ករណីជម្លោះដីធ្លីថ្មីៗកំពុងកើតមានជាបន្តបន្ទាប់គ្នានៅឯខេត្តព្រះវិហារ ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣ រួចមក។ ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារពាក់ព័ន្ធកិច្ចការពារសិទ្ធិមនុស្ស និងបរិស្ថានធម្មជាតិ កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដោយធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ព្រមទាំងវិនាសហិនហោចដល់ព្រៃឈើ និងធនធានរ៉ែផងនោះ។
ដោយ ហង្ស សាវយុត
2014-01-25
RFA
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិជីអោក ឃុំរមណី នៃស្រុករវៀង ខេត្តព្រះវិហារ បានលើកគ្នាទៅតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះ ស្រី បញ្ញា អភិវឌ្ឍន៍ ដោយអ្នកភូមិអះអាងថា ក្រុមហ៊ុននេះមានគម្រោងឈូសឆាយរំលោភចូលដីបុស និងចម្ការរបស់ពួកគេ។
ក្រុមអ្នកភូមិបានប្រមូលផ្ដុំគ្នា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ហើយបាននាំគ្នាចូលទៅចាំឃ្លាំមើលសកម្មភាពរបស់ក្រុមហ៊ុន ដែលមានបំណងឈូសឆាយពង្រីកផ្ទៃដី។
បុរសម្នាក់ គឺជាអ្នកភូមិជីអោក ក្នុងចំណោមអ្នកភូមិជាច្រើនទៀត។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៥ ខែមករា ថា ក្រុមអ្នកភូមិរបស់គាត់កំពុងមានការព្រួយបារម្ភខ្លាចក្រែងក្រុមហ៊ុនឈូសរំលោភយកដីចម្ការជាច្រើនហិកតារ៖ «ប្រជាពលរដ្ឋដែលមានដីនៅចន្លោះស្មាច់ទូកនោះ គឺប៉ះចំប្លុករបស់ដីសម្បទានក្រុមហ៊ុន ស្រី បញ្ញា។ ក្រុមហ៊ុន ស្រី បញ្ញា គេនឹងឈូសឆាយដីនោះ ហើយប្រជាពលរដ្ឋក៏ទៅតវ៉ារឿងដីធ្លីនៅក្រុមហ៊ុន ស្រី បញ្ញា ហ្នឹង»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ស្រី បញ្ញា ដើម្បីសុំការពន្យល់ជុំវិញរឿងនោះបានថាយ៉ាងណានៅឡើយ។
ចំណែកប្រធានស្ដីទីនៃក្រុមប្រឹក្សាឃុំរមណី លោក សូរ សៀ បានមានប្រសាសន៍ថា លោកបានដឹងអំពីបញ្ហាក្រុមអ្នកភូមិដែលលើកគ្នាទៅតវ៉ានោះ។ លោក សូរ សៀ បានទទួលស្គាល់ថា ក្រុមហ៊ុន ស្រី បញ្ញា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទីនោះ គឺពិតជាមានការប៉ះពាល់ទៅលើដីចម្ការរបស់ប្រជាពលរដ្ឋខ្លះមែន ក៏ប៉ុន្តែលោកមិនទាន់ដឹងថា មានទំហំប៉ុន្មានហិកតារច្បាស់លាស់នៅឡើយទេ៖ «នោះជាដីរបស់ប្រជាពលរដ្ឋមែន ជាដីបុស ដីចម្ការ ប៉ុន្តែដីនោះវាទុកចោល១ឆ្នាំអីមិនបានធ្វើ ក៏វាមានប៉ះពាល់គ្នាទៅវិញទៅមក»។
អាជ្ញាធរឃុំរមណី មានគម្រោងនឹងចុះពិនិត្យមើលបញ្ហាទំនាស់ដីធ្លីរវាងអ្នកភូមិជីអោក ជាមួយនឹងក្រុមហ៊ុន ស្រី បញ្ញា នៅថ្ងៃអាទិត្យ ទី២៦ ខែមករា។
គេហទំព័រ (Website) របស់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ ខេមបូឌា អូផែន ឌីវីឡបមែន (Cambodia Open development) បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ កន្លងទៅ ក្រុមហ៊ុន ស្រី បញ្ញា អភិវឌ្ឍន៍ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៨ពាន់ ៨០០ហិកតារ នៅចន្លោះព្រំប្រទល់ស្រុករវៀង ខេត្តព្រះវិហារ និងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ដីសម្បទានសេដ្ឋកិច្ចទាំងនោះ សម្រាប់វិនិយោគដំណាំកសិឧស្សាហកម្ម និងកៅស៊ូ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានតាមទូរស័ព្ទពីអ្នកភូមិ ដែលលើកគ្នាទៅតវ៉ាប្រឆាំងក្រុមហ៊ុន ស្រី បញ្ញា នោះ។
លោក ឡោ ចាន់ បានចាត់ទុកថា នេះគឺជាករណីទំនាស់ដីធ្លីថ្មីមួយរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅក្នុងចំណោមទំនាស់ដីធ្លីថ្មី ដែលទើបតែកើតមានឡើង ២ករណីផ្សេងទៀត ចាប់ពីក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ រួចមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនចិននៅបាត់ដំបង
- អតីតអ្នកសហគមន៍ដីក្រហមធ្វើខួប៥ឆ្នាំនៃការបណ្ដេញចេញ
- ពលរដ្ឋនៅពោធិ៍សាត់ប្រតិកម្មទៅនឹងការឈូសឆាយដីរបស់ក្រុមហ៊ុនរតនវិសាល
- អ្នកមានបញ្ហាដីធ្លីនៅភ្នំពេញដាក់ញត្តិអរគុណសភាអាមេរិក
- ធនាគារANZកំពុងជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីឲ្យលោក លីយ៉ុងផាត់ រកស៊ីមិនគប្បី
- ពលរដ្ឋជាង១០០គ្រួសារនៅកោះកុងតវ៉ាប្រឆាំងនឹងក្រុមហ៊ុនធ្វើរបងព័ទ្ធដីស្រែចម្ការ
- ក្រសួងដែនដីថាបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង៧១ម៉ឺនក្បាលដី
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនទ្រីភាពថាឈូសបំផ្លាញព្រៃសហគមន៍
- លោក រ៉ុង ឈុន អ្នកស្រី ទេព វន្នី និងមនុស្ស៩នាក់ទៀតត្រូវបានដោះលែង