​អង្គការ​សង្គម​ស៊ីវិល និង​បក្សប្រឆាំង​៖ កំណែទម្រង់​ការបោះឆ្នោត នឹង​មិន​មាន​ប្រសិទ្ធភាព បើ​គ្មាន​ការចូលរួម​ពី​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​

>ដោយ៖​ ជន ស្រីណុច​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

​អង្គការ​សង្គម​ស៊ីវិល និង​បក្សប្រឆាំង លើកឡើងថា ការបង្កើត​គណៈកម្មាកា​រ​កែ​ទម្រង់​ការ​បោះឆ្នោត ដែល​រៀបចំឡើង​ដោយ​បក្ស​កាន់អំណាច នឹង​មិន​មាន​ប្រសិទ្ធភាព ប្រសិនបើ​ការបង្កើត​ក្រុម​ការងារ​នេះ​ធ្វើឡើង​ដោយ​ឯក​បក្ស​នោះ​។​

សេចក្តីសម្រេច​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះផ្សាយនៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៣ បានតែងតាំងរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ប្រធាន​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ការកែទម្រង់​ការបោះឆ្នោត​។​

នាយក​ប្រតិបត្តិ​គណៈកម្មការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការបង្កើត​ក្រុម​ការងារ​សិក្សា​ពី​ការបោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ជា​យន្តការ​រួម​មួយ​សម្រាប់​ដោះស្រាយ​ទេ ដោយ​បក្ស​នេះ គ្រាន់តែ​អញ្ជើញ​សង្គម​ស៊ីវិល ឬ​បក្សប្រឆាំង​ឲ្យចូល​រួម​ក្នុង​សិក្ខា​សិលា និង​ដាក់​យោបល់​តែប៉ុណ្ណោះ គឺ​មិន​អាច​ចូលរួម​សម្រេច​បាន​ទេ​។ លោក​បន្តថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​បែប​នេះ គឺ​គ្រាន់តែ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ តែ​មិន​អាច​មាន​ប្រសិទ្ធភាព​ឡើយ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការបង្កើត​គណៈកម្មកា​រ​នេះ​មិន​មាន​អ្វី​ចម្លែក​នោះទេ គឺ​គ្រាន់តែ​ធ្វើ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ ឬ​អន្តរជាតិ​តែប៉ុណ្ណោះ។ លោក​បន្តថា ការបង្កើត​នេះ​គឺ​មិន​មាន​ប្រយោជន៍​ទេ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​កិច្ចការ​នេះ​តាំងតែ​ពី​ដើម ធ្វើ​ដោយ​មិន​ត្រូវការ​មតិយោបល់​ពី​សាធារណៈជន ឬ​បក្សប្រឆាំង បើទោះបី​ជាការ​ដំណើរការ​មាន​វិបត្តិ​ក៏​បក្ស​នេះ​នៅ​តែ​ធ្វើ​ដែរ។​

VOD​ មិនអាច​ទាក់ទង លោក ស ខេង ដែល​ត្រូវបាន​តែងតាំង ​ប្រធាន​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ការកែទម្រង់​ការបោះឆ្នោត​បានទេ​។ សមាសភាព​នៃ​គណៈកម្មការ​នេះ មាន​១០​រូប ក្នុងនោះ​៧​រូប​មកពី​ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក ស ខេង ជា​ប្រធាន មួយ​រូបមកពី​ក្រសួង​ពាណិជ្ជកម្ម មួយ​រូប​មកពី​ក្រសួង​យុត្តិធម៌ និង​មួយ​រូប​ទៀត​ជា​ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ដែលជា​អនុប្រធាន​គណៈកម្មការ​៕

សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles