ខ្មែរ​កម្ពុជា​ក្រោម នឹង​តវ៉ា​ដើម្បី​ស្វែង​រក​អន្តរាគមន៍​នៅ ស្វីស

Friday, 31 January 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

140131_04

ព្រះ​សង្ឃ​កម្ពុជា​ក្រោម​ធ្វើ​ការ​តវ៉ា​នៅ​ទី​លាន​ប្រជា​ធិ​ប​តេយ្យ​​​។ ផា លីណា

ភ្នំពេញៈ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​មុខ​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នា​ទីក្រុង ហ្សឺណែ ប្រទេស ស្វ៊ីស នៅ​ថ្ងៃ ទី៥ ខែ កម្ភៈ ប្រឆាំង​នឹង​ការ​កាត់​ទោស​ពី​សំណាក់​អាជ្ញាធរ​ប្រទេស វៀតណាម ទៅ​លើ​ព្រះសង្ឃ ២ ព្រះអង្គ និង​ពុទ្ធ​បរិស័ទ ៦ នាក់​ដោយ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០ ខែ​ដល់ ៦ឆ្នាំ ដោយ​សារ​តែ​ទទូច​សង់​សាលារៀន​ក្នុង​វត្ត​ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​រៀន​អក្សសាស្ត្រ​ខ្មែរ។

លោក សឺន យឿង នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង អភិវឌ្ឍន៍ (KKKHRDA) បាន​ឲ្យ​ដឹង​ថា​ខាង​លោក​បាន​បញ្ជូន​បុគ្គលិក​ម្នាក់​ឲ្យ​ទៅ​ចូល​រួម​មហា​បាតុកម្ម​នោះ​ដោយ​សារ​តែ​ខាង​លោក​បាន​ស្វែង​រក​ការ​អន្តរាគមន៍​ជាច្រើន​លើក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា​ទៅ​ស្ថានទូត វៀតណាម ទៅ​ក្រសួង ការ​បរទេស ប៉ុន្តែ​ពុំ​បាន​ទទួល​លទ្ធិផល​អ្វី​ទេ។ លោក​ថា៖ «យើង​ស្វែង​រក​ការ​អន្តរាគមន៍​ពី​ក្រសួង ការ​បរទេស តែ​បែរ​ជា​គេ​ឆ្លើយ​តប​មក​វិញ​ថា​គាត់​គ្មាន​សិទ្ធិ​ទេ​ដោយ​សារ​តែ​វា​ជា​ផ្ទៃ​ក្នុង​របស់​ប្រទេស​នីមួយៗ គេ​ឆ្លើយ​បែប​នេះ​មើល​តែ​យើង​គ្មាន​ជាប់​សាច់​ឈាម​អី​នឹង​គ្នា​ជា​ខ្មែរ​សោះ»។

លោក​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្រុង ហ្សឺណែវ ប្រទេស ស្វ៊ីស គឺ​ដោយ​សារ​តែ​គេ​បាន​ប្រជុំ​នៅ​ទី​នោះ​ហើយ​ក៏​មាន វៀតណាម ចូល​រួម​ដែរ។ ម្យ៉ាង​ទៀត​ការ​ទាមទារ​នៅ​ខាង​ក្រៅ​នោះ​គឺ​គេ​មាន​សិទ្ធិ​សេរីភាព​ជាង។ លោក​ថា៖ «យើង​អស់​សង្ឃឹម​នៅ​ក្នុង​ស្រុក ទើប​យើង​ស្វែង​រក​ការ​អន្តរាគមន៍​ពី​ខាង​ក្រៅ»។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ដោយ​ហេតុ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ទុក្ខ​ជា​ទម្ងន់​ដោយ​សារ​តែ​តុលាការ នៃ​រដ្ឋ​អំណាច វៀតណាម បាន​កាត់​ទោស​ឲ្យ​ព្រះសង្ឃ ២ ព្រះអង្គ​និង​ពុទ្ធ​បរិស័ទ្ធ ៦ នាក់ ជាប់​គុក​ពី ១០ខែ ដល់ ៦ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​យល់​ថា​នេះ គឺជា​ទង្វើ​ដែល​អយុត្តិធម៌​បំផុត។ សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «កំហុស​របស់​ព្រះសង្ឃ​ដែល​ត្រូវ​ជាប់​គុក​រហូត​ដល់ ៦ឆ្នាំ នោះ​គឺ​ព្រះអង្គ​បាន​ទទូច​ឲ្យ​សាង​សង់​សាលារៀន​ក្នុង​វត្ត​ដើម្បី​បណ្តុះ​បណ្តាល​កូន​ខ្មែរ​ឲ្យ​ចេះ​អក្សរ​ខ្មែរ។ ករណី​នេះ​គឺជា​រឿង​អយុត្តិធម៌»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា រដ្ឋ​អំណាច វៀតណាម បាន​អនុវត្ត​ផ្ទុយ​នឹង​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ ហើយ វៀតណាម បាន​ចុះ​ហត្ថលេខា​ជាមួយ​អង្គការ​សហ​ប្រជាជាតិ តាំង​តែ​ពី​ថ្ងៃ ទី២៦ ខែ មករា ឆ្នាំ ១៩៩០ ដោយ​សន្យា​ថា​ត្រូវ​ផ្គត់ផ្គង់​អប់រំ​កុមារ​ជនជាតិ​ដើម​ឲ្យ​ស្រប​ទៅ​តាម​វប្បធម៌​អក្សរសាស្ត្រ និង​ភាសា​កំណើត​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រសួង ការ​បរទេស​កម្ពុជា បាន​ចេញ​លិខិត​មួយ​ច្បាប់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍។ លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ុច បូររិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង ការ​បរទេស បាន​បញ្ជាក់​ថា៖ «ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ប្រទេស វៀតណាម ជា​ពលរដ្ឋ​វៀតណាម​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​ច្បាប់ វៀតណាម»។

លិខិត​នេះ​បាន​សរសេរ​ថា ប្រទេស កម្ពុជា និង វៀតណាម ជា​ប្រទេស​មាន​អធិបតេយ្យ​រៀងៗ​ខ្លួន ហើយ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​គោល​នយោបាយ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ។ លិខិត​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា៖ «ក្រសួង ការ​បរទេស មាន​ការ​សោក​ស្តាយ​ដែល​មិន​អាច​ធ្វើ​អន្តរាគមន៍​ទៅ​លើ​អ្វី​ដែល​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់ វៀតណាម»។

សូម​រំឭក​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​បាន​អាណានិគម​បារាំង​កាត់​ទៅ​ឲ្យ វៀតណាម គ្រប់​គ្រង​នៅ​ឆ្នាំ ១៩៤៩ ជា​តំបន់​មួយ​នៅ​ដែន​ដី​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​សម្បូរ​ទៅ​ដោយ​វត្ត អារាម និង​ទំនៀម​ទម្លាប់​ប្រពៃណី​ដែល​បុព្វបុរាណ​ខ្មែរ ប៉ុន្តែ​បន្ទាប់​ពី​ទឹក​ដី​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល វៀតណាម មាន​ព័ត៌មាន​ជាច្រើន​បាន​ផ្សព្វ​ផ្សាយ​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រួម​ទាំង​ព្រះសង្ឃ​ត្រូវ​បាន​បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង៕


What Next?

Recent Articles