សមាជិក​សភា​អឺរ៉ុប​ម្នាក់ នឹង​ជំរុញ EU ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា ស៊ើបអង្កេត​រឿង​ក្រុមហ៊ុន លី យ៉ុង​ផាត់ រំលោភ​ដី​ពលរដ្ឋ​​

ដោយ៖​ តាំង វីដា​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក Patrice Tirolien សមាជិកសភាអឺរ៉ុប ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ស៊ើបរឿងក្រុមហ៊ុនលី យ៉ុងផាត់ រំលោភដីពលរដ្ឋ (រូបភាពពី s1.dmcdn.net)

​សមាជិក​សភា​អឺរ៉ុប​១​រូប នឹង​ជំរុញ​ទៅ​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​(EU)​ទាំងមូល ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ទទួលយក​ការស៊ើបអង្កេត​ករណី​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​៣ និង​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​ឧកញ្ញា លី យ៉ុង​ផាត់​។​

​ការជំរុញ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក Patrice Tirolien  តំណាងរាស្ត្រ​សភា​សហភាព​អឺរ៉ុប និង​ជា​សមាជិក​គណបក្ស​សង្គម​និយម និង​លទ្ធិប្រជាធិបតេយ្យ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ឧត្តរមានជ័យ និង​កំពង់ស្ពឺ ហើយ​រកឃើញថា ក្រុមហ៊ុន​ស្ករអំពៅ ឧកញ្ញា លី យ៉ុង​ផាត់ ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល បាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ ផ្តល់​ព័ត៌មាន​ក្លែងក្លាយ និង​រំលោភ​ពលកម្ម​កុមារ ហើយ​ថែមទាំង​ទម្លាក់​ការទទួលខុសត្រូវ​ទាំងស្រុង​ទៅ​លើ​រដ្ឋាភិបាល​។

​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី យុទ្ធនាការ​លុបបំបាត់​ស្ករ​ប្រឡាក់​ឈាម នៅ​ថ្ងៃ​សុក្រ​នេះ លោក Patrice Tirolien មានប្រសាសន៍ថា លោក​នឹង​ធ្វើ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ករណី​នេះ ទៅ​សភា​អឺរ៉ុប និង​ជំរុញ​ឲ្យ​សភា​មួយ​នេះ បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ បញ្ជូន​មក​កាន់​កម្ពុជា ហើយ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងរក​ការពិត​។ លោក​ជឿជាក់​ថា សហគមន៍​អឺរ៉ុប អាចមាន​លទ្ធភាព​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យទទួល​យក​ក្រុម​ការងារ​ស៊ើបអង្កេត​នេះ ដោយសារ​សហគមន៍​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​ធំ​របស់​ក្រុមហ៊ុន​សម្បទាន​ទាំងនោះ​ «ខ្ញុំ​សូម​បញ្ជាក់​ម្តងទៀត ការបញ្ជូន​ក្រុម​ស៊ើបអង្កេត​មក​កម្ពុជា គឺ​នឹង​អាច​ធ្វើទៅបាន​លុះណាតែ​មាន​ការយល់ព្រម សហការ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ក្រុមហ៊ុន​សម្បទាន បាន​នាំ​ចូល​នូវ​ផលិតផល​ជាច្រើន​ក្នុង​សហគមន៍​អឺរ៉ុប អញ្ចឹង​ហើយ សហគមន៍​អឺរ៉ុប អាច​នឹង​មាន​អំណាច (​បង្ខំ​) ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួលយក​ការស៊ើបអង្កេត​របស់​ស​ហគ​មន៍​អឺរ៉ុប​»។​

​ទន្ទឹមនឹងនេះ លោក​នឹង​ជួប​អធិការ​សហគមន៍​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ជំនួយ និង​សមាជិក​សភា​អឺរ៉ុប​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​លើ​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​ក្នុង​សន្និសីទ​នេះ តំណាង​ប្រជា​សហគមន៍​មកពី​ខេត្ត​ឧត្តរមានជ័យ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង ឲ្យដឹងថា ពួក​គេ​រង​នូវ​ផលប៉ះពាល់ និង​ទុក្ខ​លំបាក​ជា​ច្រើន​ដោយសារ​ទំនាស់​ដីធ្លី និង​ការបណ្តេញចេញ បន្ទាប់ពី​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ស្ករ​អំពៅ លី យ៉ុង​ផាត់ ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល រំលោភ​យក​ដីធ្លី​របស់​ពួកគេ បែរ​ជា​ទទួលបាន​ផលប្រយោជន៍​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហគម​ន៍​អឺរ៉ុប​លើកលែង​ពន្ធ ហើយ​​ផលចំណេញ​មិនបាន​ដល់​ពលរដ្ឋ​ទៅវិញ​។

​វី​អូ​ឌី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ពី​លោក​ឧកញ្ញា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ស្ករ​អំពៅ បានទេ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។

​ចំណែក​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន លី យ៉ុង​ផាត់ គឺ​បាន​ដំណើរ​ក្នុង​ប្រព័ន្ធតុលាការ និង​ដោះស្រាយ​រួច​ខ្លះ​ទៅ​ហើយ ករណីនេះ លោក​យល់ថា រដ្ឋាភិបាល មិនគួរ​លូកដៃ​នោះទេ​ «​ជុំវិញ​ទំនាស់​ដីធ្លី ដែល​បាន​កើតឡើង​កន្លងមក ជា​ពិសេស​រឿង ឧកញ្ញា លី យ៉ុង​ផាត់​នេះ គឺ​មាន​ការស្រាវជ្រាវ ប្រមូល​ភស្តុតាង​ជាច្រើន​នៃ​ពាក្យបណ្តឹង និង​មាន​ការដោះស្រាយ​ហើយ​ដែរ ខ្ញុំ​យល់​ថា នីតិវិធី​បន្តទៀត យើង​ទុក​ឲ្យ​ប្រព័ន្ធ​ច្បាប់ (​ប្រព័ន្ធតុលាការ​) ទៅ បើសិនជា​គេ​យល់ថា មាន​កំហុស​មែន​នោះ គឺ​ដោះស្រាយ​តាម​ប្រព័ន្ធ​ច្បាប់​នោះ​»។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សមាជិក​សភា​សហភាព​អ៊ឺរ៉ុប​រូបនេះ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ តំណាង​អង្គការ​សង្គម​ស៊ីវិល បេសកជន​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ តែ​លោក​មិនបាន​ជួប​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ ដោយសារ ការស្នើសុំ​មិន​មាន​ការឆ្លើយតប​។​

​កាលពី​ចុងឆ្នាំ​២០១២ សភា​សហភាព​អឺរ៉ុប​បាន​អនុ​ម័ត​សេចក្ដីសម្រេ​ចមួយ អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប ធ្វើការ​ស៊ើបអង្កេត​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កាន់តែ​រីកធំឡើងៗ ដោយ​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កសិឧស្សាហកម្ម ដែល​នាំ​ទំនិញ​កសិកម្ម​ទៅ​សហភាព​អឺរ៉ុប​៕

សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles