាន​នៅឡើយ​ទេ​។​

​តំណាងរាស្ត្រ​ជាប់ឆ្នោត ខេត្ត​ព្រៃវែង លោក គង់ បូរ៉ា យល់ថា នេះ​ជា​ចេតនា​របស់​អាជ្ញាធរ ដែល​ព្យាយាម​បង្ក​ផល​លំបាក​ដល់​អ្នក​ដែល​គាំទ្រ គណបក្ស​​សង្គ្រោះ​ជាតិ​។​ លោក​ចាត់​ទុក​សកម្មភាព​នោះ​ថា ជា​រូបភាព​គំរាមកំហែង​សេរីភាព​បញ្ចេញមតិ​។​

​នៅ​សប្តាហ៍​នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លុប​​ចោល គម្រោង​ចុះ​ជួប​សកម្មជន​របស់​ខ្លួន នៅ​ខេត្ត​កណ្តាល បន្ទាប់ពី​មាន​កម្លាំង​សមត្ថកិច្ច​ច្រើន​រយ​នាក់ និង​​ជន​ស៊ីវិល​មួយ​ក្រុម បាន​​រាយ​​បណ្តាក់​​គ្នា​ចាំ​មុន នៅ​កន្លែង​រៀបចំ​វេទិកា​ ​មុន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​​ទៅ​ដល់។​

​ទោះជា​យ៉ាងណា ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យចេញ​ដំណើរ ទៅ​តាម​គោលដៅ ដែល​បាន​គ្រោងទុក បន្ទាប់​ពី​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យសម្តី ៕

សូមសរសេរមកកាន់​ លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles