ព្រះកាយ​ច័ន្ទ ជំនួស នី មុនីនាថ

Thursday, 30 January
2014 ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

140130_20a

តារា​សម្តែង​នាង នី មុនីនាថ ត្រូវ​ជំនួស​ដោយ ព្រះ​កាយ ច័ន្ទ​ ក្នុង​រឿង​ភាគ សន្យា​ស្នេហ៍។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ទន្ទឹម​នឹង​វត្តមាន​តួឯកស្រី​នាង នី មុនីនាថ ត្រូវ​ដើរ​ចេញ​ទៅ​សម្តែង​នៅ​ទឹកដី​អាមេរិក​នោះ ខ្សែភាពយន្ត​ភាគ​ខ្នាត​ធំ​រឿង សន្យា​ស្នេហ៍ ដែល​កំពុង​ចាក់​បញ្ចាំង​នៅក្នុង​កញ្ចក់​ទូរទស្សន៍ My TV នោះ ក៏​ត្រូវ​ផ្អាក​ការ​ចាក់​បញ្ចាំង​មួយ​រយៈ​ផង​ដែរ។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ផលិត​រឿង អះអាង​ថា ការ​ផ្អាក​ចាក់​បញ្ចាំង​នេះ មិនមែន​មកពី​ផលិតកម្ម​ខ្វះ​តួសម្តែង ឬ​រង់ចាំ នី មុនីនាថ វិល​មក​វិញ​នោះ​ទេ។

លោក ជុំ ច័ន្ទដន អ្នក​ដឹកនាំ​រឿង​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ និង​ជា​អ្នក​ដឹកនាំ​រឿង​សន្យា​ស្នេហ៍​នេះ បាន​ប្រាប់​ថា៖​«ខ្សែភាពយន្ត​ភាគ​រឿង សន្យាស្នេហ៍ ដែល​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ My TV បើ​និយាយ​ទៅ​រឿង​នេះ​វា​មាន​ច្រើន​ភាគ ដល់​ទៅ​ជិត​២០០​ភាគ​ឯណោះ។ ពេល​នេះ​ផលិតកម្ម​ដំណើរការ​ផលិត​បាន​ជាង​១៧០​ភាគ​ហើយ ហើយ​ចំណែកឯ​ការ​ចាក់​បញ្ចាំង​វិញ​បាន​ចំនួន​៩៩​ភាគ​ហើយ​ដែរ»។ លោក​បន្ត​ថា៖​«រឿង​នេះ​យើង​ផលិត​បណ្តើរ​ចាក់​បញ្ចាំង​បណ្តើរ ហើយ​ពេល​នេះ​ដ្បិត​ថា នី មុន្នីនាថ ដែល​ជា​តួឯកស្រី​ធំ​ក្នុង​រឿង​នេះ គាត់​ត្រូវ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ក៏​ដោយ តែ​វា​មិន​មាន​ផលប៉ះពាល់​ដល់​ផលិតកម្ម​ដែរ ព្រោះ​កាលពី​យើង​ហៅ​គាត់​ដំបូង គាត់​ក៏​បាន​ប្រាប់​មក​ផលិតកម្ម​ដែរ​ថា នាង​នឹង​មាន​ដំណើរ​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ដូចនេះ​ផលិតកម្ម​ក៏​បាន​ដឹង​មុន ហើយ​ពេល​នេះ​ផលិតកម្ម​ក៏​បាន​រក​តួ​មក​សម្តែង​ជំនួស កញ្ញា នី មុន្នីនាថ បាន​ហើយ​ដែរ»។

លោក ជុំ ច័ន្ទឌន បាន​បញ្ជាក់​ថា៖​«វត្តមាន​តួឯកស្រី​ក្នុង​រឿង សន្យាស្នេហ៍ ដែល​មក​ជំនួស កញ្ញា នី មុន្នីនាថ នោះ គឺ​កញ្ញា ព្រះកាយ ច័ន្ទ ។ នាង​ក៏​មាន​ទេពកោសល្យ​សម្តែង​មិន​ចាញ់ អានាថ ដែរ ហើយ​ពេល​នេះ​នាង​ក៏​បាន​មក​ថត​បាន​ច្រើន​ភាគ​ហើយ​ដែរ​»។

យ៉ាងណា​ក៏ដោយ លោក ជុំ ច័ន្ទដន អះអាង​ថា ការ​ផ្លាស់ប្តូរ​តួ​នៅ​កណ្តាល​ទី​នោះ​វា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ឡើយ សម្រាប់​ពេល​នេះ ព្រោះ​ឈុត​សម្តែង​របស់​តួស្រី​កាលពី​វគ្គ​មុន​នេះ ក៏​មិន​ទាន​ចាក់បញ្ចាំង​អស់ ហើយ​តួ​ថ្មី ព្រះកាយ ច័ន្ទ ក៏​មិន​ទាន់​ចេញ​ដែរ​។ លោក​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖​«វា​មិនមាន​អ្វី​ប្លែក​ទេ ក្នុង​ការ​ផ្លាស់ប្តូរ​តួ​គ្រា​ដែល​រឿង​កំពុង​តែ​ផលិត​នោះ បើ​សូម្បី​តែ​កុន​បរទេស​មួយ​ចំនួន​ក៏​មាន​ដែរ។ ព័ត៌មាន​មិន​គួរណា​ពញ្ញាក់​អារម្មណ៍​អ្នក​ទស្សនា​ពេល​នេះ​ទេ រឿង​នេះ​ផ្លាស់ប្តូរ​នេះ​ខ្ញុំ​គិត​ថា អ្នក​ទស្សនា​មិន​ទាន់​ដឹង​ទេ ព្រោះ​រឿង​នេះ​ទម្រាំ​ដល់​វគ្គ​តួអង្គ ព្រះកាយ ច័ន្ទ ចេញ​ប្រហែល​ជា​២​ឆ្នាំ​ទៀត​ឯណោះ​»។ ប៉ុន្តែ​លោក ជុំ ច័ន្ទដន ក៏​បញ្ជាក់​ដែរ​ថា៖​«រឿង សន្យាស្នេហ៍ ត្រូវ​ផ្អាក​ការ​ចាក់​បញ្ចាំង​ប្រហែល​ជា​៣​ទៅ​៤​ខែ​នេះ គឺ​បណ្តាល​មកពី​ខាង​ផលិតកម្ម កាត់​ត​បញ្ជូន​ទៅ​ទូរទស្សន៍​មិន​ទាន់ មិនមែន​មកពី​រឿង​ផ្លាស់ប្តូរ​តួឯកស្រី​ទេ​»។

ជា​រឿង​ភ្ញាក់ផ្អើល​មួយ ដែល​ខ្សែ​រឿង «​សន្យាស្នេហ៍​» ដែល​អ្នក​ទស្សនា​កំពុង​ជាប់​ចិត្ត​ដិត​អារម្មណ៍ និង​តាមដាន​នោះ បែរ​ជា​ត្រូវ​ផ្អាក​ការ​ចាក់​បញ្ជាំង​ទៅ​វិញ​នេះ ដោយ​រង់ចាំ​ការ​ទស្សនា​បន្ត​ដល់​ទៅ​ជិត​កន្លះ​ឆ្នាំ​ទៀត​នោះ ។ ប៉ុន្តែ​យ៉ាង​ណា អ្នក​ដឹកនាំ​រឿង​នេះ​អះអាង​ថា៖​«​ជា​លើក​ទី​១​ហើយ ដែល​ខ្សែ​រឿងភាគ​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ កំពុង​ដាក់​បញ្ចាំង​ឲ្យ​ទស្សនា​ជា​ប្រចាំ ស្រាប់តែ​ត្រូវ​ប្ដូរ​តួឯកស្រី​ចោល និង​ត្រូវ​ផ្អាក​ការ​ចាក់​បញ្ចាំង​ទៀត​នោះ​។ តែ​រក្សា​សាច់រឿង និង​ឆ្អឹង​រឿង​ឲ្យ​នៅ​ដដែល»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ព្រះកាយ ច័ន្ទ ឲ្យ​ដឹង​ថា៖​«ដ្បិតតែ​ខ្ញុំ​មិន​ទាន់​ដឹង​សាច់​រឿង​ក្បោះក្បាយ ដែល​ត្រូវ​សម្ដែង​បន្ត ប៉ុន្តែ​ខាង​ផលិតករ​បាន​ប្រាប់​ច្បាស់​ថា ខ្ញុំ​គឺ​សម្ដែង​តាម​លំនាំ​តួ​នី មុន្នីនាថ សុទ្ធសាធ ដោយ​សូម្បីតែ​អត្តចរិក​ក្នុង​រឿង ក៏​ត្រូវ​សម្ដែង​ឲ្យ​ដូច​គ្នា​បេះបិទ​នោះ​ដែរ​»។ ជាមួយ​ការ​ចូល​ខ្លួន​មក​ជំនួស​កាយវិការ​តារា​ល្បី​នោះ កញ្ញា​ព្រះ កាយ ច័ន្ទ បាន​ចាត់​ទុក​ថា​ជា​រឿង​ដ៏​ល្អ​ណាស់​សម្រាប់​នាង៕


What Next?

Recent Articles