ឌុ​ច សុភា បាន​តំណែង​ថ្មី​នៅ MyTV​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

អ្នកនាង ឌុច សុភា កាលពីកន្លងទៅ

អ្នកនាង ឌុច សុភា កាលពីកន្លងទៅ

ចាត់ទុក​ជា​រឿង​ភ្ញាក់ផ្អើល​មួយ ដែល​តារា​សម្ដែង​អ្នកនាង​ឌុ​ច សុភា ត្រូវ​គេ​អះអាង​ថា កំពុង​សម្ងំ​ទទួល​តំណែង​មិនធម្មតា​មួយ របស់​ស្ថានីយទូរទស្សន៍ MYTV ដែល​ជា​ស្ថាប័ន​ដ៏​មាន​សក្តានុពល​មួយ ក្នុង​ស្រទាប់​អ្នកទស្សនា​។ តំណែង​ដែល​នាង​ទទួលបាន​នេះ នឹង​លេច​បង្ហាញ​ជា​ចេញ​សា​ជា​ធា​រណៈ​ក្នុងពេល​ដ៏​ខ្លី ខណៈ​ក្រុម​អ្នកវិភាគ​លើកឡើង​ក្នុង​ន័យ​ស្របគ្នា​ថា នឹង​ធ្វើឲ្យ​នាង​លេចធ្លោ យ៉ាងយូរ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៤​នេះ​។

​ប្រភព​ពី​ទូរទស្សន៍ CTN និង​MyTV បាន​ប្រាប់ឲ្យដឹង​ថា អ្នកនាង​ឌុ​ច សុភា កំពុង​ទទួល​តំណែង​ធំ​មួយ ក្នុងពេល​ដែល​មនុស្ស​ភាគច្រើន មើលឃើញ​ថា​នាង​មាន​សន្ទុះ​ដើរ​ថយក្រោយ​ក្នុង​សិល្បៈ​។ តំណែង​ដែល​នាង​ទទួលបាន​នោះ គឺ​បាន​ថត​ជា​តួឯក​ក្នុង​រឿង​ភាគ​ធំ​មួយ​របស់​ស្ថានីយទូរទស្សន៍ MY TV ដែល​មាន​ចំណងជើង​ថា «​កំលោះ​ចាប់ហួយ​»​។ នាង​ត្រូវ​គេ​ឲ្យ​សម្ដែង​ជា​តួឯក​ស្រី រស់​នៅ​ស្រុកស្រែ ប៉ុន្តែ​ស្ថិតក្នុង​ត្រកូល​ជា​កូន​លោក​មេភូមិ និង​ជា​នារី​ដែល​មាន​ច​រឹត​ច្រឡឺម​តិចតួច​។  ខ្សែ​រឿងនេះ ថត​បាន​ជាង​៣០%​ហើយ ដោយ​គ្រោង​ចាក់​ផ្សាយ​ក្នុង​ពេល​ដ៏​ខ្លី​នេះឯង ដើម្បី​បើក​ទំព័រ​ការសម្ដែង​រឿង​ភាគ​លើកដំបូង​របស់​អ្នកនាង ស្វាគមន៍​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ ខ្សែ​រឿង​នេះ ថត​សម្ដែង​ស្ទើរ​ទាំងស្រុង នៅ​តំបន់​ភ្នំ​បាសិត​ក្នុង​ខេត្ត​កណ្ដាល និង​នៅ​រាជធានី​ភ្នំពេញ ដោយ​នឹង​មាន​ទីតាំង​សំខាន់ៗ​មួយ​ចំនួនទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា នឹងត្រូវ​គេ​សៀត​បញ្ចូល​ធ្វើជា​ទីតាំង​ថត​សម្ដែង​ដែរ​។ នៅ​មិនទាន់​មាន​ការអះអាង​ថា រឿងនេះ មាន​ប៉ុន្មាន​ភាគ​នៅឡើយ​ទេ ប៉ុន្តែ​អ្វី​ដែល​VOD បានទទួល គឺ​រឿង​ទាំងមូល​នឹង​អាច​ចាក់ផ្សាយ​បណ្ដើរៗ ទាំង​មិន​ទាន់​ថត​ចប់​នៅលើ​កញ្ចក់​ទូរទស្សន៍ MY TV​។ អ្នកនាង​ឌុ​ច សុភា ត្រូវ​គេ​អះអាង​ថា ផ្ចិតផ្ចង់​ក្នុង​ការសម្ដែង​ខ្លាំងណាស់ ដើម្បី​ឲ្យ​ស័ក្តសម​នឹង​តំណែង​ជា​កូនស្រី​របស់​លោក​មេភូមិ ដែល​មាន​ច​រឹត​មិន​ស្លូត មិន​កាច គឺ​ច​រឹត​ស្មើ ដែល​ប្រហាក់ប្រហែល​នឹង​ច​រឹត​ខាង​ក្រៅ​របស់​នាង​ផ្ទាល់​តែ​មួយ​។ នេះ​ជា​ខ្សែ​រឿង​ភាគ​ទី​មួយ​ហើយរ​បស់​ឌុ​ច សុភា ចាប់តាំងពី​អ្នកនាង​បាន​ធ្លាក់ខ្លួន​ជា​មេម៉ាយ​កូន​មួយ ក្រោយ​ការ​ដាច់ស្រេច​ជាមួយ​អតីត​ស្វាមី​ដែល​ជា​មន្ត្រី​អន្តោប្រវេសន៍​នៅ​ច្រក​បាវិត ដ៏​សំបូរ​ទ្រព្យ​។ យ៉ាងណាមិញ ក្រោយ​ត្រឡប់​ចូល​សិល្បៈ​វិញ អ្នក​នាង​ក៏​ធ្លាប់​សម្ដែង​បាន​មួយ​រឿង​ដែរ ដោយ​គ្រាន់តែ​រឿង​នោះ​ជា​រឿង​ដុំ និង​មិនសូវ​ទទួល​ការចាប់អារម្មណ៍ ក្រោយពេល​ចាក់​បញ្ចាំង​តាម​កុន​នោះ​តែប៉ុណ្ណោះ​។

​អ្នកនាង​ឌុ​ច សុភា មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ ពាក់ព័ន្ធ​នឹង​ស្នាដៃ​សម្ដែង​ក្នុង​រឿង​ភាគ​លើកដំបូង នៅលើ​កញ្ចក់​ទូរទស្សន៍​My TV មួយ​នេះ​។ ប៉ុន្តែ​លោក​អ៊ុន សុធា ដែល​ជា​តួឯក​ប្រុស​នៅ​ក្នុង​រឿងនេះ បាន​ទទួលស្គាល់​ថា​នោះ​ជា​ការពិត​។ លោក​អ៊ុន សុធា បញ្ជាក់ថា នៅក្នុង​រឿង​«​កំលោះ​ចាប់ហួយ​»​នេះ លោក​ត្រូវ​សម្ដែង​ជា​តួ​អ្នកលក់​ម៉ាំ រីឯ​អ្នកនាង​ឌុ​ច សុភា ត្រូវ​សម្ដែង​ជា​តួ​កូនស្រី​លោក​មេភូមិ ដែលជា​អ្នក​សំបូរ​ទ្រព្យ​។ ក្នុង​រឿង​នេះ  អ្នកនាង​ឌុ​ច សុភា គឺជា​នារី​ដែល​មាន​ប្រុស​ចោមរោម​ច្រើន ប៉ុន្តែ​ចុងក្រោយ​បាន​ក្លាយជា​គូស្នេហ៍​របស់លោក ដែល​ជា​កំលោះ​ក្រ​ម៉ិច​ក្រ​ម៉ើម និង​ម៉ត់ចត់​ម្នាក់​។ ទោះយ៉ាងណា ទម្រាំ​បាន​ក្លាយជា​គូស្នេហ៍ តួអង្គ​ប្រុស​ស្រី​ទាំងពីរ ក៏​ផ្ទុះ​រឿងចម្រូងចម្រាស់​ដាក់គ្នា មិន​ខុស​ពី​គូស្នេហ៍​វ័យក្មេង​នៅ​ស្រុកចម្ការ​មួយចំនួន ដែល​មាន​ទម្លាប់​ឌឺដង​ដាក់គ្នា​នោះ​ផង​ដែរ​។

​តាមរយៈ​ការអះអាង​នេះ មានន័យ​ថា អ្នកនាង ឌុ​ច សុភា ត្បិត​ថា​ក្នុង​ឆ្នាំ​២០១៣​បាន​ស្ងប់ស្ងាត់​ខ្លាំង​ក្រោយ​របូត​តំណែង​ពិធី​ការិនី​នៅ​ប៉ុស្ដិ៍​អប្សរា និង​សំបូរ​តែ​រឿង​អាស្រូវ​វាយ​ផ្ទប់ ប៉ុន្តែ​នៅ​អំឡុង​ដើមឆ្នាំ​២០១៤​នេះ គឺ​យីអ៊ុន​របស់​តារា​ស្រី​រូបនេះ កំពុង​ហើប​ស្ទុះ​ជាថ្មី​។ អ្វី​ដែល​ខ្លាំង ហើយ​ប្លែក គឺ​អ្នកនាង​ស្រាប់តែ​បាន​តំណែង​តួឯក​ក្នុង​រឿង​«​កំលោះ​ចាប់ហួយ​» ក្នុង​កាលៈទេសៈ នៃ​ការប្រកួតប្រជែង​ពី​សំណាក់​តារា​​ស្រីក្មេងៗ​ភាគច្រើន​។ តំណែង​របស់​អ្នកនាង  នឹង​រុល​ឲ្យ​ភាពស្ងប់ស្ងាត់ កក្រើក​ម្ដងទៀត ពិសេស​នៅ​ពេល​ដែល​ខ្សែ​រឿង​នោះ ដំណើរ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​My TV​។ មន្ត្រី​ប៉ុស្ដិ៍​MY TV ប្រាប់ថា រឿង​នោះ​បាន​ចំណាយ​ខ្ទង់​ផលិត​អស់​ច្រើន ហើយក៏​ជា​បញ្ចូល​​ឈុត​ឆាក​កំប្លុក​កំប្លែង ឲ្យមាន​ភាពទាក់ទាញ​ច្រើន​មិន​ធម្មតា​ផងដែរ​។ បើ​ឌុ​ច សុភា អាច​ធ្វើឲ្យ​ផ្ទុះក្នុង​រឿង​«​កំលោះ​ចាប់ហួយ​»​នោះ​មែន មានន័យ​ថា​អ្នកនាង ពិតជា​ស្មើមុខស្មើមាត់​ជាមួយ​អ្នកនាង​កែវ ស្រី​នាង និង កែវ នីសា ជា​មិន​ខាន​ទេ ដោយសារ​ភាគច្រើន​គេ​ឲ្យ​​តម្លៃ​ថា ពួក​នាង​ទាំង​៣ ស្អាត ល្បី និង​ខ្លាំង​ក្នុង​ការសម្ដែង​កាលពី​មុន​មិន​ចាញ់​គ្នា​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles