ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ថ្ងៃទី១ នៅរាជធានីភ្នំពេញ យើងសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ខណៈដែលអ្នកមានសែស្រឡាយចិន និងវៀតណាម ដែលធ្វើពិធីសែនព្រេនខ្លះមានមតិថា ការសែនឆ្នាំនេះហាក់មិនសូវពេញលេញ ហើយអ្នកខ្លះទៀតថាជាករណីធម្មតា។
ដោយ ឡេង ម៉ាលី
2014-01-30
RFA

ពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញ រៀបចំសែនដូនតាពេលបុណ្យចូលឆ្នាំចិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១២។ RFA/Vohar Cheath
គ្រួសារកូនចៅចិន ខ្លះបានត្អូញថា ការសែនព្រេនកុងម៉ាក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំនេះ ហាក់មិនបានពេញលេញ ព្រោះអាជ្ញាធរហាមមិនឱ្យអុជផាវ។
សមាជិកគ្រួសារកូនចៅចិន មួយរូប នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក រស់ ហៃ មានប្រសាសន៍ថា ការអុជផាវក្នុងពិធីបុណ្យចូលឆ្នាំចិន ក៏មានសារសំខាន់ដែរ ព្រោះជាប្រពៃណី។ លោកជឿថា សំឡេងផាវដេញឧបទ្រពចង្រៃឆ្នាំចាស់ចេញពីផ្ទះឱ្យអស់ ហើយនាំជោគលាភ សិរីសួស្ដីចូលមកវិញ។ លោកបន្តថា ការសែនព្រេនរបស់លោកឆ្នាំនេះ មិនសូវពេញចិត្ត៖ «ការដុតផាវសំខាន់ណាស់ដែរ។ ពេលគេហាមអ៊ីចឹង យើងមិនអាចដុតបាន។ វាមិនពេញចិត្តពេញថ្លើម ដែលពេលសែនម្ដងៗ គេហាមមិនឱ្យដុត វាមិនសូវល្អឱ្យពេញលេញ។ បើបានដុតទៅ វាបានសប្បាយដែរ ដូចដេញបិសាចចេញពីភូមិពីផ្ទះសម្បែងយើងអ៊ីចឹងសំឡេងផាវ»។
ទាក់ទងនឹងការអុជផាវ និងកាំជ្រួច ឬការបង្កសំឡេងផ្ទុះផ្សេងៗក្នុងពេលបុណ្យចូលឆ្នាំចិន ត្រូវបានសាលារាជធានីភ្នំពេញ ចេញបម្រាមមួយកាលពីថ្ងៃទី១៧ មករា ក្នុងគោលដៅរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ រាល់ការហែក្បួនផ្សេងៗ ទាំងតាមបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
សាលារាជធានីភ្នំពេញ ក៏បានណែនាំឱ្យគ្រប់ក្រសួងមន្ទីរទាំងអស់ ចាត់វិធានការម៉ឺងម៉ាត់ចំពោះបម្រាមនេះ ហើយចាត់វិធានការច្បាប់ចំពោះជនណាបំពានបម្រាមនេះ។ បម្រាមរបស់សាលារាជធានីភ្នំពេញ បានចេញបន្ទាប់ពីការបង្ក្រាបបាតុកម្មដោយបង្ហូរឈាមកាលពីដើមខែ។ ទោះជាមានការមិនចិត្តខ្លះមិនពេញចិត្តនឹងបម្រាមដុតផាវក្ដី ក៏មានមតិខ្លះទៀត និយាយថា ជាការធម្មតា។
លោកស្រី ជុំ ឆេងលាង ថ្លែងថា សម្រាប់អ្នកដែលជនជាតិចិន មែនទែន និងធូរធារ គួរតែមានដុតផាវ។ ប៉ុន្តែ ចំពោះលោកស្រីដែលជាខ្មែរកាត់ចិន សាមញ្ញ មិនជាបញ្ហាអ្វីទេ រឿងហាមអុជផាវនេះ ក៏ប៉ុន្តែ រឿងសំខាន់សម្រាប់លោកស្រី គឺបញ្ហាទំនិញឡើងថ្លៃ៖ «គ្រាន់តែរបស់របរហ្នឹងវាឡើង ឡើងច្រើន។ ទាំងអស់ ទាំងបន្លែសាច់មាន់អីហ្នឹង ឡើងតែម្ដង។ វាមិនដូចមុនទេ កាលមុនវាធូរថ្លៃ។ ធ្លាប់ធ្វើអស់តែពីររយ វាឡើងដល់បីរយអីអ៊ីចឹងទៅ។ ឆ្នាំហ្នឹងវាឡើងអ៊ីចឹង។ ទាំងពីក្រដាសសែនអីឡើងទាំងអស់ហ្នឹង។ ហ្នឹងធ្វើសង្ខេបហើយ ពីរបីរយអីមិនបានធំដុំអីទេ គិតទៅ… បើធំដុំទៀតទៅវាច្រើនទៀតទៅ។ គេអ្នកមាន គេច្រើនជាងយើងទៀតទៅ អាហ្នឹងអ៊ីចឹង»។
ស្រដៀងគ្នានេះដែរ សមាជិកគ្រួសារកាត់ចិន មួយរូបទៀត គឺលោក តាំង ហួយ អាយុ ៧១ឆ្នាំ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្លែងថា ការសែនព្រេនចូលឆ្នាំចិន របស់គ្រួសារលោកនៅឆ្នាំនេះ ប្រព្រឹត្តទៅជាធម្មតាដូចរាល់ឆ្នាំ៖ «ឱ្យតែចូលឆ្នាំសែនទាំងអស់គ្នា កុងម៉ាជីដូនជីតា។ រាល់ឆ្នាំ អត់មានឱ្យខានទេ។ អត់សែនឮចាស់ៗថា រកស៊ីមិនកាក់កប។ ចាស់ៗនិយាយចេះតែធ្វើទៅ។ ឥឡូវអស់ពីចាស់ហើយ កូនហ្នឹងចេះតែតៗទៅ។ ចេះតែឱ្យបានតទៅ។ ឆ្នាំនេះបានស្ងប់ស្ងាត់ ហើយបានបន្លែវាថោក។ ប៉ុន្តែថ្លៃ ថ្លៃផ្លែឈើវិញ»។
យ៉ាងណាក្ដី ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ថ្ងៃទី១ នៅរាជធានីភ្នំពេញ ថ្ងៃទី៣០ មករា នេះ យើងសង្កេតឃើញថា បានប្រព្រឹត្តទៅជាធម្មតា បើទោះជាមានសភាពស្ងប់ស្ងាត់ ព្រោះតែមិនមានអុជផាវ ឬកាំជ្រួចដូចឆ្នាំមុនៗក៏ដោយ។ ក្នុងថ្ងៃនេះ ក៏ឃើញមានក្រុមរាំមុងសាយជាច្រើនក្រុម នៃសមាគមចិន បានទៅសម្ដែងនៅខាងមុខព្រះបរមរាជវាំង និងស្ថានទូតចិន ប្រចាំកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្រុងភ្នំពេញហាមការហែក្បួនអបអរពេលចូលឆ្នាំចិន
- មន្ត្រី៖ សន្តិសុខពេលចូលឆ្នាំមានភាពល្អប្រសើរ
- អ្នកអន្លង់រមៀតឈប់រាំលក់ផ្កា
- ពិធីស្រង់ព្រះ
- ខ្មែរនៅអាមេរិកប្រារព្ធពិធីបុណ្យចូលឆ្នាំ
- សេចក្ដីរាយការណ៍នានានៅថ្ងៃចូលឆ្នាំទី២
- ខ្មែរនៅថៃចោទអាជ្ញាធរព្រំដែនជំរិតទារលុយពេលឆ្លងចូលមកស្រុក
- ការប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ជនជាតិឡាវនៅស្ទឹងត្រែងនិងរតនគិរី
- ជោគជតារាសីឆ្នាំទាំង១២ក្នុងឆ្នាំថ្មីឆ្នាំម្សាញ់