នៅកម្ពុជា វាសឹងក្លាយទៅជាប្រពៃណីទៅហើយដែលមន្ត្រីរាជការសាធារណៈមួយចំនួន បានភ្លេចខ្លួនឯងថាជាមន្ត្រីសាធារណៈ បម្រើប្រយោជន៍ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ។ ក៏ប៉ុន្តែ អ្វីដែលគេមើលឃើញគ្រប់គ្នានោះ គឺពួកគាត់ភាគច្រើនធ្វើការបម្រើគណបក្សកាន់អំណាច និងលើកតម្កើងមេដឹកនាំ ពិសេសគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយធ្វើទុក្ខទោសប្រជាពលរដ្ឋដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា ទៅវិញ។
ដោយ ទីន ហ្សាការីយ៉ា
2014-01-29
RFA

កម្មករ ព្រះសង្ឃ និងពលរដ្ឋមានជម្លោះដីធ្លី ប្រឈមមុខជាមួយសមត្ថកិច្ចនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ សុំឲ្យដោះលែង លោក វន់ ពៅ និងមនុស្សមួយចំនួនទៀត កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Ouk Savborey
ពួកគេមិនហ៊ានរិះគន់ ឬមិនហ៊ាននិយាយប្រឆាំងនោះឡើយ។ ពេលខ្លះពួកគាត់បានអនុវត្តផែនការមួយចំនួនលើសពីច្បាប់ ដើម្បីផ្គាប់ចិត្តចៅហ្វាយនាយរបស់ខ្លួន។
តើកត្តាអ្វីខ្លះដែលធ្វើឲ្យមន្ត្រីរាជការទាំងនោះ មិនបានអនុវត្តតួនាទីបម្រើរាស្ត្ររបស់ខ្លួនតែបែរជាទៅបម្រើបុគ្គល និងលើកតម្កើងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ?
មន្ត្រីរដ្ឋាភិបាលបានអនុវត្តការងារលើសពីបញ្ជាថ្នាក់លើ ទោះបីការអនុវត្តការងារនោះខុសច្បាប់ ឬត្រូវច្បាប់ក៏ដោយ សំខាន់ឲ្យតែថ្នាក់លើរបស់ពួកគាត់ពេញចិត្ត។ ក៏ប៉ុន្តែ ការអនុវត្តបែបនេះធ្វើឲ្យប៉ះពាល់ដល់សង្គម និងសិទ្ធិមនុស្សជាដើម។
នៅខណៈដែលស្ថានភាពនយោបាយកំពុងជាប់គាំងក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មកនោះ សន្ទុះបាតុកម្មទាក់ទងនឹងរឿងនយោបាយ ក្រុមកម្មករ និងសហគមន៍រងគ្រោះដីធ្លី ក៏បានផ្ទុះឡើងព្រមៗគ្នាដែរ។
ការធ្វើបាតុកម្មជាញឹកញាប់ ត្រូវបានបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាលរហូតដល់ផ្ទុះហិង្សា និងបាញ់សម្លាប់ជាដើម។ ក៏ប៉ុន្តែ ខាងក្រសួងមហាផ្ទៃ តែងតែបដិសេធជាបន្តបន្ទាប់ថា គោលការណ៍ថ្នាក់លើមិនបានបង្គាប់ឲ្យអាជ្ញាធរប្រើអំពើហិង្សាទេ ហើយការបាញ់បង្ក្រាបនោះ ថាជាការបាញ់ការពារខ្លួន ឬក៏ជនទីបីជាអ្នកបាញ់បាតុករជាដើម។
ជាងនេះទៅទៀត មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឯកបក្ស ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការមិនគាំទ្រសកម្មភាពរបស់គណបក្សប្រឆាំងធ្វើបាតុកម្មនេះទេ។ ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋាភិបាលមួយចំនួន ដើម្បីរក្សាតួនាទី និងអ្នកបកស្រាយតាមទូរទស្សន៍ដែលគាំទ្ររដ្ឋាភិបាលនោះ បានថ្កោលទោសចំពោះក្រុមបាតុករ ទោះបីជាឃើញសកម្មភាពបាញ់សម្លាប់ក្ដី ក៏ពួកគាត់មិនចាត់ទុកថា ជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សនោះទេ។ បញ្ហាសំខាន់នៅត្រង់ថា ការប្រកាសថ្កោលទោសក្រុមបាតុករនោះ គឺដើម្បីធ្វើបំពេញចិត្ត និងផ្គាប់ចិត្តមេដឹកនាំរបស់ខ្លួន នៅខណៈដែលសហគមន៍ជាតិ និងអន្តរជាតិ កំពុងចោទប្រកាន់ថា ការបោះឆ្នោតជាតិកន្លងទៅមិនប្រព្រឹត្តទៅដោយត្រឹមត្រូវ ហើយគណបក្សប្រឆាំងបានប្រកាសបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ។
ជាងនេះទៅទៀត ចំពោះអ្នកធ្វើការអធិប្បាយនៅតាមកញ្ចក់ទូរទស្សន៍មួយចំនួន ទោះជាមិនមានតួនាទីនៅក្នុងជួររដ្ឋាភិបាលក្ដី ក៏ប៉ុន្តែពួកគាត់មួយចំនួននោះអាចមានផលប្រយោជន៍ពីគណបក្សកាន់អំណាច ពួកគាត់មួយចំនួននេះ បានដើរតួមិនខុសពីអ្នកនយោបាយនោះដែរ គឺបានធ្វើការអធិប្បាយអំពីរឿងនយោបាយ ឬស្ដីបន្ទោសមេដឹកនាំគណបក្សប្រឆាំងអំពីការដឹកនាំគណបក្សប្រឆាំង និងខ្លះទៀត ខំប្រឹងបកស្រាយរដ្ឋធម្មនុញ្ញ និងព្យាយាមពន្យល់ប្រជាពលរដ្ឋថា រដ្ឋាភិបាលអាណត្តិទី៥នេះ គោរពរដ្ឋធម្មនុញ្ញ រីឯគណបក្សប្រឆាំងមិនគោរពរដ្ឋធម្មនុញ្ញ។ល។
មនោគមន៍វិជ្ជាដ៏ជ្រាលជ្រៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលជ្រួតជ្រាបដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាល់សកម្មភាពរបស់លោកទាំងអស់ តាមមើលទៅហាក់គ្មានកំហុស ដោយសារមន្ត្រីថ្នាក់ក្រោម តែងតែលើកសរសើរអំពីស្នាដៃរបស់លោកឥតឈប់ឈរ រហូតដល់ហ៊ានរាយការណ៍កុហកទៀតក៏មាន ដើម្បីបំពេញចិត្តលោកនាយករដ្ឋមន្ត្រី ដូចជាកាលពីមុនបោះឆ្នោត មន្ត្រីក្រោមបង្គាប់របស់លោកបានរាយការណ៍ប្រាប់ថា ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ឬគាំទ្រ លោក ហ៊ុន សែន មានសន្ទុះច្រើនដដែល។ ក៏ប៉ុន្តែ នៅក្រោយលទ្ធផលបោះឆ្នោត ទើប លោក ហ៊ុន សែន នឹកស្មានមិនដល់ដែលគណបក្សប្រជាជនកម្ពុជា មានអ្នកបោះឆ្នោតជូនថយចុះជាង ២០អាសនៈនោះ។
ក្រៅពីនេះ នរណាក៏ដឹងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឥទ្ធិពលគ្របដណ្ដប់លើស្ថាប័នរដ្ឋទាំងអស់ មិនថាស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ កាលពីឆ្នាំ២០១២ លោក ហ៊ុន សែន មានប្រសាសន៍ថា អ្នកស្រី យ៉ោម បុប្ផា ជាអ្នកប្រើអំពើហិង្សាទៅលើគេ ទោះបីជាអ្នកស្រីមានភស្តុតាងបញ្ជាក់ថាមិនមែន និងក្រុមមន្ត្រីសិទ្ធិមនុស្សទាមទារឲ្យតុលាការដោះលែងអ្នកស្រីក៏ដោយ។ នៅទីបំផុត តុលាការកាត់ទោសឲ្យអ្នកស្រីជាប់គុកជាង ២ឆ្នាំ។ តែក្រោយមក តុលាការកំពូលដោះលែងអ្នកស្រីវិញ។
ករណី លោក សម រង្ស៊ី រឿងបង្គោលតម្រុយព្រំដែនវិញ ក៏មិនខុសគ្នាដែរ មានប្រជាពលរដ្ឋជាច្រើនអះអាងថា វៀតណាម បានបង្គោលចូលមកលើដីស្រែរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង។ តែនៅពេលរដ្ឋាភិបាលប្ដឹង លោក សម រង្ស៊ី តុលាការក៏កាត់ទោសឲ្យ លោក សម រង្ស៊ី ជាប់គុកជាង ១០ឆ្នាំ។ នៅមុនបោះឆ្នោតជាតិ លោក ហ៊ុន សែន បានសម្ដែងជាតួចិត្តល្អ សុំទៅព្រះមហាក្សត្រលើកលែងទោសឲ្យ លោក សម រង្ស៊ី ជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកអំពីបញ្ហាដែលលោកបានសុំព្រះរាជប្រទានទោសដល់ព្រះមហាក្សត្រជូន លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ នៅខណៈលោកកំពុងកាន់ទុក្ខនៅពេលឪពុករបស់លោកទទួលមរណភាព។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ ការចាត់ការរបស់តុលាការនេះ មានសំណួរជាច្រើនបានចោទសួរថា តើតុលាការចាត់ការលើសំណុំរឿងទាំងនេះ ដើម្បីបំពេញចិត្តមេដឹកនាំ ឬមន្ត្រីតុលាការខ្លាចការដកតួនាទីពីចៅហ្វាយរបស់ខ្លួន?
នៅដំណាក់កាលចុងក្រោយនេះ នៅពេលស្ថានភាពនយោបាយកំពុងជាប់គាំង មន្ត្រីរដ្ឋាភិបាលហាក់ដូចអនុវត្តកិច្ចការមួយចំនួនរបស់ថ្នាក់លើរបស់ខ្លួនជាងអនុវត្តច្បាប់ទៅទៀត ដូចជា ពេលគណបក្សសង្គ្រោះជាតិ បានដឹកនាំធ្វើបាតុកម្មជាបន្តបន្ទាប់នោះ លោក ហ៊ុន សែន ប្រកាសព្រមានថា ការធ្វើបាតុកម្មប្រយ័ត្នបាតដៃទីបី។ ប៉ុន្មានថ្ងៃបន្ទាប់ ក៏មានការបង្ក្រាបកម្មករ និងបាតុកររបស់គណបក្សសង្គ្រោះជាតិ រហូតដល់មានការបាញ់សម្លាប់កម្មករ និងប្រជាពលរដ្ឋ។ល។
ការផ្ទុះអំពើហិង្សានេះ ធ្វើឲ្យមានមនុស្សស្លាប់នេះ មន្ត្រីរដ្ឋាភិបាលមិនបានរកឃាតកឃើញទេ ហើយថាមានជនទីបីជាអ្នកបាញ់សម្លាប់ និងផ្សេងៗទៀត។
មួយវិញទៀត លោក ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ក៏មានអ្នកគាំទ្រ ដើម្បីធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ វិញដែរ។ នៅថ្ងៃទី២៦ ខែមករា ស្រាប់តែមានបាតុកម្មដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ចាម ធ្វើបាតុកម្មប្រាំង និងការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណបក្សនេះនៅទីរួមខេត្តកំពង់ចាម។
នៅក្នុងសម័យខ្មែរក្រហម ខ្មែរក្រហមបានពង្វក់អ្នកនៅថ្នាក់ក្រោមរបស់ខ្លួនឲ្យសម្លាប់អ្នកដែលហ៊ានតវ៉ា និងអ្នកដែលចេះដឹងដែលគេលាបពណ៌ថាជាខ្មាំង។ ការលាបពណ៌នៅក្នុងសម័យខ្មែរក្រហម ត្រូវបានសម្លាប់ជនស្លូតត្រង់អស់រាប់លាននាក់។ កម្មាភិបាលថ្នាក់ក្រោម បានអនុវត្តបញ្ជាថ្នាក់លើហួសពីការកំណត់ទៅទៀត។ ក៏ប៉ុន្តែ នៅសម័យនោះ កម្មាភិបាល ឬមេកងមានមោទនភាពណាស់នៅពេលសម្លាប់ជនស្លូតត្រង់ដែលគេចាត់ទុកថាខ្មាំង ដោយពួកគាត់មិនបានពិចារណាថា ការសម្លាប់នោះត្រូវជាបងប្អូនសាច់ញាតិ ឬជាតិសាសន៍ដូចគ្នានោះឡើយ។
ដោយឡែកនៅក្នុងសម័យកាលនេះវិញ ការបង្ក្រាបរបស់សមត្ថកិច្ចទៅលើកម្មករ ពួកគាត់ហាក់បីដូចជាមិនបានគិតថា តើកម្មករ ឬក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ប្រើប្រាស់សិទ្ធិរបស់ខ្លួនទាមទារយុត្តិធម៌ ឬទាមទារប្រាក់ឈ្នួលរស់នៅសមរម្យនោះទេ សំខាន់ គឺអនុវត្តទៅតាមបញ្ជារបស់មេបញ្ជាជារឿងសំខាន់បំផុត ទោះបីត្រូវប្រើអំពើហិង្សា ឬបាញ់សម្លាប់។
ម្យ៉ាងទៀត ចំពោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក៏ដូច្នោះដែរ ពួកគាត់ហាក់ចាត់ទុកអ្នកប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមច្បាប់ក្នុងសង្គមប្រជាធិបតេយ្យនោះ ថាជាអ្នកបង្កអសន្តិសុខ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម និងចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិ ថាជាអ្នកញុះញង់ឲ្យជាដើម។ ការពិត គឺការមិនផ្តល់យុត្តិធម៌សង្គមដល់ប្រជាពលរដ្ឋទូទៅពីសំណាក់មន្ត្រីដែលចេះតែលើកជើងមេរបស់ខ្លួននេះហើយ ដែលអាចបង្កអោយមានការខកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយដែលនាំអោយមានការតវ៉ា និងបាតុកម្មមិនឈប់ឈរនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទូទាំងប្រទេស
- សង្គមស៊ីវិលហៅប្រតិកម្មរបស់លោក សុខ អាន ថាជាចរិតមិនទទួលស្គាល់ការពិត
- មន្ត្រីបក្សសង្គ្រោះជាតិថានឹងបន្តចុះជួបម្ចាស់ឆ្នោតតាមមូលដ្ឋានទោះរងការគំរាម
- អនុរដ្ឋមន្ត្រីចក្រភពអង់គ្លេសមកទស្សនកិច្ចកម្ពុជាចុងខែមករា
- ទស្សនៈអ្នកគាំទ្របក្សធំៗទាំងពីរចំពោះការប្រមូលឱ្យជួបជុំគ្នានៅខេត្តកំពង់ធំ
- អ្នកវិភាគរិះគន់យុទ្ធសាស្ត្រ “យកបន្លាជោះបន្លា” របស់លោក ហ៊ុន សែន
- កម្ពុជាបដិសេធថាមិនពាក់ព័ន្ធការបាញ់សម្លាប់មេបាតុករថៃ
- លោក កឹម សុខា ថ្លែងសុន្ទរកថាទាំងប្រញាប់ប្រញាល់នៅកំពង់ធំ
- មនុស្សជាង១០នាក់របួសក្នុងពេលប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យ
នរណាមានទ័ព អ្នកហ្នឹងជាច្បាប់!!!
ស្តាប់ហើយគិតផង
http://www.youtube.com/watch?v=w-n2SveTvXo
http://www.youtube.com/watch?v=1tN9Zudy_BI
http://www.youtube.com/watch?v=2c-GYPGM470
http://www.youtube.com/watch?v=_QYMmJcYCPk
កាលទៅរៀន ទៅហត្ថលុតដំខ្លួនជាមួយពូ សៅ សុខា មេប៉េអឹមកងអាវុធហត្ថ
ធ្លាប់ស្បថសច្ចាថា មករៀនមកហត្ថដើម្បីជួយជាតិ ជួយប្រជាជនឱ្យផុតទុក្ខលំបាក
ដល់ពេលរៀនចប់ ក្បត់គ្រូបាអាចារ្យ មកធ្វើសត្វឆ្កែស្លៀកពាក់ឯកសណ្ឋានប៉េអឹម
កងអាវុធហត្ថ ប៉ូលិសឆ្កួតជ្រូក ក្បត់ពាក្យសំបថខ្លួន ដេញវាយប្រជាជន លោកសង្ឃ
លែងស្គាល់ខុសត្រូវ ស្ដាប់តេជោទមិឡ បង្អៅតាមចិត្ត ក្បត់ម៉ែក្បត់ឪ ក្បត់ដូនតា មីងមា
បងប្អូន អុំក្មួយ សាច់សាលោហិត ដែលធ្លាប់តែអួតប្រាប់ថា មកធ្វើប៉ូលិស មកធ្វើកងអាវុធហត្ថ
ដើម្បីជួយជាតិមាតុភូមិ និងប្រជាជនទន់ជ្រាយ ឥឡូវក្បត់ទាំងឯកសណ្ឋាន ដែលខ្លួន
ស្លៀកពាក់ឱ្យប្រជាជនគោរព ជាប៉េអឹម ជាប៉ូលិស ជាកងទ័ពថែមទៀត មកដេញវាយ
ដេញបាញ់ប្រជាជនទន់ជ្រាយ លោកសង្ឃ អ្នកកាសែត នៅឈរបាតុកម្មអហិង្សាស្ងៀមៗ
មិនហ៊ានតបតនិងខ្លួនដែលមានឯកសណ្ឋានជាប៉េអឹម ប៉ូលិស កងទព័ ទៅវិញ
ថោកទាបណាស់ៗ អាងតែប្រជាជនគោរពឯកសណ្ឋានខ្លួន ខំវាយសំពងគាត់តាមចិត្ត
មិនជឿអត់ឯកសណ្ឋាន ប៉េអឹម ប៉ូលិស កងទ័ព សាកមើល បើមិនប្រជាជនវាយទ្រោមខ្លួន
ដូចអាមួយទៅបន្លំខ្លួនកាលគ្រូៗបង្រៀនធ្វើបាតុកម្មកាលលើកមុនចឹង
វាយអ្ហែងស្រាតខោស្រាតអាវទ្រោមខ្លួនតែឥឡូវហ្នឹង !!!
ខ្ញុំរិះគន់នេះតែពួកប៉ូលិស ប៉េអឹមកងអាវុធហត្ថ កងទព័ ធ្វើខុសច្បាប់នៅក្នុងក្រុងទេ !
ចំពោះកងទ័ព អស់លោកអ្នកមានគុណ នៅការពារព្រំដែនវាយខ្មាំងសត្រូវ ដេកហាលភ្លៀង
ហាលមូស មិនបានធ្វើខុស ខ្ញុំសូមគោរពអស់ពីឌួងចិត្ត និងសូមជូនពរអស់លោកអ្នក
មានសុខភាពល្អគ្រប់ៗគ្នា មានជ័យជំនះលើអស់ខ្មាំងសត្រូវឈ្លានពានគ្រប់ពេលវេលា !
សូមអស់លោកកងប្រដាប់អាវុធទាំងអស់មេត្តាពិចារណារឡើងវិញកុំលើកអាវុធប្រហារជនស្លូតត្រង់ខ្មែរដែលជាឈាមជរ៏ដូចគ្នាឫមួយអស់លោក១ចំនួនជាមនុស្សអគត្តិដូចហ៊ុនសែនដែរ។
ជយោ ថ្ងៃ ៧មករា!!!