ដោយ៖ បូ សាវី
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រុមសកម្មជនដីធ្លីនៃសហគមន៍ខ្លាបក់ចំនួន១២រូប នៅស្រុកគូលេន ខេត្ដព្រះវិហារ ត្រូវបានតុលាការខេត្ដនេះ ចេញដីកាកោះឲ្យចូលបំភ្លឺ នៅថ្ងៃទី៣ ខែកុម្ភៈខាងមុខ ពីបទធ្វើឲ្យខូចខាតដោយចេតនា ដោយស្ថានទម្ងន់ទោស តាមបណ្ដឹងក្រុមហ៊ុន មួយឈ្មោះ ភី អេស ម៉ាឡេស៊ី នៅឃុំស្រយ៉ង់។
អនុប្រធានសហគមន៍ដីធ្លីខ្លាបក់ នៅឃុំស្រយ៉ង់ ស្រុកគូលេន លោក សែម ឡំ ប្រាប់VODនៅព្រឹកថ្ងៃសុក្រនេះថា តំណាងអយ្យការ អមសាលាដំបូង ខេត្ដព្រះវិហារ លោក សោ សាវុធ បានចេញដីកាកោះហៅសកម្មជនដីធ្លីចំនួន១២រូប ឲ្យទៅបំភ្លឺនៅថ្ងៃទី៣ខែកុម្ភៈ តាមបណ្ដឹងក្រុមហ៊ុនអេសភីម៉ាឡេស៊ី ពីបទធ្វើឲ្យខូចខាតដោយចេតនា ករណីពលរដ្ឋបំផ្លាញរបាំងបិទផ្លូវមិនឲ្យពួកគាត់ឆ្លងកាត់។ លោកបន្ដថា ការចេញដីកាកោះហៅនេះ មិនមានភាពយុត្ដិធម៌ឡើយ ព្រោះក្រុមហ៊ុនទៅវិញទេ ជាអ្នករំលោភយកដី និងបិទផ្លូវពលរដ្ឋមិនឲ្យឆ្លងកាត់ទៅស្រែចំការពួកគេ។
សកម្មជនដីធ្លីដែលតុលាការកោះ លោក សុត សៀត ឲ្យដឹងថា លោកនឹងទៅបំភ្លឺតាមការកោះរបស់តុលាការ ដោយមិនមានការព្រួយបារម្ភអ្វីឡើយ។ លោកបន្ដថា អាជ្ញាធរ ធ្លាប់បានសម្រួលឲ្យបើកផ្លូវដើរធម្មតាវិញ ប៉ុន្ដែក្រុមហ៊ុននៅតែដាក់បារាស់រាំងផ្លូវ ធ្វើដំណើររបស់ប្រជាពលរដ្ឋដដែល។
VOD មិនអាចទាក់ទង ចៅក្រមស៊ើបសួរ តុលាការខេត្ដព្រះវិហារ លោក សោ សាវុធ បានទេ ដោយទូរស័ព្ទចូលច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។
អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍កត់សម្គាល់ថា សកម្មជនដីធ្លីជាច្រើនសហគមន៍នៅខេត្ដព្រះវិហារ ត្រូវតុលាការកោះហៅជាបន្ដបន្ទាប់ ដែលលោកយល់ថា ករណីនេះជាការគំរាមកំហែងដល់ប្រជាពលរដ្ឋ ដែលហ៊ានចេញមុខប្រឆាំងការរំលោភយកដី ពីសំណាក់ក្រុមហ៊ុននានានៅខេត្ដនេះ។ លោកបន្ដថា អាដហុក កំពុងរៀបចំមេធាវី ដើម្បីជួយសកម្មជនសហគមន៍ដីធ្លីទាំងនោះរួចរាល់ហើយ។
កាលពីចុងឆ្នាំ២០១៣ សកម្មជនដីធ្លីប្រមាណជាង១៦នាក់នៅសហគមន៍ខ្លាបក់ ឃុំស្រយ៉ង់ បានដុតបំផ្លាញកុងត្រូលរបស់ក្រុមហ៊ុនអេសភីម៉ាឡេស៊ីចោល ដោយសារក្រុមហ៊ុននោះ ធ្វើផ្លូវថ្មីលើផ្លូវចាស់ដែលធ្លាប់មានតាំងពីបុរាណកមក មិនឲ្យពួកគាត់ឆ្លងកាត់៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com