ដោយ៖ ណុល ដារ៉ា
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (រូបថត៖ តាត ឧត្តម)
អ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ជាង៥០នាក់ ប្រមូលផ្ដុំគ្នា នៅមុខច្រកចូលតំបន់សេដ្ឋកិច្ចពិសេស នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីតវ៉ាមិនឲ្យសន្តិសុខយកលុយថ្លៃចេញចូល។
តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងនៅលើផ្លូវជាតិលេខ៤ សង្កាត់កាំបូល ខណ្ឌពោធិ៍សែនជ័យ កន្លែងដែលមានការបង្ក្រាលើបាតុករទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារ កាលពីដើមខែមករា។ មុនពេលមានការបង្ក្រាបបាតុករ ប្រជាពលរដ្ឋ កម្មករ អ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី អាចធ្វើដំណើរចេញចូលតាមផ្លូវបេតុង ក្នុងតំបន់ពិសេសជាធម្មតា ប៉ុន្តែក្រោយពីការបង្ក្រាបនោះមក សន្តិសុខប្រចាំការនៅទីនោះ តម្រូវឲ្យអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី បង់លុយថ្លៃចេញចូល ដោយម៉ូតូឌុបត្រូវបង់៣ម៉ឺនរៀលក្នុងមួយខែ ឯរ៉ឺម៉កកង់បីត្រូវបង់ ៤ម៉ឺនរៀលក្នុងមួយខែ។
អ្នករត់ម៉ូតូឌុប ដែលមានប្រពន្ធជាកម្មករធ្វើការក្នុងរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស លោក ជិន ពៅ រអ៊ូរទាំថា លោក និងអ្នកភូមិ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងរបស់តំបន់សេដ្ឋកិច្ចពិសេសនេះ មិនមានលទ្ធភាពបង់លុយតាមការតម្រូវរបស់សន្តិសុខបានទេ «ប្រជាជននៅក្នុងហ្នឹង ចេញចូលឆ្លងកាត់ភូមិគាត់ក៏មិនបានដោយសេរីដែរ ដល់ពេលឥឡូវប្រជាជននៅភូមិជាប់ហ្នឹង ឆ្លងកាត់តាមហ្នឹងក៏មិនបានដែរ បិទសិទ្ធិសេរីភាពគេទាំងអស់ មកធ្វើតំបន់សេដ្ឋកិច្ចនៅកន្លែងហ្នឹង ហើយបិទផ្លូវប្រជាជន ដូចជាធ្វើបាបប្រជាជនពេក ធ្វើបាបកម្មករពេកហើយ»។
ប្រធានសន្តិសុខតំបន់សេដ្ឋកិច្ចពិសេស ដែលមិនបង្ហាញអត្តសញ្ញាណ មានប្រសាសន៍ថា អ្វីដែលលោកធ្វើគឺដើម្បីរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ «យើងដើម្បីរៀបចំឲ្យស្រួល មួយរយៈនេះយើងមានបាតុកម្មរញ៉េរញ៉ៃ អញ្ចឹងម៉ូតូឌុបដែលចូលក្នុងតំបន់នេះ យើងស្រង់ឈ្មោះគាត់ដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យគាត់ទី១ គាត់ដាក់សំណើមកយើងវិញថា ពួកគាត់ប្រមូលផ្តុំវាមានរឿងច្រើនណាស់ អាចដណ្តើមម៉ូយ បាតុកម្មប៉ះពាល់វ៉ៃគ្នា អញ្ចឹងយើងរៀបចំឲ្យគាត់ ហើយគាត់សុំបង់ជូនជាកំរៃមកវិញ ដើម្បីរៀបចំឲ្យពួកគាត់ នៅក្នុងតំបន់នេះ ហើយគោលការណ៍របស់តំបន់មិនអនុញ្ញាតឲ្យពួកគាត់ចូលទេ»។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម លោកសន ជ័យ យល់ថា បើការធ្វើផ្លូវនោះអត់មានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាល ថាជាផ្លូវបង់លុយទេ ហើយក្រុមសន្តិសុខទាមទារស្រេចតែនឹកឃើញ នោះគឺជារឿងខុសច្បាប់ «យើងត្រូវពិនិត្យមើលថាតើ ផ្លូវនោះជាផ្លូវរបស់រដ្ឋ ហើយតើមានការ ចុះកិច្ចសន្យាវិនិយោគ យ៉ាងម៉េច? ប្រសិនជារបស់វិស័យឯកជន គេត្រូវមានកិច្ចសន្យាមួយ ជាមួយរដ្ឋាភិបាលកម្ពុជា ហើយនឹងយកផ្លូវនោះ ជាផ្លូវបង់លុយ ប៉ុន្តែប្រសិនជាអត់មានចែងទេ ហើយគេនឹកឃើញថា ដោយសារតែមានមនុស្សចេញចូលច្រើន រ៉ឺម៉កកង់បី ម៉ូតូឌុបច្រើន ចេញចូលតំបន់ហ្នឹង ហើយគេចាប់ផ្តើម ទារយកលុយ នោះជាទង្វើមួយដែលខុសច្បាប់»។
លោកបន្ថែមទៀតថា អាជ្ញាធររដ្ឋ គឺមានតួនាទីសំខាន់ក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ បើផ្លូវនោះប្រជាពលរដ្ឋធ្លាប់ធ្វើំដំណើរដោយសុខសាន្ត ហើយក្រុមហ៊ុនមកវិនិយោគយកផ្លូវនេះជាផ្លូវបងលុយ វាមិនឆ្លើយតបទៅនឹងទិដ្ឋភាពជាក់ស្ដែង តាមប្រពៃណីទំនៀមទម្លាប់ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋទេ។ ដូច្នេះគេត្រូវតែបញ្ឈប់អំពើនោះជាបន្ទាន់៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com