អ្នករបួសចំនួន ១០នាក់ រៀបចំដាក់ពាក្យប្ដឹងអាជ្ញាធរក្រុងទៅតុលាការ ពាក់ព័ន្ធនឹងការប្រើកម្លាំងវាយដំពួកគេ។ ការរៀបចំបណ្ដឹងនេះ បានធ្វើឡើងក្រោយពីអាជ្ញាធរក្រុងភ្នំពេញវាយដំទៅលើអ្នកដំណើរ និងបាតុករ ខណៈតវ៉ាសុំដំឡើងប្រាក់ខែគោលកម្មករឲ្យបាន ១៦០ដុល្លារក្នុង១ខែផង សុំដោះលែងពលរដ្ឋ ២៣នាក់ផង និងសុំបង្កើតទូរទស្សន៍សំបុកឃ្មុំ និងបង្កើនកម្រិតផ្សាយបន្តរបស់វិទ្យុសំបុកឃ្មុំផង។
ដោយ អ៊ុក សាវបូរី
2014-01-31
RFA

បុរសម្នាក់ក្នុងចំណោមអ្នកផ្សេងមួយចំនួនទៀត រងរបួសក្នុងពេលកម្លាំងអាជ្ញាធរបង្ក្រាបការតវ៉ារបស់ក្រុមបាតុករលោក ម៉ម សូណង់ដូ នៅខាងមុខក្រសួងព័ត៌មាននៅព្រឹកថ្ងៃ២៧ មករា ឆ្នាំ២០១៤។ RFA/Van Vichar
ប្រជាពលរដ្ឋដែលរងរបួសដោយការបង្ក្រាបរបស់កងកម្លាំងអាជ្ញាធរ នៅទីសាធារណៈ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ កំពុងរៀបចំដាក់ពាក្យប្ដឹងអាជ្ញាធររាជធានីភ្នំពេញ។
យុវជនគណបក្សសង្គ្រោះជាតិ កញ្ញា ធី សុខា ហៅ ប៉ីប៉ីលី អាយុ ១៩ឆ្នាំ ដែលអ្នកខ្លះនិយមហៅគាត់ថា តារាហ្វេសប៊ុក (Facebook) ថ្លែងថា គាត់បានរងរបួស ២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៦ មករា នៅទីលានប្រជាធិបតេយ្យ និងថ្ងៃទី២៧ ខែមករា នៅតាមផ្លូវព្រះមុនីវង្ស ខណៈកំពុងថតរូបបាតុកម្ម។ កញ្ញានឹងដាក់ពាក្យប្ដឹងនៅសប្ដាហ៍ក្រោយ ដើម្បីឲ្យក្រុមអាជ្ញាធរយល់ពីសិទ្ធិរបស់ប្រជាពលរដ្ឋ កុំឲ្យវាយដំមនុស្សមិនរើសមុខ ដូចមានគំនុំនឹងគ្នាតទៅទៀត។
កញ្ញាបន្តថា សូម្បីតែអ្នកឈរមើល និងអ្នកធ្វើដំណើរឆ្លងកាត់សកម្មភាពបាតុកម្ម ក៏ក្រុមអាជ្ញាធរប្រើហិង្សាចាប់គេវាយដំមិនប្រណី ឬមិនគិតគូរ៖ «ថ្ងៃ២៦ ក្មួយត្រូវមួយសា សមត្ថកិច្ចគាត់យកដំបងយកមកបុកពោះខ្ញុំ ចុកដកដង្ហើមអត់ចង់រួចទេ។ ថ្ងៃទី២៧ គាត់បានយកដំបងដដែល មកវ៉ៃចំក្បាលខ្ញុំពីក្រោយ និងយកជើងមកទាត់ ២-៣ជើង ហើយគប់គ្រាប់បែកផ្សែងមកលើ»។
លោក យឿន សុខនី អាយុ ៣៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បានថ្លែងថា គាត់កំពុងរៀបចំឯកសារប្ដឹងអាជ្ញាធរក្រុងភ្នំពេញ ដែលប្រើហិង្សាវាយគាត់ឲ្យរបួសក្បាលដេរច្រើនថ្នេរ កាលពីថ្ងៃទី២៧ ខែមករា។ លោកថា គាត់ខានទៅរត់ឌុប ៥ថ្ងៃ ដោយសារតែមុខរបួសមិនទាន់ជា។ លោករៀបរាប់ហេតុការណ៍ដែលធ្វើឲ្យគាត់របួសក្បាលដេរច្រើនថ្នេរថា កាលពីថ្ងៃទី២៧ ខែមករា នោះ លោកបានឌុបស្ត្រីម្នាក់ចេញពីស្ពានជ្រោយចង្វា ទៅកាន់ផ្សារឌុយម៉ិច ដោយឆ្លងកាត់តាមផ្លូវព្រះមុនីវង្ស គឺចំពេលដែលមានបាតុកម្ម ហើយក៏ត្រូវអាជ្ញាធរដែលមានដំបង ព្រួតវាយរហូតបែកក្បាល៖ «គេហៅថាសន្តិសុខក្រុង ដែលមិនមានអត្តសញ្ញាណអ្វីទាល់តែសោះ ព្រមទាំងបុរសម្នាក់ហ្នឹង គាត់បញ្ជាឲ្យខ្ញុំចេញ។ ខ្ញុំគ្រាន់តែថយម៉ូតូចេញ គេចាប់ទាញកអាវខ្ញុំពីក្រោយ ខ្ញុំដួលម៉ូតូទៅលើជើង ហើយខ្ញុំរើមិនកើត ហើយគេវ៉ៃខ្ញុំពីក្រោយខ្នង ហើយគេទាញមួកការពារសុវត្ថិភាព ទាញចេញពីក្បាល ហើយវ៉ៃខ្ញុំពីក្រោយហ្នឹង ហើយនឹងវ៉ៃចុងក្រោយហ្នឹង វ៉ៃពីមុខ បានបែកក្បាលហូរឈាម។ ខ្ញុំនឹងដាក់ពាក្យប្ដឹង ព្រោះឥឡូវនេះខ្ញុំរង់ចាំឲ្យរបួសខ្ញុំវាប្រសើរឡើងបន្តិច បានខ្ញុំគិតគូររឿងហ្នឹង»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា អ្នករងរបួសដែលចង់ប្ដឹងពីសកម្មភាពអាជ្ញាធររាជធានីភ្នំពេញ រារាំងបាតុកម្ម ហើយធ្វើឲ្យពួកគាត់របួសនោះ បើគាត់ប្ដឹងទៅតុលាការជាការប្រសើរ ដើម្បីឲ្យតុលាការកាត់ក្តីតាមច្បាប់៖ «ព្រោះសម្រាប់ខាងផ្នែករាជធានីភ្នំពេញយើងនេះ យើងបានអនុវត្តនូវការពង្រឹងការអនុវត្តច្បាប់»។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា ក្នុងព្រឹត្តិការណ៍អាជ្ញាធរបង្ក្រាបបាតុកម្មនៅផ្លូវព្រះមុនីវង្ស មានអ្នករបួស ១០នាក់ ក្នុងនោះ ៦នាក់របួសធ្ងន់។ លោកថា សង្គមស៊ីវិលនឹងជួយផ្តល់មេធាវីការពារក្តីជូនប្រជាពលរដ្ឋស្លូតត្រង់ ដែលរងនូវអំពើហិង្សាពីសំណាក់អាជ្ញាធរ។ លោកបន្តថា ប្រទេសម្ចាស់ជំនួយជាច្រើនបានផ្តល់ថវិកាច្រើនលានដុល្លារក្នុង១ឆ្នាំៗ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តលទ្ធិប្រជាធិបតេយ្យ។ ផ្ទុយទៅវិញ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រើអំណាចផ្តាច់ការមកលើប្រជាពលរដ្ឋស្លូតត្រង់៖ «ជនរងគ្រោះគាត់មានសិទ្ធិប្ដឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ ហើយនេះជាការមួយដើម្បីទប់ស្កាត់កុំឲ្យរីករាលដាលនាំការប្រើប្រាស់នៃអំពើហិង្សានេះតទៅទៀត»។
កាលពីថ្ងៃទី២៦ ខែមករា សហជីពកម្មករចំនួន៩ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារ និងសុំដោះលែងពលរដ្ឋ ២៣នាក់ ដែលកំពុងជាប់ឃុំនៅខេត្តកំពង់ចាម។ នៅថ្ងៃទី២៧ ខែមករា ប្រជាពលរដ្ឋមកពីច្រើនខេត្ត បានធ្វើបាតុកម្មអហិង្សាសុំឲ្យក្រសួងព័ត៌មាន ផ្តល់ហ្រ្វេកង់ទូរទស្សន៍ និងបង្កើនកម្រិតផ្សាយបន្តទៅតាមខេត្តនានារបស់វិទ្យុសំបុកឃ្មុំ ហើយក្រុមអាជ្ញាធរក្រុងដែលមានទាំងឯកសណ្ឋាន ទាំងអ្នកស្លៀកពាក់សន្តិសុខ និងអ្នកស្លៀកពាក់ស៊ីវិល ប្រើហិង្សាមកលើប្រជាពលរដ្ឋមិនរើសមុខ មិនថាក្រុមបាតុករ អ្នកសារព័ត៌មាន ឬអ្នកឈរមើលព្រឹត្តិការណ៍នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- CCHR៖ កម្ពុជាជាប្រទេសដែលគ្រោះថ្នាក់ក្នុងការធ្វើជាអ្នកដឹកនាំសហជីព
- មេសហជីពសេរីកម្មករប្ដឹងស្នងការខេត្តកំពង់ស្ពឺពីបទធ្វើឲ្យខូចទ្រព្យសម្បត្តិសហជីព
- សាលាឧទ្ធរណ៍បើកសវនាការសំណុំរឿងសុំមនុស្ស២៣នាក់នៅក្រៅឃុំថ្ងៃ១១ កុម្ភៈ
- នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកកំចាយមារត្រូវមន្ត្រីក្រោមឱវាទបាញ់សម្លាប់
- សមាគមអ្នកកាសែតស្នើឲ្យសមត្ថកិច្ចបញ្ឈប់ការប្រើហិង្សាលើអ្នកសារព័ត៌មាន
- តុលាការកោះហៅមន្ត្រីកងរាជអាវុធហត្ថខ្លះទៅបំភ្លឺរឿងហិង្សានៅផ្លូវវ៉េងស្រេង
- ជនរងគ្រោះជំរុញឲ្យតុលាការពន្លឿននីតិវិធីលើករណីជនបរទេសបាញ់ឲ្យរបួស
- ជនជាប់ចោទម្នាក់ក្នុងចំណោម២៣នាក់ត្រូវបានបញ្ជូនមកគុកមាត់ឃ្មង់
- ធនាគារANZកំពុងជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីឲ្យលោក លីយ៉ុងផាត់ រកស៊ីមិនគប្បី
សូម ប្រជាពលរដ្ឋ ប្តឹង ពូក អាជនពាល ក្លែងខ្លួន ធ្វើ ជា សមត្ថកិច្ច មក វ៉ៃ ប្រជាពលរដ្ឋ គ្មានអាវុធ
យកមកកាត់ទោស !
កើតមកជាជាតិខ្មែរនិងគេដែរគួរអោយខ្មាស់គេណាស់ដែលជនថោកទាបដែលចូលចិត្តប្រើអំពើហិង្សារ លើជាតិសាសន៏ដូចគ្នាបែបនេះ នេះក៏មិនខុសពីរបបខ្មែរក្រហមដែរ ដែលពួកនោះបានសំលាប់ជាតិ សាសន៏ខ្លួន។ ដែលពលរដ្ឋ្ខខ្មែរទាំងអស់តែងតែស្អប់ខ្ពើម នេះហាក់បីដូចជាប្រវត្តិសាស្តជ្រាំដែលៗ ។