ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ប្រជាសហគមន៍បឹងកក់ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ពួកគេនៅតែប្រកាន់ជំហររៀបចំវេទិកាពិភាក្សាស្តីពីតួនាទីព្រះសង្ឃ និងបញ្ញវន្តជាមួយអ្នកនយោបាយ នៅថ្ងៃស្អែកតាមការគ្រោងទុក បើទោះជាមិនទាន់មានការឆ្លើយតបពីសាលារាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រជាសហគមន៍បឹងកក់ បានជូនដឹណឹងទៅលោក ឆាយ ធិរិទ្ធ ចៅសង្កាត់ស្រះចក ស្តីពីការរៀបចំពីធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរសខ្មែរស្នេហាជាតិ និងរៀបចំវេទិកាពិភាក្សាស្តីពីតួនាទីព្រះសង្ឃ និងបញ្ញវន្តជាមួយសកម្មភាពនយោបាយ។ តែទោះជាយ៉ាងណា លោក ឆាយ ធិរិទ្ធ ឆ្លើយថា សាលាសង្កាត់ស្រះចកមិនមានសិទ្ធិក្នុងការអនុញ្ញាត ឲ្យសហគមន៍បឹងកក់ធ្វើពិធីនេះបានទេ លុះណាតែមានការអនុញ្ញាតិពីសាលារាជធានីភ្នំពេញ។
សកម្មជនដីធ្លីបឹងកក់ កញ្ញា សុង ស្រីលាភ មានប្រសាសន៍ថា កន្លងទៅសាលារាជធានីធ្លាប់ប្រាប់ថា នៅពេលធ្វើពិធីបង្សុកូល គ្រាន់តែជូនដំណឹងត្រឹមចៅសង្កាត់បានហើយ។ កញ្ញា បន្តថា ពិធីនេះមិនមានការហែក្បួនអ្វីទេ ហើយប្រសិនបើអាជ្ញាធរមករារាំងពិតមែន នេះបង្ហាញឲ្យច្បាស់ពីការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ ក្នុងការប្រមូផ្តុំបញ្ចេញមតិ។
VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសលារាជធានីភ្នំពេញ បាននៅឡើយទេ។ ប៉ុន្តែការសែតក្នុងស្រុកមួយចំនួនចុះផ្សាយថា សាលារាជធានី មិនទាន់បានទទួលសេចក្តីជូនដំណឹងរបស់សហគមន៍បឹងកក់ទេ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក នៅផ្ទះអ្នកស្រី ទេព វន្នី លេខ១៨១ ផ្លូវ៨៦ ក្រុម២៧៤ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com