ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com
ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកចូលក្នុងរោងការ នៅឃុំតាំងក្រសៃ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី២៥ខែមករា បានកើនឡើងដល់ ១១នាក់ និងជាង៣០នាក់ទៀតរងរបួស។
លោក យ៉េង សារ៉េន អធិការនគរបាលស្រុកប្រាសាទសំបូរ ប្រាប់ VOD នៅរសៀលថ្ងៃទី២៦ខែមករានេះថា ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់បែកក្នុងរោងការ បានកើន ៣នាក់ បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈ ៨នាក់ទៀត ស្លាប់នៅនឹងកន្លែងកើតហេតុ។ លោក ឲ្យដឹងទៀត ក្នុងចំណោមអ្នកស្លាបទាំង១១នាក់ មាន ប្រុស ៨នាក់ និងស្រី៣នាក់ ហើយត្រូវបានគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួស ពេលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
បើតាមលោក យ៉េង សារ៉េន កាលពីយប់ថ្ងៃទី២៥ ខែមករា នៅម៉ោងប្រមាណ ១០:៣០នាទី ខណៈពេលដែលភ្ញៀវ និងអ្នកភូមិជាច្រើននាក់ កំពុងរាំកំសាន្តក្នុងមង្គលការមួយក្នុងភូមិជាំ ឃុំតាំងក្រសៃ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានជនមិនស្គាល់មុខគប់គ្រាប់បែកចូលរោងការ។
យ៉ាងណាក៏ដោយ លោកនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់លាស់ក្នុងហេតុការណ៍ផ្ទុះ គ្រាប់បែកនោះនៅឡើយទេ ប៉ុន្តែតាមការសង្ស័យជំហានដំបូង គឺជារឿងគំនុំ។
អធិការនគរបាលស្រុកប្រាសាទសំបូរ ឲ្យដឹងទៀតថា ក្រោយហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បានចុះទៅស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ជនល្មើសមផ្តន្ទាទោសតាមច្បាប់៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com