ក្រុមអង្គការសមាគមជាតិនិងអន្តរជាតិ ព្រមទាំងសកម្មជនដីធ្លីនៅតែទទូចសុំឲ្យមានការដោះលែងមនុស្សចំនួន ២៣នាក់ ដែលកងកម្លាំងអាជ្ញាធរចាប់ខ្លួនក្នុងពេលបង្ក្រាបបាតុកម្មនៅរោងចក្រយ៉ាកជីន និងនៅផ្លូវវ៉េងស្រេង។
ដោយ ខែ សុណង
2014-01-29
RFA

តំណាងក្រុមការងារអង្គការសង្គមស៊ីវិល ចូលជួបមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីពិភាក្សា និងដាក់ញត្តិស្នើឲ្យមានវិធានការដោះលែងមនុស្សជាប់ឃុំទាំង ២៣នាក់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ RFA/Yeang Socheametta
ការស្នើសុំនេះ ស្របពេលដែលមេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនកំពុងសុំខ្លួនធានាចំពោះមុខច្បាប់ ដើម្បីសុំឲ្យតុលាការដោះលែងអ្នកទាំងនោះនៅក្រៅឃុំបណ្ដោះអាសន្ន។
សាលាឧទ្ធរណ៍បានកំណត់ថ្ងៃបើកសវនាការជំនុំជម្រះលើសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ជនជាប់ចោទដែលពួកគេជាប្រធានសមាគម សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងកម្មករ។
សាលាឧទ្ធរណ៍នៅថ្ងៃទី២៩ មករា បានកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ចុះហត្ថលេខាដោយចៅក្រម ឃុន លាងម៉េង ជាថ្ងៃបើកសវនាការជំនុំជម្រះលើសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្ន។
ទន្ទឹមនឹងគម្រោងបើកសវនាការរបស់សាលាឧទ្ធរណ៍នេះ ប្រធានអង្គការសង្គមស៊ីវិលចំនួន៣ បានធានាខ្លួននឹងយកកិត្តិយសជាប្រធានអង្គការដាក់នៅចំពោះមុខច្បាប់ ដើម្បីសុំឲ្យតុលាការដោះលែងជនជាប់ចោទចំនួន ៥រូប ក្នុងចំណោម ២៣នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក ធានាជនជាប់ចោទ ២នាក់ គឺលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករ យ៉ន សុខជា អាយុ ១៧ឆ្នាំ ជាអនីតិជន។ នាយិកាអង្គការលីកាដូ លោកស្រី ណាលី ភីឡូក (Pilorge Naly) ធានាជនជាប់ចោទសុគន្ធ សម្បត្តិពិសិដ្ឋ។ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ ធានាសហគមន៍ដីធ្លីតំបន់បឹងកក់ លោក ច័ន្ទ ពុទ្ធិស័កិ។ ចំណែកប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា ធានាលោក ថេង សាវឿន សកម្មជនសិទ្ធិមនុស្ស។
អ្នកទាំងអស់នេះ ត្រូវបានកងកម្លាំងអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២ ទី៣ មករា ក្នុងពេលបង្ក្រាបបាតុកម្មនៅរោងចក្រយ៉ាកជីន ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផ្លូវវ៉េងស្រេង ក្នុងពេលកម្មករទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។
ប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ការធានាអ្នកទាំង ៥រូបនោះ គឺយោងទៅលើស្ថានភាពសុខភាពប្រចាំកាយ និងរងរបួសពេលបង្ក្រាប ហើយក្នុងនោះមានម្នាក់ជាអនីតិជនផង៖ «មានអ្នកច្រើននាក់ទៀត មាន សាវឿន មាន ពុទ្ធិស័ក ដូចជាខាងលោក យ៉េង វីរៈ មានធានាម្នាក់ទៅ ខាងលោក ម៉ូរ៉ា នាយករបស់អង្គការលីកាដូ ក៏ធានាអ្នកមួយទៀតទៅ យើងនឹងរកអង្គការផ្សេងៗទៀត ធានាអ្នកឯទៀតឲ្យបានទាំងអស់គ្នា»។
ទាក់ទងបញ្ហានេះ មេធាវី សាម សុគន្ធា បានថ្លែងថា ការស្នើសុំរបៀបនេះ គឺមិនខុសនឹងនីតិវិធីច្បាប់នោះទេ ពីព្រោះប្រធានអង្គការទាំងនោះ ហ៊ានយកកិត្តិយសជាប្រធានស្ថាប័នមួយមកធានា។
កាលពីថ្ងៃទី៨ មករា មេធាវីបានដាក់ពាក្យសុំធានាលោក វន់ ពៅ នៅក្រៅឃុំបណ្ដោះអាសន្នដោយអាស្រ័យលើស្ថានភាពសុខភាព។ នៅថ្ងៃទី១៦ មករា មេធាវីដាក់ពាក្យធានាជនជាប់ចោទចំនួន ២២នាក់ នៅក្រៅឃុំបណ្ដោះអាសន្នទៀត។ ប៉ុន្តែពួកគេត្រូវបានចៅក្រមសាលាដំបូងបដិសេធទាំងអស់ ហើយមេធាវីបានដាក់ពាក្យប្ដឹងទាស់ការសម្រេចនេះទៅសាលាឧទ្ធរណ៍។
ជនជាប់ចោទទាំងអស់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្រោមបទចោទមួយចំនួន ដូចជា បទប្រើប្រាស់ហិង្សាដោយចេតនា បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា បទបិទផ្លូវសាធារណៈបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថ។ បច្ចុប្បន្នពួកគេកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង និងពន្ធនាគារមាត់ឃ្មុង ខេត្តកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការកោះហៅមន្ត្រីកងរាជអាវុធហត្ថខ្លះទៅបំភ្លឺរឿងហិង្សានៅផ្លូវវ៉េងស្រេង
- ជនរងគ្រោះជំរុញឲ្យតុលាការពន្លឿននីតិវិធីលើករណីជនបរទេសបាញ់ឲ្យរបួស
- ក្រសួងយុត្តិធម៌ពិភាក្សាពីសេចក្ដីព្រាងច្បាប់ទាក់ទងការកែទម្រង់តុលាការ
- តុលាការក្រុងបដិសេធសំណើបក្សប្រឆាំងសុំជួបសួរសុខទុក្ខជនជាប់ចោទ២៣នាក់
- តុលាការក្រុងបដិសេធមិនឲ្យជនជាប់ចោទ២២នាក់នៅក្រៅឃុំបណ្ដោះអាសន្ន
- បទសម្ភាសន៍ស្ដីពីប្រមុខរដ្ឋាភិបាលកម្ពុជាសន្យាកែទម្រង់ប្រព័ន្ធតុលាការ
- ថៅកែរោងចក្រ១៦៤ប្ដឹងសហជីពនិងសមាគម៦ឲ្យសងការខូចខាត
- មេធាវីអង្គការធានាអ្នកជាប់ឃុំ២២នាក់នៅត្រពាំងផ្លុងឲ្យនៅក្រៅឃុំ
- លោក វន់ ពៅ ប្រឈមបញ្ហាសុខភាព
នៅស្រុកស្មែរយើង ពត៌មានពិតមានតែ ពិធីករ បូនទៅប្រាំនាក់ប៉ុណ្ណោះ រួមមាន មហាលើកក្តិត កុសល មហាបណ្ឌិត សត្វស្វារាក់ មហាបណ្ឌិត ឆឹមចុយភារុំ មហាវោហាសព្ឋ ក្បាលទុំពែក សោម ឆាយាអាចន៌ឆ្មា ដែលមិនហ៌ាននិយាយទាល់តែសោះ
ក/-យួននៅស្រុកស្មែរ
ខ/-ការបំផ្លាញព្រៃឈើ
គ/-ការរឹបអូសដីធ្លីប្រជាជន
ឃ/-មហាសម្បើម មហិមា ពិសេសវិសាល ពុករលួយ មហាស្អុយ
ង/-ប្រពន្ឋតុលាការ មហា មហាៗអយុត្តិធម៌
ច/-ប្រពន្ឋសិក្សាធិការគ្មានគុណភាព
ឆ/-។ល។និង។ល។