ក្រុមគ្រួសារអ្នករងគ្រោះក្នុងអំពើហិង្សា នៅផ្លូវវ៉េងស្រេង កន្លងទៅនេះ អំពាវនាវសុំឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានឆាប់ដើម្បីវែកមុខអ្នកដែលបញ្ជា និងអ្នកនៅពីក្រោយខ្នងនៃការបាញ់បង្ក្រាប។ ក៏ប៉ុន្តែមន្ត្រីជំនាញរបស់រដ្ឋាភិបាល បានបដិសេធម្ដងជាពីរដង ហើយថា អ្វីដែលកើតឡើងកាលណោះ គឺសមត្ថកិច្ចប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួនប៉ុណ្ណោះ។
ដោយ ម៉ម មុនីរតន៍
2014-01-26
RFA

១៦-មករា-១០១៤៖ ពលរដ្ឋចូលរួមក្នុងពិធីបុណ្យឧទិសកុសលដល់អ្នកស្លាប់ ៤នាក់ ដោយសារការបង្ក្រាបរបស់កម្លាំងអាជ្ញាធរនៅផ្លូវវ៉េងស្រេង។ RFA/Sek Bandith
ការអំពាវនាវរបស់ក្រុមគ្រួសារអ្នកជាប់ឃុំ និងអ្នកដែលត្រូវសមត្ថកិច្ចបាញ់សម្លាប់ក្នុងអំពើហិង្សាកាលពីដើមខែមករានេះ កើតឡើងក្រោយពេលដែលតុលាការរាជធានីភ្នំពេញ បានចេញដីកាកោះហៅមន្ត្រីកងរាជអាវុធហត្ថមួយចំនួន ឲ្យចូលខ្លួនឆ្លើយបំភ្លឺ ដែលសង្ស័យថា ទំនងជាអាចមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដ៏ប្រល័យ ប្រឆាំងក្រុមបាតុករដែលទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
រស់នៅស្រុកបាទី ខេត្តតាកែវ លោកស្រី ឈីវ សារុន ឲ្យដឹងក្រោយចេញពីទទួលថវិកាឧបត្ថម្ភពីសប្បុរសជននៅការិយាល័យសហភាពការងារកម្ពុជា នៅព្រឹកថ្ងៃទី២៥ មករា ថា រហូតមកដល់ពេលនេះ លោកស្រីពុំដឹងថាតើត្រូវធ្វើយ៉ាងដូចម្ដេចឡើយ ដើម្បីអាចរកយុត្តិធម៌ជូនស្វាមីដែលបានស្លាប់ក្នុងការបាញ់បង្ក្រាបរបស់សមត្ថកិច្ចនៅផ្លូវវ៉េងស្រេងនោះ។
ជាស្ត្រីមេម៉ាយដែលមានកូនស្រីអាយុជាង ១ឆ្នាំក្នុងបន្ទុក ក្រោយពីលោក យាន រិទ្ធី ជាស្វាមីបានស្លាប់ក្នុងការប៉ះទង្គិចជាមួយសមត្ថកិច្ច លោកស្រីគិតថា មានតែអំពាវនាវដល់អង្គការសង្គមស៊ីវិល និងទទូចសុំឲ្យរដ្ឋាភិបាលជួយពន្លឿនយកអ្នកបានបាញ់សម្លាប់ស្វាមីរបស់លោកស្រី និងអ្នកដទៃទៀត មកអនុវត្តតាមច្បាប់ប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី២៥ មករា ក្រុមគ្រួសារអ្នកជាប់ពន្ធនាគារ ២៣នាក់ នៅខេត្តកំពង់ចាម និងគ្រួសារអ្នកដែលត្រូវបាញ់សម្លាប់ ៤នាក់ផ្សេងទៀត បានទទួលថវិកាក្នុងមួយគ្រួសារ ១លានរៀលពីសហជីពចំនួន ៩ ក្រោមជំនួយមនុស្សធម៌ពីសប្បុរសជន។
ទន្ទឹមនឹងនេះ ក្រុមគ្រួសារដែលត្រូវជាឪពុក និងជាភរិយារបស់អ្នកជាប់ឃុំនៅមន្ទីរអប់រំកែប្រែ ម.៣ ត្រពាំងផ្លុង ឲ្យដឹងថា ពួកគេអំពាវនាវសុំឲ្យរដ្ឋាភិបាលដោះលែងអ្នកទាំង ២៣នាក់ដោយគ្មានលក្ខខណ្ឌ។ ក្រុមសាច់ញាតិបានហៅការចាប់ខ្លួននេះថា ធ្វើឡើងគឺពុំមានហេតុផលត្រឹមត្រូវ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ព្រមានថា បើរដ្ឋាភិបាលនៅតែព្រងើយកន្តើយមិនព្រមទទួលយកការស្នើសុំរបស់សម្ព័ន្ធសហជីពដើម្បីឲ្យដោះលែងមនុស្សទាំង ២៣នាក់ទេ នោះមហាបាតុកម្មនឹងផ្ទុះកាន់តែមានទំហំធំជាងមុនប្រឆាំងនឹងការឃុំខ្លួននេះ។ លើសពីទៀតនេះ ការទាមទារប្រាក់ខែគោលសម្រាប់កម្មករនៅតែបន្ត ជាពិសេស សហជីពនៅតែបន្តជំហរក្នុងការតវ៉ាសំណងសម្រាប់អ្នកដែលស្លាប់ក្នុងអំពើហិង្សាកាលពីដើមខែមករា កន្លងទៅនេះ។
ក្រៅពីនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបញ្ជាក់ថា នៅថ្ងៃទី២៦ មករា មនុស្សយ៉ាងហោចណាស់ ១ម៉ឺននាក់ នឹងប្រមូលផ្ដុំគ្នាជាថ្មីនៅទីលានប្រជាធិបតេយ្យ ដើម្បីជំរុញឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសង្គមស៊ីវិល និងកម្មករ ២៣នាក់ឲ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ។
បើទោះជាបែបណា ក្រសួងមហាផ្ទៃ បានព្រមានថា នឹងចាត់វិធានការប្រឆាំងការជួបជុំនេះ។
ដោយឡែក លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងថា មន្រ្តីនគរបាល និងកងរាជអាវុធហត្ថមួយចំនួនបានចូលបំភ្លឺរួចហើយ តាមដីកាកោះរបស់តុលាការកាលពីសប្ដាហ៍កន្លងទៅនេះ។ បើទោះជាបែបណា រហូតមកដល់ពេលនេះ លោកនៅមិនទាន់ដឹងថា តើលទ្ធផលនៃការសាកសួរនោះ យ៉ាងនៅឡើយនោះទេ។
លោក ខេង ទីតូ បញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថ យ៉ាងហោចណាស់ ២៩នាក់របួស ទន្ទឹងនឹងនោះ មន្ត្រីនគរបាល ១៦នាក់របួសធ្ងន់និងស្រាល ក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករកាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា។
គិតត្រឹមថ្ងៃទី២៤ មករា កន្លងទៅនេះ មានអង្គការសង្គមស៊ីវិលចំនួន ១៨៤ ហើយបានដាក់ញត្តិនៅតាមស្ថានទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា យ៉ាងហោចណាស់ ១៥ស្ថាប័ន ដើម្បីស្នើសុំឲ្យជួយពន្លឿនទៅរដ្ឋាភិបាលអន្តរាគមន៍ដោះលែងមនុស្ស ២៣នាក់ ដោយគ្មានលក្ខខណ្ឌក្រោយពីត្រូវចាប់ឃុំខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្រុងហាមក្រុមសហជីពធ្វើបាតុកម្មនៅថ្ងៃទី២៦មករា
- សង្គមស៊ីវិលបន្តដាក់ញត្តិជូនទូតបរទេសស្នើអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំ២៣នាក់
- តំណាងសហជីព៨ត្រូវឆ្មាំគុកនៅកំពង់ចាមមិនឲ្យចូលជួបជនជាប់ចោទ២៣នាក់
- CCHR៖ រដ្ឋាភិបាលគំរាមមិនឲ្យបញ្ចាំងកុនឯកសារ តើនរណាសម្លាប់ ជា វិជ្ជា
- ក្រសួងមហាផ្ទៃព្រមានចាត់វិធានការទៅលើមេដឹកនាំសហជីពកម្មករបើមានៈធ្វើបាតុកម្ម
- គោលការណ៍ណែនាំស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស
- ជនជាប់ចោទម្នាក់ក្នុងចំណោម២៣នាក់ត្រូវបានបញ្ជូនមកគុកមាត់ឃ្មង់
- មេសហជីពត្រៀមដឹកនាំកម្មករ១ម៉ឺននាក់ធ្វើកូដកម្មនៅថ្ងៃ២៦ មករា
- សហជីពនិងកម្មករនៅកំពង់ចាមត្រូវបានបណ្ដេញចេញពីការងារជាបន្តបន្ទាប់
ចំលើយនេះពិតជាគ្មានទំនួលខុសត្រូវទេ។ បើអ្នកស្លាប់ជាសាច់ញ្ញាតិរបស់អ្នកឆ្លើយវិញ តើអ្នកមានអារម្មណ៍យ៉ាងណា?
អាចុយម៉ាយ ហ៊ុន សែន កំពុងតែដាំក្បាលចុះចូលក្នុងរណ្ដៅផ្ដាច់ការឱ្យបរទេសបានឃើញច្បាស់
មែនទែនហើយ នាំគ្នាក្រោកឈរធ្វើបាតុកម្មឱ្យបានច្រើនថែមទៀតបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។
សូមអញ្ជើញទៅកាន់ សុគតិភពឲ្យបានសុខ ចុះណា វិរៈបាតុករដ៏អង់អាច!
សូមផ្សង កើតជាតិណាៗ កុំឲ្យចាញ់បោកគេទៀត!