ស្ថាប័ន​រដ្ឋ​និង​គ្រឹះស្ថាន​អប់រំ​ខ្លះ​បិទ​ទ្វារ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម

គ្រឹះស្ថាន​អប់រំ​និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន បាន​បិទ​ទ្វារ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​​-វៀតណាម ឆ្នាំ​នេះ។ បញ្ហា​នេះ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា រដ្ឋាភិបាល​មិន​បាន​ប្រកាស​ឲ្យ​អ្នក​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ឈប់​សម្រាក​ទេ។ ប៉ុន្តែ​បាន​បើក​ទូលាយ​ដល់​អ្នក​មាន​ជំនឿ​សាសនា​ផ្សេងៗ ដោយ​មិន​មាន​ការ​ហាម​ឃាត់។

ដោយ ដែន អយុធ្យា
2014-01-30
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផ្សារ​ថ្មី ចូល​ឆ្នាំ​ចិន ៦១០
ទិដ្ឋភាព​នៅ​ផ្សារ​ថ្មី​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៤។ RFA/Den Ayuthyea

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មករា រិះគន់​ការ​បិទ​ទ្វារ​សាលា ឬ​ក៏​គ្រឹះស្ថាន​អប់រំ និង​ស្ថាប័ន​រដ្ឋ​ខ្លះ មិន​មាន​មនុស្ស​ធ្វើការ។ លោក​ថា បញ្ហា​នេះ​ដោយសារ​តែ​ការ​​​​គ្រប់គ្រង​តាម​ស្ថាប័ន​នានា ឬ​ថ្នាក់ដឹកនាំ​​​រដ្ឋាភិបាល​មិន​មាន​សមត្ថភាព។ លោក​ថា បញ្ហា​នេះ​នឹង​អាច​នាំ​ឲ្យ​​ក្លាយ​​​ជា​ទម្លាប់​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា និង​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​អប់រំ​នៅ​ថ្ងៃ​អនាគត ព្រោះ​រឿង​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ។

លោក រ៉ុង ឈុន ថ្លែង​ថា តាម​ការ​សង្កេត​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ឃើញ​មាន​គ្រឹះស្ថាន​អប់រំ​និង​ស្ថាប័ន​រដ្ឋ​ខ្លះ​បាន​បិទ​ទ្វារ​មិន​ដំណើរ​ការ ដោយសារ​តែ​មិន​មាន​មនុស្ស​មក​ធ្វើ​ការ ឬ​គ្មាន​សិស្ស​មក​រៀន​ជាដើម។

ស្រដៀង​គ្នា​ដែរ សម្រាប់​លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ​និង​ជា​សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​​​ខេមរៈ យល់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ឆាប់​ទទួល​ឥទ្ធិពល​ពី​បរទេស និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​វប្បធម៌​ហូរ​ចូល​ពី​បរទេស។ លោក​ថ្លែង​ថា សព្វថ្ងៃ​នេះ ទោះ​បី​ស្ថាប័ន​រដ្ឋ ឬ​គ្រឹះស្ថាន​អប់រំ​ និង​ផ្នែក​ឯកជន​ផ្សេង​ទៀត បាន​បើក​ទ្វារ​ដំណើរ​ការ​ជា​ធម្មតា​បែប​ណា​ក្តី ក៏​ប៉ុន្តែ​មិន​មាន​មនុស្ស​មក​ធ្វើ​ការ ឬ​ក៏​សិស្ស​សាលា និង​គ្រូ​មក​បង្រៀន ឬ​រៀន​ទេ។

លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា លំហូរ​ចូល​នៃ​វប្បធម៌​បរទេស​នៅ​ក្នុង​សង្គម​កម្ពុជា សព្វ​ថ្ងៃ​នេះ ទំនង​ជា​មិន​អាច​​ទប់ស្កាត់​បាន​ទេ។ ព្រោះ​ថា សូម្បី​តែ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឯកជន​​ផ្សេងៗ គឺ​ភាគ​ច្រើន អ្នក​ដឹកនាំ​បាន​ជាប់​សែស្រឡាយ​កាត់​ចិន ឬ​វៀតណាម។

​លោក​បណ្ឌិត សុខ ទូច បាន​លើក​យក​សាកលវិទ្យាល័យ​ខេមរៈ ដែល​លោក​គ្រប់គ្រង​សព្វថ្ងៃ គឺ​ថ្នាក់​ដឹកនាំ​សាលា​​​មិន​បាន​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន ឬ​សិស្ស​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម​ទេ ប៉ុន្តែ​គ្រូ​បង្រៀន​និង​សិស្ស មិន​បាន​មក​បង្រៀន ឬ​មក​រៀន​ទេ ជា​ហេតុ​​នាំ​ឲ្យ​សាលា​បិទ​ទ្វារ។

បញ្ហា​នេះ​ដែរ សម្រាប់​សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ឧត្ដម​សិក្សា​ដល់​ថ្នាក់​បឋម ភាគ​ច្រើន​បាន​ថ្លែង​ថា ពួកគេ​បាន​​សុំ​ច្បាប់​សាលា​មិន​ទៅ​រៀន​ទេ ព្រោះ​ជាប់​រវល់​ធ្វើ​ពិធី​សែន​ព្រេន​ដល់​ដូនតា​ក្នុង​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ចិន ឬ​វៀតណាម ជាមួយ​ឪពុក​ម្ដាយ​របស់​ពួកគេ។

ចំណែក​បុគ្គលិក​បម្រើការ​នៅ​តាម​ក្រុមហ៊ុន ឬ​រោងចក្រ​ខ្លះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ត្រូវ​បាន​ថៅកែ ឬ​ប្រធាន​ក្រុមហ៊ុន​របស់​ខ្លួន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ដោយ​​មិន​ចាំ​បាច់​សុំ​ច្បាប់​ទេ។

​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បិទ​ទ្វារ​គ្រឹះស្ថាន​អប់រំ ទាំង​ឯកជន និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា។ ប៉ុន្តែ​​សម្រាប់​លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​​​​បើក​ទូលាយ​ជូន​ប្រជាពលរដ្ឋ​នូវ​ការ​គោរព ឬ​ប្រតិបត្តិ​ជំនឿ​សាសនា​ផ្សេងៗ។ ទោះ​យ៉ាង​ណា ជា​រៀង​រាល់​ឆ្នាំ​នៅ​​ក្នុង​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ចិន ឬ​វៀតណាម រដ្ឋាភិបាល​មិន​បាន​ប្រកាស​ឲ្យ​ស្ថាប័ន​រដ្ឋ​នានា​ឈប់​សម្រាក​​ទេ។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ខ្លះ​មើល​ឃើញ​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម ក្នុង​​ទសវត្ស​ចុង​ក្រោយ​នេះ មាន​ស្ថាប័ន​រដ្ឋ ឬ​គ្រឹះស្ថាន​អប់រំ​​ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ បាន​បិទ​ទ្វារ​មិន​ដំណើរការ ដោយសារ​តែ​មិន​មាន​មនុស្ស​ទៅ​ធ្វើការ ឬ​មិន​មាន​សិស្ស​ទៅ​រៀន​ជាដើម។ ប៉ុន្តែ​បញ្ហា​នេះ​មិន​មាន​ប្រតិកម្ម​ណា​មួយ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។




What Next?

Recent Articles

3 Responses to "ស្ថាប័ន​រដ្ឋ​និង​គ្រឹះស្ថាន​អប់រំ​ខ្លះ​បិទ​ទ្វារ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម"

  1. crazyman says:

    Next is to have vietnamese and chinese flags flying at king palace, national assembly, and pm office during chinese and vn new year. This way is more completed picture of cambodia today and future looks like

  2. Vichhai says:

    មិនមែនជាប្រពែណីខ្មែរទេ។
    ខ្ញុំសង្កេតឃើញ ប្រជាជនខ្មែរ
    ភាគច្រើនទាំង ទីក្រុង និងជនបទ
    នាំគ្នាអបអរសារទរចូលឆ្នាំចិន
    នាំអោយទំនិញឡើងថ្លៃ និង
    ធ្វើអោយប្រពៃណី វប្បធម៌
    របស់ខ្លួនធ្លាក់ចុះខ្សោយ​ ។

  3. Vichhai says:

    មួយទៀត រឿងសំលៀកបំពាក់
    ស្តាយដេលហូរចូលពីប្រទេសគេ
    ស៊ិចស៊ី​ កប់ក្រលៀន ខ្លះដូចស្លៀកលីអូ
    សឹងតែមិនពាក់អាវ…តើនឹងវាជា
    ប្រពៃណីខ្មែរឬ ?