​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ម្ចាស់​កន្លែង​សាធារណៈ ប្រាប់​អតិថិជន​កុំឲ្យ​ជក់បារី​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

កញ្ចប់បារីដែលចរាចរ នៅលើទីផ្សារត្រូវបានភ្ជាប់ជាមួយសាគ្រោះថ្នាក់នៃការជក់បារី (រូបថត៖ កាន់ វិច្ឆិកា)

កញ្ចប់បារីដែលចរាចរ នៅលើទីផ្សារត្រូវបានភ្ជាប់ជាមួយសាគ្រោះថ្នាក់នៃការជក់បារី (រូបថត៖ កាន់ វិច្ឆិកា)

​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាស​សារាចរ​ស្តីពី​វិធានការ​ហាម​ការជក់ និង​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ និង​តាម​ទីសាធារណៈ ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាជន និង​ទប់ស្កាត់​ការរង​ផ្សែង​ផលិតផល​ថ្នាំជក់ ដែល​បង្ក​ឲ្យមាន​ហានិភ័យ​សុខភាព​អ្នក​នៅ​ជុំវិញ និង​បរិស្ថាន​។​

​សារាចរ​បង្ហាញថា កន្លែង​សាធារណៈ​ដែល​ត្រូវ​ហាម​ការជក់បារី​ទាំងនោះ មានដូចជា គ្រឹះស្ថានឧត្តមសិក្សា កន្លែង​សាធារណៈ គ្រឹះស្ថាន​សាសនា សួន​កុមារ សារមន្ទីរ និង​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ ជាដើម​។ សារាចរ ណែនាំ​ឲ្យ​អ្នក​គ្រប់គ្រង​ឬ​ម្ចាស់​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ ត្រូវ​បិទ​ផ្សាយ​ឬ​ដាក់​បំរាម​អំពី​ការហាម​ការជក់បារី ហើយ​ក្នុង​ករណី ដែល​អ្នក​ជក់​មិន​អនុវត្តតាម ម្ចាស់​កន្លែងធ្វើការ ឬ​អ្នក​គ្រប់គ្រង​កន្លែង​សាធារណៈ ត្រូវ​អញ្ជើញ​អ្នក​ជក់ ចេញ​ក្រៅ​។​ក្នុងករណី មិន​អនុវត្ត​តាម​ការណែនាំ ឬ​មិន​រាងចាល អ្នកគ្រប់គ្រង ត្រូវ​ស្នើ​ទៅ​សមត្ថកិច្ច ដើម្បី​ធ្វើ​ការណែនាំ ឬ​អញ្ជើញ​អ្នក​ជក់​ចេញ​ក្រៅ​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​សារាច​រថា សព្វថ្ងៃ​នេះ​ប្រជាជន​កម្ពុជា​កំពុង​រង​គ្រោះថ្នាក់​ដោយសា​រ​ស្រូប​ផ្សែង​បារី​ពី​គេ ក្នុងនោះ​ជិត​៩០%​តាម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន ៦០% តាម​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ និង​ជិត​៥០%​នៅ​កន្លែងធ្វើការ​។ លោក​បន្តថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៣០​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​ទាក់ទង​នឹង​ការជក់បារី ក្នុង​មួយ​ថ្ងៃ ហើយ​ជិត​១០០​លាន​ដុល្លារ ត្រូវបាន​ប្រើ​សម្រាប់​ទិញ​បារី​ជក់​ក្នុង​១​ឆ្នាំ ព្រមទាំង​ចំណាយ​លើ​ការព្យាបាល​ជំងឺមហារីក​មួយ​ករណី ត្រូវការ​ថវិកា​ជា​មធ្យម​១​ម៉ឺន​ដុល្លារ​។ លោក​បាន​អំពាវនាវ​ឲ្យមាន​ការផ្សព្វផ្សាយ និង​យល់ដឹង​ឲ្យបាន​ច្រើន​ពី​ផលប៉ះពាល់ ដើម្បី​កាត់បន្ថយ​អត្រា​មរណៈ បណ្តាលមកពី​ការជក់ និង​ស្រូប​ផ្សែង​បារី​នេះ​។

​តំណាង​អង្គការ​សុខភាព​ពិភពលោក​WHO ប្រចាំ​កម្ពុជា លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មានប្រសាសន៍ថា ថ្នាំជក់​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ទាំង​អ្នក​ជក់ និង​អ្នក​ស្រូប​ផ្សែង​ពី​គេ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​នៅ​ក្នុង​ផ្ទៃ  ដូចជា បណ្តាលឲ្យ​កើត​ជំងឺមហារី​កសួត មហារីក​ផ្លោក​នោម ជំងឺ​ផ្លូវដង្ហើម ជំងឺ​បេះដូង ជំងឺ​ស្ទះ​ស​សៃឈាម  រួម​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ជាច្រើន​។ លោក​បន្តថា ប្រជាជន​គ្រប់រូប​ត្រូវ​រួមគ្នា ទប់ស្កាត់ និង​បញ្ឈប់​ការកើនឡើង​នៃ​ការជក់ និង​ស្រូប​ផ្សែង​បារី ដើម្បី​កាត់បន្ថយ​ការស្លាប់ ដោយ​អនុវត្ត​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា ក្នុង​ការការពារ​ប្រឆាំង​នឹង​ការរង​ផ្សែង​ថ្នាំជក់​ឲ្យមាន​ប្រសិទ្ធភាព​។​

​កន្លងទៅ រដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​ចំនួន​២ រួចមក​ហើយ​ទាក់ទង​នឹង​ការកាត់បន្ថយ និង​ហាមឃាត់​ការប្រើប្រាស់​ថ្នាំជក់ ក្នុងនោះ​មាន​អនុក្រឹត្យ​ស្តីពី​វិធានការ​ហាមឃាត់​ចំពោះ​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ និង​អនុក្រឹត្យ​ស្តីពី​ការបោះពុម្ព​សារព្រមាន​សុខភាព​លើ​កញ្ចប់​បារី​។ ឥឡូវនេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សារាចរ​ថ្មី​មួយទៀត ខណៈ​ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​បណ្តាលមកពី​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​តាម​ទីសាធារណៈ​។  របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ឆ្នាំ​២០១២ បង្ហាញថា អ្នកស្លាប់​ដោយសារ​ការប្រើប្រាស់​ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា សរុប​៩៦៦៩​នាក់ ក្នុងនោះ​ស្ត្រី​៣២២៣​នាក់ និង​បុរស ៦៤៤៦​នាក់​៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles