ដោយ៖ ណាត សុភាព
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ប្រជាសហគមន៍បឹងកក់ លក់ផ្កានៅមុខសាលារាជធានីភ្នំពេញ (រូបថត៖ ណាត សុភាព)
ប្រជាសហគមន៍បឹងកក់ជាង១០នាក់ នៅព្រឹកថ្ងៃសុក្រនេះ អំពាវនាវឲ្យមន្ត្រីសាលារាជធានីភ្នំពេញ និងប្រជាពលរដ្ឋ ជួយទិញផ្ការបស់ពួកគាត់ ដើម្បីបង្ហាញពីក្តីស្រលាញ់ និងជួយទ្រទ្រង់សហគមន៍ ក្នុងយុទ្ធនាការទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង២១នាក់ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
ការអំពាវនាវនេះ ធ្វើឡើងខណៈដែលប្រជាសហគមន៍បឹងកក់ចំនួន ១៣នាក់ បានឈរលក់ផ្កាឈូកចំនួន ១០០ដើម និងផ្កាកូឡាប ២០០ដើម នៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់។
អ្នកស្រីទេព វន្នី តំណាងសហគមន៍បឹងកក់ មានប្រសាសន៍ថា ការលក់ផ្កានេះ គឺក្នុងគោលបំណងអំពាវនាវឲ្យមន្ត្រីសាលារាជធានីភ្នំពេញ ជួយទិញផ្ការបស់ពួកគាត់ ដើម្បីបង្ហាញការយោគយល់ និងក្តីស្រលាញ់រវាងអាជ្ញាធរនិងប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា ការលក់ផ្កានេះ មិនផ្តោតសំខាន់តែលើអាជ្ញាធរទេ ពួកគាត់ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជួយទិញផ្ការបស់ពួកគាត់ដែរ ដើម្បីយកថវិកាដែលលក់បាននោះ ទៅទ្រទ្រង់សហគមន៍បឹងកក់ សម្រាប់យុទ្ធការទាមទាររកយុត្តិធម៌ជូនអ្នកជាប់ឃុំទាំង២១នាក់ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាមផងដែរ។
អ្នកស្រីទេព វន្នី ឲ្យដឹងទៀតថា ការជ្រើសរើសកន្លែងលក់ផ្កា នៅមុខសាលារាជធានីភ្នំពេញនេះ ដោយសារទីកន្លែងនោះ ជាកន្លែងដែលពួកគាត់តវ៉ាដើម្បីសិទ្ធិសេរីភាព និងធ្លាប់រងការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ នាពេលកន្លងមក។
បើតាមអ្នកបឹងកក់ ផ្កាដែលលក់នៅថ្ងៃនេះ មិនកំណត់តម្លៃទេ គឺអាស្រ័យទៅលើទឹកចិត្តរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរ។ ប្រសិនបើលក់ផ្កានៅមុនសាលារាជធានីភ្នំពេញនេះ មិនអស់នៅព្រឹកនេះទេ ពួកគេនឹងបន្តលក់នៅពេលរសៀលទៀត ឬគ្រោងនឹងលក់ផ្កានៅតាមស្ថាប័នរដ្ឋធំៗមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com