អន្តរជាតិ​ជំរុញ​ឲ្យ​ធនាគារ​ពិភពលោក​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​រតនគិរី

ក្រុម​អ្នក​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ បាន​ជំរុញ​ឲ្យ​ធនាគារ​ពិភពលោក (World Bank) និង​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) ដោះស្រាយ​បណ្ដឹង​របស់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ខេត្ត​រតនគិរី ចំនួន ១៧​សហគមន៍ ដែល​មិន​សុខ​ចិត្ត​អំពី​ករណី​រំលោភ​ដី​ស្រែ​ចម្ការ ដី​ផ្នូរ​កប់​សព​ដូនតា និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ។

ដោយ តាំង សារ៉ាដា
2014-02-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កាប់​ឈើ Global Witness
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។ Global Witness Photo

ក្រុម​អ្នក​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ បាន​ជំរុញ​ឲ្យ​ធនាគារ​ពិភពលោក (World Bank) និង​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) ដោះស្រាយ​បណ្ដឹង​របស់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ខេត្ត​រតនគិរី ចំនួន ១៧​សហគមន៍ ដែល​មិន​សុខ​ចិត្ត​អំពី​ករណី​រំលោភ​ដី​ស្រែ​ចម្ការ ដី​ផ្នូរ​កប់​សព​ដូនតា និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ។

ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ក៏​បាន​ទាមទារ​ឲ្យ​ធនាគារ​ពិភពលោក ចាត់​វិធាន​ការ​ហ្មត់ចត់ និង​យុត្តិធម៌ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) កាល​ពី​ថ្ងៃ​ច័ន្ទ បាន​គាំទ្រ​បណ្ដឹង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ខេត្ត​រតនគិរី ចំនួន​១៧ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ប្ដឹង​ទៅ​ធនាគារ​ពិភពលោក អំពី​ករណី​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ អំពី​ករណី​រំលោភ​ដី​ស្រែ​ចម្ការ ដី​ផ្នូរ​កប់​សព​ដូនតា ដី​ព្រៃ​សហគមន៍ កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រំលោភ​លើ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ ។

មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស ថា ធនាគារ​ពិភពលោក ត្រូវ​តែ​ចាត់​វិធាន​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ក្នុង​ខេត្ត​រតនគិរី ដែល​ខ្លួន​បាន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​ការ​ទទួល​ខុស​ត្រូវ​ជូន​ពលរដ្ឋ​នោះ។

អ្នកស្រី​បន្ត​ថា ដី​សម្បទាន​ដែល​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ កំពុង​វិនិយោគ​ដាំ​កៅស៊ូ​នៅ​កម្ពុជា បាន​រំលោភ​លើ​ដី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​រំលោភ​ច្បាប់​ក្នុង​ស្រុក​របស់​កម្ពុជា៖ «យើង​ជំរុញ​ឲ្យ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គោរព​ច្បាប់​របស់​កម្ពុជា។ ហើយ​អ្វី​ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក ជំរុញ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​សហគមន៍​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​មក​នេះ យើង​ក៏​មិន​ឃើញ​មាន​ការ​វិវឌ្ឍ​ជា​ដុំ​កំភួន​ជាក់​លាក់​អ្វី​នោះ​ដែរ។ ដូច្នេះ យើង​ស្វាគមន៍​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​រតនគិរី ដែល​ធ្វើ​ឡើង​ដោយ​ឯករាជ្យ។ ហើយ​យើង​សង្ឃឹម​ថា ពាក្យ​បណ្ដឹង​នេះ​នឹង​អាច​នាំ​ឲ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​ធនាគារ​ពិភពលោក ចាប់​ផ្ដើម​ដំណើរ​ការ​សម្រប​សម្រួល​ដោះស្រាយ​វិបត្តិ​ដីធ្លី​រវាង​សហគមន៍ និង​ក្រុមហ៊ុន ហើយ​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​នឹង​ទទួល​បាន​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ​វិញ»

ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ៤​ម៉ឺន ៧​ពាន់​ហិកតារ ក្នុង​ស្រុក​អណ្ដូងមាស និង​ស្រុក​អូរជុំ ខេត្ត​រតនគិរី។ ក្រុមហ៊ុន​បាន​បំបែក​ចេញ​ជា​ក្រុមហ៊ុន​តូចៗ​ចំនួន​បួន​ផ្សេង​ទៀត រួម​មាន ក្រុមហ៊ុន ហេង ប្រាឌើ (Heng Brother) ក្រុមហ៊ុន ហ័ង អាញ អូរយ៉ាដាវ (Hoang Anh Oyadav) ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) និង​ក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស (Hoang Anch Andung Meas)។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ទី​នោះ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដាំ​កៅស៊ូ​របស់​វៀតណាម មួយ​បាន​រំលោភ​លើ​ដី​កប់​សព​ដូនតា ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​របស់​ពួក​គេ​ដែល​ការពារ​ដោយ​ច្បាប់។

មាត្រា​៥៩ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ របស់​កម្ពុជា ចែង​ថា សម្បទាន​ដី​អាច​មាន​ទំហំ​ច្រើន​បំផុត​ត្រឹម​តែ ១​ម៉ឺន​ហិកតារ។ ហើយ​ហាម​ឃាត់​ការ​ចេញ​លិខិត​សម្បទាន​ដី​ច្រើន​កន្លែង ឲ្យ​បុគ្គល​តែ​ម្នាក់ ឬ​ឲ្យ​ក្រុមហ៊ុន​ច្រើន​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​តែ​ម្នាក់ ឬ​ក្រុមហ៊ុន​ដដែលៗ ដែល​មាន​ទំហំ​សរុប​លើស​ពី​ការ​កំណត់​របស់​ច្បាប់ គឺ​តែ​ត្រឹម ១​ម៉ឺន​ហិកតារ​នោះ។

ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ជា​ក្រុមហ៊ុន​ដាំ​កៅស៊ូ​ដ៏​ធំ​បំផុត​របស់​វៀតណាម គ្រប់គ្រង​លើ​ផ្ទៃ​ដី​ប្រមាណ ៥% នៃ​ផ្ទៃដី​ខេត្ត​រតនគិរី ទាំង​មូល​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​នេះ​មិន​ត្រឹម​តែ​បាន​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​គ្រប់គ្រង​ដី​សម្បទាន​ដ៏​ធំ​ក្នុង​ប្រទេស​ឡាវ។ ក្រុមហ៊ុន​ដាំ​កៅស៊ូ​របស់​វៀតណាម មួយ​នេះ​បាន​ទទួល​ប្រាក់​កម្ចី​ពី​ធនាគារ​អន្តរជាតិ និង​ភាគ​ហ៊ុន​អន្តរជាតិ​ជាច្រើន រួម​មាន​ធនាគារ​វៀតណាម ឈ្មោះ ដ្រាហ្គ័ន ខេបភីថល (Dragon Capital) ធនាគារ​របស់​អាល្លឺម៉ង់ ឈ្មោះ Dutch Bank ធនាគារ​នៃ​ប្រទេស​ស្វីស ឈ្មោះ Swiss Bank និង​សាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក អាយ.អែហ្វ.ស៊ី (IFC)។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង​១៧ ដែល​មាន​មនុស្ស​ជិត ២​ពាន់​គ្រួសារ ក្នុង​ខេត្ត​រតនគិរី រួម​មាន ចារាយ ទំពួន ចាម គ្រឹង ព្នង និង​ជនជាតិ​ដើម​មួយ​ចំនួន​ទៀត​អះអាង​ថា កាល​ពី​ឆ្នាំ​២០១១ ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​កាំភ្លើង បាន​បាញ់​គំរាម​អ្នក​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​ជាមួយ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ។ រហូត​មក​ទល់​ពេល​នេះ ពួក​គេ​បាន​ត្អូញត្អែរ​ថា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​កាប់​បំផ្លាញ​ដើម​ជ័រ​ទឹក ឈើ​បេង នាង​នួន កកោះ ស្រឡៅ ផ្ចឹក និង​អនុផល​ព្រៃ​ឈើ​ជាច្រើន​ទៀត ដែល​ពួក​គេ​តែង​អាស្រ័យ​ផល​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក ធ្លាប់​បាន​រាយការណ៍​ថា លោក​ឧកញ៉ា ទ្រី ភាព បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន ហេង ប្រាឌើ  ជា​សាខា​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ក្នុង​ការ​កាប់​បំផ្លាញ​ឈើ​ប្រណីត​ក្នុង​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី លើ​ផ្ទៃ​ដី​ចំនួន​ជាង ២​ពាន់​ហិកតារ។ របាយការណ៍​បង្ហាញ​ថា លោក ទ្រី ភាព បាន​ចុះ​សូកប៉ាន់​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ទី​នោះ ដើម្បី​អារ​ឈើ​ក្នុង​គម្រោង​ដី​សម្បទាន ហើយ​ដឹក​ជញ្ជូន​តាម​រថយន្ត​ដឹក​ឈើ​ធំៗ​ដែល​អាច​ផ្ទុក​រហូត ៣៥​ម៉ែត្រ​គូប​ជា​រៀង​រាល់​ថ្ងៃ។

លោក អៀង វុទ្ធី ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ក្នុង​ការ​ប្ដឹង​ទៅ​ធនាគារ​ពិភពលោក នោះ ថ្លែង​ថា ដោយសារ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​គ្មាន​ការ​សិក្សា​ជា​មុន​អំពី​ផល​ប៉ះពាល់​លើ​ដី​របស់​ពលរដ្ឋ​នេះ​ហើយ បាន​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​មូលដ្ឋាន។ ហើយ​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា និង​ពិនិត្យ​ឡើង​វិញ ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​បរិស្ថាន​របស់​ប្រទេស ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​បញ្ញត្តិ​នៃ​ច្បាប់​ភូមិបាល។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ពលរដ្ឋ​សហគមន៍​ខេត្ត​រតនគិរី ទាំង​នោះ គួរ​នាំ​គ្នា​ប្ដឹង​ទៅ​តុលាការ​កម្ពុជា ដើម្បី​ឲ្យ​តុលាការ​មាន​លទ្ធភាព​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ពួក​គេ។ លោក​ចាត់​ទុក​ថា បណ្ដឹង​ទៅ​ធនាគារ​ពិភពលោក នេះ​ជា​បណ្ដឹង​មួយ​ដែល​មាន​លក្ខណៈ​វាយ​ប្រហារ​ខាង​ផ្នែក​នយោបាយ​មួយ​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​ឡើង​ស្រប​ទៅ​តាម​គោលការណ៍​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​នៃ​ធនាគារ​ពិភពលោក ដែល​ការពារ​បរិស្ថាន និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ លោក​បន្ត​ថា សង្គម​ស៊ីវិល​នៅ​បន្ត​តាម​ដាន និង​រង់ចាំ​មើល​ការ​ឆ្លើយ​តប​ក្រោយ​ពី​បាន​ជួប​ពិភាក្សា​លើ​បណ្ដឹង​របស់​ក្រុម​សហគមន៍ ជាមួយ​ក្រុម​មន្ត្រី​ធនាគារ​ពិភពលោក ប្រចាំ​នៅ​កម្ពុជា រួច​មក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទាមទារ​ឲ្យ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ឬ​ក្រុម​ធនាគារ ដែល​មាន​ភាគ​ហ៊ុន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​វៀតណាម មួយ​នេះ សង​ដី​ធ្លី​ទាំង​ឡាយ​ដែល​ក្រុមហ៊ុន​រឹប​អូស​នោះ មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ។ ពួក​គេ​ចាត់​ទុក​ថា ការ​ខ្វះ​តម្លាភាព​ក្នុង​ទីផ្សារ​វិនិយោគ​ហិរញ្ញវត្ថុ វា​អាច​មាន​ន័យ​សឹង​ស្មើ​គ្នា​ទៅ​នឹង​ផ្តល់​លុយ​របស់​ធនាគារ ដើម្បី​រឹប​អូស​ដីធ្លី​ពី​ពលរដ្ឋ​ក្រីក្រ​នៅ​ជុំវិញ​ពិភពលោក​ដោយ​អយុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "អន្តរជាតិ​ជំរុញ​ឲ្យ​ធនាគារ​ពិភពលោក​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​រតនគិរី"

  1. tokee says:

    Good solution will get for them