ដោយ៖ ពេជ្រ សុធារី
ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014
http://vodhotnews.com
សាលារាជធានីភ្នំពេញ ប្រកាសជាផ្លូវការមិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព និងសមាគមទាំង៩ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យទេ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើថ្នាក់ដឹកនាំសហជីពទាំងនោះ ប្រសិនបើបាតុកម្មនោះប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងមានការប៉ះទង្គិចណាមួយ។
នៅក្នុងលិខិតមួយច្បាប់របស់អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ជូនប្រធានសហព័ន្ធសហជីព និងសមាគមទាំង៩ ចុះថ្ងៃទី២៥ខែមករានេះ ឲ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងដំណើរការស្រាវជ្រាវ និងដោះស្រាយ ចំពោះសំណើរទាមទារដំឡើងប្រាក់ខែដល់កម្មករគ្រប់វិស័យយ៉ាងតិច ១៦០ដុល្លារក្នុងមួយខែ និងសុំឲ្យដោះលែងជនជាប់ឃុំចំនួន២៣នាក់នោះហើយ ដែលករណីនេះ សាលារាជធានីភ្នំពេញ ស្នើសុំឲ្យមានភាពស្ងៀមស្ងាត់ ទុកពេលឲ្យរាជរដ្ឋាភិបាលដោះស្រាយទៅតាមយន្តការរបស់ខ្លួន ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម ជៀសវាងកើតមានភាពចលាចលក្នុងសង្គមជាថ្មីឡើងវិញទៀត។
លិខិតដដែលបានបន្តដោយព្រមានថា បើមានការជួបជុំដង្ហែក្បួន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ និងមានការប៉ះទង្គិចណាមួយ ប្រធានសហព័ន្ធ និងសមាគមទាំង៩ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
កាលពីថ្ងៃទី២០ខែមករា សហព័ន្ធសហជីព និងសមាគមចំនួន៩ ដែលធ្វើការជាមួយកម្មករជាច្រើនវិស័យ បានជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅសាលារាជធានីភ្នំពេញ ពីគម្រោងធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៦ ខែមករានេះ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងកម្មករ២៣នាក់ និងដំទ្បើងប្រាក់ឈ្នួលកម្មករគ្រប់វិស័យយ៉ាងតិច១៦០ដុល្លារអាមេរិក។ បាតុកម្មនឹងប្រព្រឹត្តទៅពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច ដោយមានកម្មករ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អាជីវករ សិស្ស និស្សិត មន្ត្រីរាជការ និងពលរដ្ឋប្រមាណ១០០០០នាក់ចូលរួម។
បើទោះជាសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យធ្វើបាតុកម្ម និងព្រមានចាត់វិធានការផ្លូវច្បាប់ក្តី ក៏ថ្នាក់ដឹកនាំសហជីពធំៗទាំង៩នៅកម្ពុជានេះ នៅតែប្រកាន់ជំហរ ប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ នាថ្ងៃអាទិត្យស្អែកនេះ តាមការគ្រោងទុក នេះបើតាមការអះអាងរបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅថ្ងៃទី២៥ខែមករានេះ៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
ចាប់_មេៗបក្សសាងគ្រោះជាតិ..ញាត់គុគ,,អោយអស់…ពួកអាចង្រៃ…