អត្ថន័យ​នៃ​ឈ្មោះ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2014-02-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អង្គរវត សៀមរាប ៦១០
អ្នក​ទេសចរ​បរទេស​នាំ​គ្នា​ថត​រូប​អង្គរវត្ត ដោយ​ភ្ជាប់​ជាមួយ​ទេសភាព​មាត់​ស្រះ​ទិស​ខាង​លិច​ឆៀង​ខាង​ជើង នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Hang Savyouth

សៀមរាប គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ប្រទេស​កម្ពុជា​។ ខេត្ត​នេះ​ជា​តំបន់​ដ៏​មាន​ប្រជាប្រិយ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​ចូល​មក​ទស្សនា​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំៗ ដោយសារ​តែ​មាន​ប្រាសាទ​បុរាណ និង​សម្រស់​ធម្មជាតិ​ស្រស់​ត្រកាល។

បើ​ទោះ​បី​ជា​ខ្មែរ និង​បរទេស​ជា​ច្រើន បាន​ស្គាល់​ឈ្មោះ​ខេត្ត​សៀមរាប ក៏ដោយ​ក៏​ភាគ​ច្រើន​មិន​ដែល​ដឹង​ថា ហេតុ​អ្វី​បាន​ជា​បុព្វបុរស​ខ្មែរ​ដាក់​ឈ្មោះ​ខេត្ត​នេះ​ថា សៀមរាប ដូច្នេះ​ទែ?

តើ​ពាក្យ​ថា សៀមរាប មាន​អត្ថន័យ និង​ការ​ទាក់ទង​ជាមួយ​ប្រវត្តិសាស្ត្រ​យ៉ាង​ណា?

ខេត្ត​សៀមរាប បច្ចុប្បន្ន​មាន​ផ្ទៃដី​ប្រមាណ​ជាង ១២.១៥០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​ជាង ៩៣​ម៉ឺន​នាក់។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប នេះ គឺ​ប្រមាណ ២៥% ជា​អាជីវករ និង​អ្នក​ធ្វើ​ការងារ។ ចំណែក ៧៥% ទៀត ជា​កសិករ​ធ្វើ​ស្រែ និង​ចម្ការ។

«សំឡេង​ចម្រៀង ចំប៉ី​សៀមរាប»

ថ្វី​ត្បិត​តែ​ខេត្ត​សៀមរាប មាន​មន្ត​ស្នេហ៍​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ជាច្រើន​បាន​ស្គាល់​ថា តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​ក៏ដោយ ក៏ប៉ុន្តែ​ប្រសិន​បើ​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ខេត្ត​មួយ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា សៀមរាប ហើយ តើ​ឈ្មោះ​នេះ​មាន​ចាប់​តាំង​ពី​ពេល​ណា? គឺ​ប្រាកដ​ជា​មាន​មនុស្ស​តែ​តិចតួច​ដែល​បាន​ដឹង។

បុរស​ចំណាស់​អាយុ​ជិត ៧០​ឆ្នាំ រស់​នៅ​ក្រុង​សៀមរាប គឺ​លោក មែន គឹមសាន។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស្គាល់​ឈ្មោះ​ខេត្ត​សៀមរាប តាំង​ពី​លោក​នៅ​កុមារ​ភាព ក៏ប៉ុន្តែ​លោក​មិន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​អតីត​កាល​យ៉ាង​ណា​ទេ៖ «ដែល​អ៊ំ​កើត​មក​នោះ ឮ​តែ​គេ​និយាយ​ថា យ៉ាង​ម៉េច​បាន​តែ​ដាក់​ថា សៀមរាប? គេ​ឆ្លើយ​ថា​មក​ពី​ទី​នេះ សៀម គេ​វាយ​រាប​បាន​ជា​គេ​ដាក់​ថា សៀមរាប។ មិន​ដឹង​ថា ទ័ព​សៀម ចូល​មក​ពី​ឆ្នាំ​ណា​ក៏​អត់​ដឹង គឺ​មិន​ច្បាស់​លាស់​ទេ អ៊ំ​នោះ។ កើត​មក​មិន​បាន​ជា​គិតគូរ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​អ្វី​ឡើយ»

«សំឡេង​ចម្រៀង»

អ្នក​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បាន​ពន្យល់​ប្រហាក់​ប្រហែល​គ្នា​ថា ពាក្យ សៀម គឺ​ទាក់ទង​នឹង​ប្រទេស​មួយ ដែល​បច្ចុប្បន្ន​បាន​ប្រែ​ឈ្មោះ​ទៅ​ជា​ថៃ ទៅ​ហើយ។ ឯ​ពាក្យ​ថា រាប គឺ​មាន​ន័យ​ថា ចាញ់។

អនុ​ប្រធាន​ផ្នែក​​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ថា ចាប់​ពី​សតវត្ស​ទី​៩ និង​ទី​១០ នៃ​គ្រិស្ត​សករាជ ខេត្ត​សៀមរាប គេ​បាន​ប្រើ​ឈ្មោះ​ជា​ទីក្រុង​យសោធបុរៈ ដោយសារ​តែ​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាម ព្រះបាទ យសោ​វរ្ម័ន​ទី​១ បាន​កសាង។ ក៏ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​គេ​ហៅ​ថា អាណាចក្រ​អង្គរ។ នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះរាជា​ក្រោយៗ​មក ដែល​បាន​ប្ដូរ​រាជធានី​ទៅ​តាំង​នៅ​ភាគ​ខាង​ត្បូង និង​ទួល​បាសាន រហូត​ដល់​ចតុមុខ ជាដើម គឺ​ទីក្រុង​អង្គរ ត្រូវ​បាន​បោះ​បង់​ចោល​មួយ​រយៈ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ទើប​មាន​ការ​ចាប់​ផ្ដើម​គ្រប់គ្រង​ជា​រាជធានី​ឡើង​វិញ។

លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ទៀត​ថា បន្ទាប់​ពី​មាន​ការ​គ្រប់គ្រង​ជា​រដ្ឋបាល​ឡើង​វិញ​នោះ គឺ​តំបន់​អង្គរ​ត្រូវ​បាន​ទ័ព​សៀម នៃ​នគរ​ស្រីអយុធ្យា ចូល​មក​លុកលុយ​ជា​ច្រើន​លើក ចាប់​តាំង​ពី​សតវត្ស​ទី​១៤ នៃ​គ្រិស្ត​សករាជ។ នៅ​ក្នុង​សតវត្ស​ទី​១៥-១៦ មាន​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ព្រះនាម អង្គច័ន្ទ​រាជា បាន​ធ្វើ​ចម្បាំង​ជាមួយ​ទ័ព​សៀម ដើម្បី​បណ្ដេញ​ឱ្យ​ចេញ​ពី​តំបន់​អង្គរ។ ក្នុង​ការ​ធ្វើ​សង្គ្រាម​កាល​ណោះ គឺ​កងទ័ព​ខ្មែរ​បាន​ជោគជ័យ ហើយ​ពាក្យ​ថា សៀមរាប គឺ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​កងទ័ព​ខ្មែរ៖ «ពាក្យ​ថា សៀមរាប គឺ​មាន​ន័យ​ថា សៀម បាន​ខ្លបខ្លាច​លោក បាន​ចាញ់​លោក បាន​អស់​ឫទ្ធិ​អ៊ីចឹង​ទៅ។ ដូច្នេះ គេ​ឱ្យ​ឈ្មោះ​ថា តំបន់​សៀមរាប នេះ​ជា​ទស្សនៈ​របស់​ជាតិ​ខ្មែរ របស់​អ្នក​តំណ​ដែល​បាន​លើក​ឡើង​ក្នុង​ដំណែល​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ។ ចំណុច​នេះ​ហើយ បាន​ជា​ចាប់​ផ្ដើម​មាន​ពាក្យ​ថា សៀមរាប»

ការ​អធិប្បាយ​របស់​លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា នេះ គឺ​ដូច​គ្នា​នឹង​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផ្សេង​ទៀត។

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​សង្ខេប​មួយ ដែល​សរសេរ​ដោយ លោក នួន សុធិមន្ត ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​រាជការ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​អធិប្បាយ​ថា នៅ​ឆ្នាំ​១៥២៥ នៃ​គ្រិស្ដ​សករាជ ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាម អង្គច័ន្ទ​រាជា​ទី​១ បាន​វាយ​បង្ក្រាប​កងទ័ព​សៀម ដែល​ឈ្លាន​ពាន ឱ្យ​បរាជ័យ​នៅ​តំបន់​អង្គរ។ ដូច្នេះ​ហើយ បាន​ជា​ព្រះបាទ​អង្គច័ន្ទ​រាជា​ទី​១ បាន​ដាក់​ឈ្មោះ​ថា សៀមរាប គឺ​មាន​ន័យ​ថា ទ័ព​សៀម ចាញ់​រាប​ដូច​កន្ទេល។

បច្ចុប្បន្ន​នេះ ខេត្ត​សៀមរាប មិន​ត្រឹម​តែ​ជា​និមិត្តរូប​នៃ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ វា​ក៏​កំពុង​នាំ​ប្រទេស​កម្ពុជា ឱ្យ​ទទួល​បាន​នាម​ថ្មី​មួយ​ទៀត គឺ​ព្រះរាជាណាចក្រ​អច្ឆរិយ ដោយសារ​តែ​ភាព​ល្បីល្បាញ​ខាង​វប្បធម៌​ប្រវត្តិសាស្ត្រ។

«សំឡេង Kingdom of Wounder»

អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ពិភពលោក​កំពុង​នាំ​គ្នា​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ដ៏​សម្បូរ​បែប​នា​ទឹក​ដី​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៤ គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ៣០​ម៉ឺន​នាក់ បាន​មក​ទស្សនា​តំបន់​អង្គរ។ ក្រុម​ទេសចរ​បរទេស​ទាំង​នោះ បាន​ចាប់​អារម្មណ៍​ទៅ​លើ​សំណង់​បុរាណ​ដែល​ជា​ប្រវត្តិសាស្ត្រ និង​សម្រស់​ធម្មជាតិ៖ «ភ្ញៀវ​មួយ​ចំនួន​ទៅ​ភ្នំ​គូលែន ជាពិសេស​ភ្ញៀវ​រុស្ស៊ី។ មាន​ទៅ​តំបន់​បឹង​ទន្លេសាប ហើយ​និង​ប៉ែក​តំបន់​អង្គរ​ធំ»

ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​តំបន់​អង្គរ ហើយ​កើន​ឡើង​ច្រើន​ជាង​គេ មាន​ដូច​ជា ជនជាតិ​ចិន កូរ៉េ វៀតណាម និង​រុស្ស៊ី ជាដើម។ ជា​រៀង​រាល់​ថ្ងៃ មាន​ជនជាតិ​កូរ៉េ ជាច្រើន​បាន​នាំ​ភ្ញៀវ​ទេសចរ​ដើរ​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ។

«សំឡេង Guide Korea»

អ្នក​មគ្គុទ្ទេសក៍​ជាតិ​ខ្មែរ​មួយ​រូប គឺ​លោក រ៉េត សាមុត បាន​មាន​ប្រសាសន៍​ថា ខេត្ត​សៀមរាប ប្រៀប​បាន​ទៅ​នឹង​ជង្រុក​វប្បធម៌​ដ៏​សម្បូរ​បែប ដោយ​ធ្វើ​ឱ្យ​អ្នក​ទេសចរ​បរទេស​ចង់​ឃើញ និង​ចង់​ស្វែង​យល់៖ «ក្នុង​នោះ​យើង​សង្កេត​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​ចំនួន ៥៤៤​ប្រាសាទ ហើយ​មាន​ស្ពាន​ថ្ម​ចំនួន​៥៩ ហើយ​ក៏​មាន​ស្រះ បារាយណ៍ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេងៗ រួម​ជាមួយ​នឹង​វត្ថុ​សិល្បៈ​ផ្សេងៗ ដូច​ជា ប្រពៃណី​ទំនៀមទម្លាប់​ក៏​រួម​ផ្សំ​ផង​ដែរ»

លោក រ៉េត សាមុត បាន​អធិប្បាយ​ថា ដោយសារ​តែ​មាន​ប្រាង្គ​ប្រាសាទ និង​វប្បធម៌​ដ៏​យូរ​លង់​នេះ ធ្វើ​ឱ្យ​ទឹក​ដី​ខេត្ត​សៀមរាប មាន​មន្ត​ស្នេហ៍​យ៉ាង​ខ្លាំង ក្នុង​ការ​ទាក់ទាញ​បេះដូង​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍៖ «ទឹក​ដី​ខេត្ត​សៀមរាប យើង​នេះ បាន​បង្កប់​មន្ត​ស្នេហ៍​សម្រាប់​គេ​ទៅ​ទស្សនា​ពេល​ព្រះអាទិត្យ​លិច ក៏​ដូច​ជា​ទៅ​មើល​ជីវិត​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ដូច​ជា ច្រូត​កាត់ ដក​ស្ទូង ជាដើម និង​ការ​ធ្វើ​តម្បាញ​សិប្បកម្ម ដូច​ជា កន្ត្រក ជាល ស្មុគ​អី​ជាដើម គឺ​ឃើញ​ថា​ច្រើន​មែន​ទែន»

អ្នក​ប្រវត្តិសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ខេត្ត​សៀមរាប បាន​ឆ្លង​ការ​ចម្បាំង និង​ការ​ធ្វើ​អាណានិគម​ពី​បរទេស​ជាច្រើន​ជំនាន់​រាប់​មិន​អស់ ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ទី​នេះ​នៅ​តែ​រក្សា​ទុក​បាន​នូវ​សំនៀង​ដើម​នៃ​ភាសា​របស់​ខ្មែរ ជាមួយ​នឹង​វប្បធម៌​ជា​ច្រើន​ទៀត ដែល​តំបន់​ផ្សេងៗ​បាន​បាត់​បង់​អស់​ទៅ​ហើយ។ វប្បធម៌​ទាំង​នេះ ដូច​ជា ពិធី​កោរ​ជក់​កូន​ក្មេង ពិធី​ចូល​ម្លប់ ពិធី​ហៅ​ព្រលឹង និង​ពិធី​រំដោះ​គ្រោះ​ជាដើម។ មាន​អ្នក​ភូមិ​ខ្លះ នៅ​ពេល​ដែល​ត្រូវ​ការ​ស្រោច​ទឹក​រំដោះ​គ្រោះ គឺ​គេ​តែង​ទៅ​វត្ត​ដើម្បី​ទួល​សុំ​ព្រះសង្ឃ​ឱ្យ​ធ្វើ​ពិធី ព្រម​ទាំង​មាន​ដូន​ចាស់​ជាច្រើន​នាក់ អង្គុយ​ព័ទ្ធ​ជុំវិញ​ស្រែក​ហៅ​ព្រលឹង​ផង។

«សំឡេង»

ក្រៅ​តែ​ពី​ប្រាសាទ​បុរាណ និង​ប្រពៃណី​វប្បធម៌​ដែល​អាច​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ច្រើន​លាន​នាក់​ក្នុង​១​ឆ្នាំ​នោះ កត្តា​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​រស់​នៅ​បាន ដោយ​អាស្រ័យ​លើ​កសិកម្ម គឺ​ទី​ពឹង​លើ​ប្រភព​ទឹក​ជា​អ្នក​ផ្ដល់​ជីវិត​ឱ្យ​សត្វ​លោក ដែល​ហូរ​ចុះ​ពី​កំពូល​ភ្នំ​គូលែន ជា​ទី​ស័ក្តិសិទ្ធិ​ទៅ​កាន់​បឹង​ទន្លេសាប។

«សំឡេង»

បឹង​ទន្លេសាប​មិន​មែន​តែ​ជា​កន្លែង​គយគន់​ទេសភាព​នៃ​អ្នក​ទេសចរណ៍​ប៉ុណ្ណោះ​ទេ គឺ​ជា​តំបន់​ផ្ដល់​ប្រភព​ត្រី​ឱ្យ​ធ្វើ​ជា​ម្ហូប​អាហារ តាំង​តែ​ពី​សម័យ​កសាង​អង្គរ​មក​ម្ល៉េះ។

ស្នាម​អារ្យធម៌​ដ៏​ខ្ពង់ខ្ពស់​សម្បូរ​បែប​របស់​បុព្វបុរស​ខ្មែរ ដែល​បន្សល់​ទុក​នៅ​ខេត្ត​សៀមរាប គឺ​មិន​ត្រឹម​តែ​បង្ហាញ​ឱ្យ​ដឹង​ពី​ភាព​រុងរឿង​នៃ​អតីតកាល​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​អនាគត​ក៏​នឹង​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ ដែល​គ្មាន​គូ​ប្រៀប​ដែរ។

ការ​សិក្សា​ស្ដីពី​ផែន​ការ​មេ​រួម សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ក្រុង​សៀមរាប មួយ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន បាន​ទស្សន៍ទាយ​ថា សៀមរាប នឹង​ក្លាយ​ទៅ​ជា​ទីក្រុង​ទេសចរណ៍​ល្អ​បំផុត​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍ នៅ​ឆ្នាំ​២០២០ ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​សិល្បៈ វប្បធម៌ និង​លក្ខណៈ​ជា​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "អត្ថន័យ​នៃ​ឈ្មោះ​ខេត្ត​សៀមរាប"

  1. Sva watpnom says:

    ចេះតែអួត យួរៗដីនៅសល់ប៉ុនមេដៃ ។

  2. pingpong says:

    ១. ប្រទេសខ្មែរចាំបាច់ត្រូវស្តារហុងស៊ុយឡើងវិញ!! ការស្តារហុងស៊ុយនេះ រួមទាំងការស្តារប្រាសាទ ប្រព័ន្ធធារាសាស្រ្តនៃដង្ហើមទឹក និងរៀបចំពិធីអភិសេកព្រះនៃព្រហ្មមញ្ញសាសនានៅក្រុងអង្គរអោយមានព្រលឹងឡើងវិញ ។
    ២. ក្នុងនេះដែរ ជនជាតិខ្មែរគួរកែឈ្មោះខេត្តសៀមរាបនេះ មកជាខេត្ត ” មហានគរ ” វិញ និងទីរួមខេត្តនេះហៅថា៖ ” ក្រុងអង្គរ​ ” ។ ពាក្យ ” មហានគរ ” នេះ ជនជាតិខ្មែរបាននិយមប្រើប្រាស់ ក្នុងសម័យកាលខ្មែររុងរឿង ដែលបច្ចុប្បន្នខេត្តនៅប្រទេសថៃនៅប្រើប្រាស់នៅឡើយ ដូចជា ក្រុងទេពមហានគរឬអានសំនៀងសៀមគឺ ” ក្រុងទេពមាក់ហាណខន ” ។
    ៣. ពាក្យថា៖ “សៀមរាប ” នេះ អាចបកស្រាយតាមបែបពីរយ៉ាង៖
    ក. បែបទី១៖ គឺផ្អែកតាមប្រវតិ្តសាស្រ្តសរសេរដោយជនជាតិខ្មែ គឺ សៀមរាប មានន័យថា៖ សៀម+រាប គឺសំដៅសង្រ្គោមរបស់ស្តេចខ្មែពញាយ៉ាតបានវាយប្រហារសៀម អោយរៀបទាប ខ្ជាត់ខ្ជាយ រំដោះក្រុងអង្គរ ហើយដើម្បីជាមោទនភាព ស្តេចអង្គនេះបានសម្រេចដាក់ឈ្មោះតំបន់នេះថា៖ សៀមរាប!!
    ខ. ខ្ញុំបានសិក្សាប្រវត្តិសាស្រ្តថៃនូវឯកសារជាច្រើន ពួកថៃបានសរសេរផ្សេងពីខ្មែរទៅវិញ៖ គឺស្តេចថៃបានវាយកាន់កាប់ទឹកដីអង្គរលើកទី១ និងដាក់ទឹកដីអង្គរជាសាមន្តរដ្ឋឬរដ្ឋចំណុះ កាលពីសតវត្សទី១៤ ហើយស្តេចអង្គរនោះបានដាក់ព្រះរាជបុត្រ១អង្គអោយសោយរាជ្យនៅរាជធានីអង្គរដោយដាក់ឈ្មោះថា ” រដ្ឋសៀម​” ឬសៀមរាត់ ឬអានតាមសំនៀងសៀម ” ស្យាមរាត់ ” ប៉ុន្តែជនជាតិខ្មែរបានអានពាក្យនេះយូរៗ ទៅក្រឡៃទៅជា ​” សៀមរាប ” ។ ពិតណាស់ស្តេចសៀមបានប្រើ ​​” សៀមរាត់ ” មុនគេ សំដៅរាជធានីអង្គរកាលពីពួកគេកាន់កាប់!!!! ហើយជនជាតិសៀមតែងនិយាយថា៖ អរិយធម៌អង្គរបានរាបដល់ដីដោយសារសៀម!! នេះជាប្រវតិ្តសាស្រ្តសៀម!!( កន្លែងនេះខ្ញុំសូមបញ្ជាក់ថា៖ អរិយធម៌អង្គរឬអរិយធម៌ព្រហ្មញ្ញសាសនាបានដួលរលំមុនការបង្កើតរដ្ឋសៀមនៅសុខោទ័យទៅទៀត!!!)
    ៣. សរុបសេចក្តីមក ខ្ញុំនៅតែសង្ឃឹមថា៖ ថ្ងៃណាមួយ ជនជាតិខ្មែរនឹងដូរ ឈ្មោះខេត្ត ” សៀមរាប ” មកជា ” ខេត្តមហានគរ ” វិញ ហើយទីរួមខេត្តនេះ នឹងប្រែឈ្មោះមកឈ្មោះដើមវិញគឺ ” ក្រុងអង្គរ ” ។ យើងដឹងហើយវិញ្ញាណរបស់ស្តេចខ្មែរនៅក្នុងប្រាសាទខ្មែរ ដូច្នេះ គួរនៅក្នុងខេត្តដែលមានឈ្មោះជាខ្មែរ!!

  3. Sam says:

    ពាក្យសៀម ជាអក្សរឡាតាំងគឺSIAM។ ហេតុម្តេចក៏មិនសរសេរ SIAM REAP ?

  4. បរិមី ព្រ:វិហារ says:

    ឈ្មោះសៀមរាបនេះមានការពេញនិយមនិងទទួលស្គាល់ពាសពេញសាកលលោកហើយ និងមានន័យល្អគ្រប់គ្រាន់សំរាប់រាស្ត្រខែ្មរ ចំពោះប្រវត្តិសាស្រ្តថៃមានសំណេរនិងអានយ៉ាងម៉េចមិនសំខាន់ទេ សំខាន់បំផុតអត្ថន័យនិងខ្លឹមសារក្នុងភាសារខែ្មរនិងការនិយមចូលចិត្តរបស់រាស្រ្តខែ្មរ ។ គំនិតល្អដែរចំពោះការរៀបចំឱយមានក្រុងអង្គរ ឬរាជធានីអង្គរ ហើយនៅតែរក្សាខេត្តជាខេត្តសៀមរាបដដែល ។ ដូចនេះយើងមានរាជធានីអង្គរ សិ្ថតនៅខេត្តសៀមរាប ដូចយើងមានក្រុងសួង សិ្ថតនៅេខត្តត្បូងឃ្មុំដែរ ។

  5. I,Khmer says:

    Siem Reap, have Angkor Wat that make alots of money from the tourist. If all that money go direct to the nation budget it would a have 40,000 Riels for Khmer old retiree a month easily . But, it’s too bad …… that mother fucker Sok Kong take it all for him self!!?? Oh, I forgot, he gave 50% to Mr. Hun Sen too …….
    So do your math, all you dumb fuck CPP …….. This is just one small thing. How about gas, land, rose wood, crude oil, all kind of minerals…etc. If we combined all of those together and without corruption, the police will get paid $250, teacher $250, factory worker $160, and even the hooker in Toul Kork or around Wat Phnom will get paid up to $20 per sex too ……..that is the real Kingdom of Cambodia!!! Everybody happy ever after…………