ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ខេត្តឧត្តរមានជ័យ បានទទួលរងការបណ្ដេញចេញពីលំនៅឋានជាង ៣ឆ្នាំមកហើយ ដោយសារតែអាជ្ញាធរដកហូតយកដីទៅប្រគល់ឱ្យក្រុមហ៊ុន អង្គរ ស៊ូហ្គើរ៍ (Angkor Sugar) ដើម្បីដាំអំពៅ។ រហូតមកដល់បច្ចុប្បន្ន គ្រួសារដែលទទួលរងការបណ្ដេញចេញទាំងនោះនៅមិនទាន់បានទទួលដីធ្លីដោះដូរថ្មីទៅតាមការសន្យា របស់អាជ្ញាធរទេ។
ដោយ ហង្ស សាវយុត
2014-01-26
RFA
ប្រភពពីសហគមន៍ព្រៃឈើនៅក្រុងសំរោង បានឱ្យដឹងថា តំណាងសហគមន៍អឺរ៉ុប ១ក្រុមមានគម្រោងនឹងចុះទៅពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋដែលទទួលរងការបណ្ដេញពីលំនៅឋាននៅក្នុងខេត្តឧត្តរមានជ័យ ដោយសារតែរដ្ឋាភិបាលដកហូតយកដីដើម្បីផ្ដល់ទៅឱ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
គណៈកម្មការសហគមន៍ការពារព្រៃឈើ រតនៈរុក្ខា គឺលោក សួន សន។ លោកបានមានប្រសាសន៍ កាលពីរសៀលថ្ងៃអាទិត្យ ទី២៦ ខែមករា ថា តាមបណ្ដាញអង្គការក្រៅរដ្ឋាភិបាលដែលផ្ដល់ដំណឹងប្រាប់លោក គឺតំណាងសហគមន៍អឺរ៉ុប មានគម្រោងនឹងចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅភូមិបាក់នឹម និងភូមិកូនគ្រៀល ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង នៅថ្ងៃទី២៨ ខែមករា ខាងមុខ។ ភូមិទាំងពីរនោះ បច្ចុប្បន្នគឺមានអតីតគ្រួសារដែលគេបណ្ដេញចេញពីលំនៅឋានដោយសារយកដី ទៅឱ្យក្រុមហ៊ុន អង្គរ ស៊ូហ្គើរ៍ ជាច្រើនកំពុងរស់នៅ។
លោក សួន សន៖ «គេចង់មកជួប ចាំមើលប្រតិកម្មប្រជាពលរដ្ឋមានសំណូមពរអីយ៉ាងម៉េចៗ ព្រោះថា ប្រជាពលរដ្ឋធ្លាប់ធ្វើញត្តិទាមទារទៅទាក់ទងនឹងក្រុមហ៊ុនស្ករអំពៅស្ករអីហ្នឹង។ ខាងកោះកុង និងខាងឧត្តរមានជ័យហ្នឹង អ៊ីចឹងគេចង់មកមើលជាក់ស្ដែង។ មានតែរបាយការណ៍ទៅលើថា ក្រុមហ៊ុនហ្នឹងអត់បានធ្វើលើដីសម្បទានសេដ្ឋកិច្ចអីហ្នឹង ក្រោយពីបានទទួលដីសម្បទានមក អត់បានអនុវត្តអីហ្នឹង»។
កាលពីអំឡុងឆ្នាំ២០១០ កន្លងទៅ អាជ្ញាធរខេត្តឧត្តរមានជ័យ បានបណ្ដេញប្រជាពលរដ្ឋនៅភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ចំនួនប្រមាណ ២០០គ្រួសារចេញ ពីលំនៅឋានដើម្បីយកដីឱ្យក្រុមហ៊ុន អង្គរ ស៊ូហ្គើរ៍ ដាំអំពៅផលិតជាស្ករ។ ការបណ្ដេញចេញកាលណោះ អាជ្ញាធរបានចាប់ខ្លួនតំណាងអ្នកភូមិ ៣នាក់ដាក់ពន្ធនាគារ។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលទទួលរងការបណ្ដេញចេញពីលំនៅឋាន គឺមិនទាន់បានទទួលដីថ្មី ដើម្បីសង់ផ្ទះសម្បែង និងធ្វើស្រែចំការនៅឡើយទេ។
បុរសម្នាក់ក្នុងចំណោមអ្នកភូមិដែលទទួលរងការបណ្ដេញចេញ គឺលោក សឹង វណ្ណា បានមានប្រសាសន៍ថា រូបគាត់ក៏ដូចជាអ្នកភូមិជាច្រើនទៀត កំពុងរស់នៅដោយសុំដីអ្នកជិតខាងសង់ទីជម្រកបណ្ដោះអាសន្ន ពីព្រោះតែអាជ្ញាធរមិនបានដោះស្រាយដីធ្លីឱ្យវិញ បន្ទាប់ពីការបណ្ដេញចេញ ជាច្រើនឆ្នាំមកហើយនោះទេ។
លោក សឹង វណ្ណា៖ «ដីក្បាល ៥០ម៉ែត្រ គុណនឹងបណ្ដោយ ២០០ម៉ែត្រ ពីរនាក់បងខ្ញុំ ហើយនិងប្រជាពលរដ្ឋនៅទីនោះជាច្រើនគ្រួសារទៀត។ គេថា គេនឹងដោះដូរឱ្យយើងរស់នៅកន្លែងជិតហ្នឹង ពេលដែលគេរៀបចំដីហើយ ចាំគេហៅយើងយកទៅដាក់ គេធ្វើប្លង់ធ្វើអីឱ្យ។ ប៉ុន្តែដល់ពេលហើយគឺអត់មានបានអ្វីផង គេកប់ចោលតែម្ដង។ ឥឡូវរាល់ថ្ងៃអត់មានអីទេ តែដីផ្ទះក៏អត់ ដីស្រែក៏អត់។ ខ្ញុំរស់នៅលើដីគេ គឺសុំគេរស់នៅបណ្ដោះអាសន្ន»។
អតីតអ្នកភូមិជាច្រើនគ្រួសារដែលទទួលរងការបណ្ដេញចេញទាំងនោះមានគំរោងនឹងទៅជួបតំណាងសហគមន៍អឺរ៉ុប ដើម្បីបង្ហាញពីប្លង់កម្មសិទ្ធិដីទាំងឡាយរបស់ពួកគេ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលខ្លះក៏មានគម្រោងស្កាត់ជួបតំណាងសហគមន៍អឺរ៉ុបនៅពេលចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីលំនៅឋាននៅខេត្តឧត្តរមានជ័យ នោះដែរ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា លោកនឹងចុះឃ្លាំមើលនៅពេលដែលតំណាងសហគមន៍អឺរ៉ុបចុះទៅតំបន់មួយចំនួន ព្រមទាំងនឹងផ្ដល់ព័ត៌មានខ្លះ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីលំនៅឋាន ហើយមិនទាន់មានការដោះស្រាយដីធ្លីថ្មីនៅឡើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនគ្រោងឈូសឆាយរំលោភចូលដីចម្ការ
- ជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនចិននៅបាត់ដំបង
- អតីតអ្នកសហគមន៍ដីក្រហមធ្វើខួប៥ឆ្នាំនៃការបណ្ដេញចេញ
- ពលរដ្ឋនៅពោធិ៍សាត់ប្រតិកម្មទៅនឹងការឈូសឆាយដីរបស់ក្រុមហ៊ុនរតនវិសាល
- អ្នកមានបញ្ហាដីធ្លីនៅភ្នំពេញដាក់ញត្តិអរគុណសភាអាមេរិក
- ធនាគារANZកំពុងជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីឲ្យលោក លីយ៉ុងផាត់ រកស៊ីមិនគប្បី
- ពលរដ្ឋជាង១០០គ្រួសារនៅកោះកុងតវ៉ាប្រឆាំងនឹងក្រុមហ៊ុនធ្វើរបងព័ទ្ធដីស្រែចម្ការ
- ក្រសួងដែនដីថាបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង៧១ម៉ឺនក្បាលដី
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនទ្រីភាពថាឈូសបំផ្លាញព្រៃសហគមន៍
ឲ្យគេឈូsខ្លះទៅជួនកាលគេឲ្យលុយទញរទេះតង់(រថក្រោះ)ដែរតើ!!ឧ.ទ្រី ភាព ជួយរទេះតង់ប៉ុន្មាន????
ជួនកាលគេឪ្យលុយទៅទញសារយង បិះចេងចែកយោះងដែរ ណាបងប្អូន
ឲ្យគេទៅ!!!!
Excellency Bandit Chea Knoy
ឲ្យគេឈូសខ្លះទៅជួនកាលគេឲ្យលុយទិញរទេះតង់(រថក្រោះ)ដែរតើ!! ឧ.ទ្រី ភាព ជួយរទេះតង់ប៉ុន្មាន????
ជួនកាលគេឪ្យលុយទៅទិញសារុង បិះចេងចែកយើងដែរ ណាបងប្អូន
ឲ្យគេទៅ!!!!
Excellency Bandit Chea Knoy
ឲ្យគេកាប់ព្រៃខ្លះទៅជួនកាលគេឲ្យលុយទិញរថក្រោះ ទិញសារុង បិះចេងចែកយោះស៊ីម្តងម្កាដែរតើ!!!