អ្នក​ជាប់​ឃុំ​២១​​នាក់ បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អ្នក​ជាប់​ឃុំ​៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​​ត្រពាំង​ផ្លុង បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​អ្នក​ជាប់​ឃុំ ១៨​នាក់​ផ្សេង​ទៀត ឆ្លាស់គ្នា​អត់​អាហារ​ម្តងម្នាក់​។​

ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង លោក គា សុវណ្ណ មានប្រសាសន៍ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា អ្នក​ជាប់​ឃុំ ៣​នាក់ ក្នុងនោះ​មាន​លោក​ចាន់ ពុទ្ធិ​ស័ក្ក សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​កម្មករ​ពីរ​នាក់​ទៀត បាន បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ​នៅថ្ងៃនេះ ដោយ​ពួកគេ​ទទួលទាន​តែ​ទឹក ដោយឡែក​អ្នក​ជាប់​ឃុំ​១៨​នាក់​ផ្សេង​ទៀត បាន​ឆ្លាស់គ្នា​អត់​អាហារ​ម្តងម្នា្កក់ ដោយ​អ្នកខ្លះ​អត់​អាហារ​ពេល​ថ្ងៃ ហើយ​ខ្លះ​ទៀត​អត់​អាហារ​នៅ​ពេល​ល្ងាច​។ តែ​ទោះជា​យ៉ាងណា លោក​ថា អ្នក​ទាំង​២១​នាក់​នោះ មាន​សុខភាព​ធម្មតា​ទេ​ <<ហូបទៅ អ្នក​អត់​ផ្សេង​គេរំ​លែក​គ្នា អត់​មាន​តែ​បីនាក់​ទេ អត់​សោះ ធម្មតា ផ្លាស់​ប្តូរ​គ្នា។ ពេទ្យខ្ញុំ​ឲ្យ​ប្រចាំ​ដែរ​ហ្នឹង​​>>។

​អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ភរិយា​របស់​លោក វ​ន់ ពៅ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ និង​ជិត​ដល់​ពេល​ទៅ​ពិនិត្យ​ជំងឺ​ផង​នោះ ប្រាប់ VOD ថា អ្នកស្រី​មាន​ការបារម្ភ​ពី​សុខភាព​របស់​ប្តី​អ្នកស្រី​ណាស់ ដោយសារ​តែ​ជំងឺ​របស់​ស្វាមី​គាត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​ធ្ងន់​ជាង​មុន​។ អ្នកស្រី បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ឲ្យ​អ្នកទាំ​ង​២១​នាក់​បាន​នៅ​ក្រៅ​ឃុំ ជាពិសេស​ស្វាមី​របស់​អ្នកស្រី អាច​បាន​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ផង <<គាត់​កំពុង​តែមានជំងឺធ្ងន់​ធ្ងរ​ខ្លាំង​មែន​ទែន ហើយ​ណា​មួយ​គាត់​ជិត​ដល់​ថ្ងៃ​ណាត់​ជាមួយ​ពេទ្យ នៅថ្ងៃទី​១៨​ខែ​២​ហ្នឹង ដើម្បី​ពិនិត្យ​សុខ​ភាព​របស់​​គាត់ ពី​ព្រោះ​អ្វី​ដែល​ខ្ញុំ​បាន​ទៅ​ជួប​គាត់​នៅក្នុង​​​ពន្ធ​នាគារ​ហ្នឹង គឺគាត់មានស្ថាន​ភាព​តឹង​រឹង ហើយ​ស្ថាន​ភាព​របស់គាត់ ​រឹត​​តែ​ខ្សោយ​ទៅ​ៗ ដោយ​សារ​តែ​ទីមួយ​ គាត់​អត់​អាហារ ទីពីរ គឺគាត់​កំពុងតែរាគ​ផង ក្អួត​ផង ហើយ​អញ្ចឹង​អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ គឺ​សុខ​ភាព​របស់​គាត់ ពីព្រោះ​ខ្ញុំ​ខ្លាច​គាត់​បាត់​បង់​ជីវិត​នៅ​ក្នុង​ពន្ធ​នាគារ>>។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោក​មិនទាន់​បាន​ទទួល​របាយ​ការណ៍​ពី​ខាង​ពន្ធនាគារ លើ​ករណី​ធ្វើ​កូដកម្ម​អត់​អាហារ​របស់​អ្នក​ទាំង​២១​នាក់​នោះ នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា ពួកគាត់​ទាំងនោះ គួរតែ​រក្សា​សុខ​ភាព​ឲ្យបាន​ល្អ និង​មិន​គួរ​ធ្វើ​កូដកម្ម​បង្អត់អាហារ​បែបនេះ​ទេ​ <<បើសិន​គាត់​ធ្វើ​កូដ​កម្ម មាន​តែ​អង្វរគាត់​ឲ្យ​ទទួល​ទាន​​អាហារ​ទៅ ដូច​គេ​ដូច​ឯង។ ការ​ដែល​ធ្វើ​កូដ​កម្ម​អត់​អាហារ​ហ្នឹង មិន​មែន​ឋិត​នៅ​ក្នុង​​ការ​ដែល​ស្រលាញ់​ខ្លួន​​ទេ ហើយ​ឋិត​នៅ​ក្នុង​ធម៌​ព្រះ​ពុទ្ធ​ទៀត​ផង អ្នក​ដែល​បង្អត់​អាហារ ដែល​​ខំរស់​ខំអី​មក​ជាមួយ​គេ គង់​តែ​ថ្ងៃ​ណា​មួយ​វា​បាន​ជោគ​ជ័យ ឬ​ក៏​បាន​សម្រេច​ វា​មិនមែនកើត​មក គេ​មានការ​អត់​ធ្មត់​អត់អី​អញ្ចឹង​។ វា​មិនដែល​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ទេ>>។

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឲ្យដឹងថា សាលាឧទ្ធរណ៍​គួរតែអនុញ្ញាត​ឲ្យ​អ្នកជាប់ឃុំទាំង​២១​នាក់​នោះ​នៅ​ក្រៅ​ឃុំ ព្រោះ​ថា​បទល្មើស​របស់​ពួកគាត់ គឺជា​បទមជ្ឈិម និង​មាន​ការធានា​យ៉ាង​ត្រឹមត្រូវ​។​

​អ្នក​ជាប់​ទាំង​២១​នាក់​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង បាន​ធ្វើ​កូដកម្ម​បង្អត់អាហារ​តាំងពី​ថ្ងៃ​ទី​០៩ ខែ​មករា​មក ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង​ពួកគាត់​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សាលាឧទ្ធរណ៍ បាន​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ ដោយ​លើក​ហេតុផល​ថា ការដោះលែង​នៅ​ពេល​នេះ​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​ប៉ះ​ពាល់​​ដំណើរការ​សវន​ការ ខណៈ​សុំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កា​ល​ស៊ើបអង្កេត​នៅឡើយ​៕

សរសេរមកកាន់​ កញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vecheika@vodhotnews.com

What Next?

Recent Articles

2 Responses to "អ្នក​ជាប់​ឃុំ​២១​​នាក់ បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​​"

  1. អ្នកធ្វើស្រែ says:

    ទង្វើជ្រុលនិយមមិនបានការអ្វីឡើយ។ទុក្ករកិរិយារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងរកនិព្វាន្តមិនឃើញ ទេ។មធ្យោបាយដ៍ល្អប្រសើរតែមួយគត់សម្រាប់យើងរាល់គ្នាជាបុថុជ្ជន គឺលះបង់គំនិតជ្រុលនិយមប្រកាន់ យកផ្លូវកណ្ដាល ទទួលស្គាល់នូវទោសកំហុសរបស់ខ្លួនរម្ងាប់អារម្មណ៍ផ្ងំទុកអំពើល្អដែលជាកុសលដល់ អ្នកផងទាំងពួងទៅអនាគតខាងមុខ។កុំសង្ឃឹមលើការបោកប្រាសពីសំណាល់មេបោកឲ្យសោះគ្មានបាន ប្រយោជន៍អាចម៍អីទេ លទ្ធផលឃើញច្បាស់នឹងភ្នែកស្រាប់ហើយ គឺអញ្ចឹងឯង។«អត្តាហិ អត្តនោនាថោ កោហិនាថោ​ បរោសិយា»។ចូរចំរើន!ចូរចំរើន!

  2. bol says:

    ការខិតខំសម្តែងធ្វើជាអត់អាហាររបស់អស់លោក អ្នកទាំងអស់គ្នានេះ មិនផ្តល់លទ្ធផលទេ។ បើសិនជាផ្តល់លទ្ធផលនោះ ពុំមានអ្នកជាប់គុកនោះទេ! នោះអ្នកទោសទាំងអស់គ្នា នាំគ្នាអត់អាហារ ដើម្បីបានរួចខ្លួនអស់ហើយ។
    ណ្ហើយ សាកល្បងជាមួយគុក បាន កន្លះឆ្នាំ ឬមួយឆ្នាំទៅ បំណាច់ថា​ យើងពូកែផ្លុំកញ្ចែរបញ្ជាក្រុមអនាធិបតេយ្យសម្រុកវាយបំផ្លាញរោងចក្រ និងទ្រព្រសម្បត្តិគេនោះ គឺវាអញ្ចឹង!