WWF បារម្ភ​ពី​ការ​គំរាម​កំហែង​រុក្ខជាតិ​ផ្តៅ​ដោយ​សារ​បាត់បង់​ព្រៃឈើ

Friday, 14 February 2014
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

20140214_05

សកម្មភាព​រុក​ព្រៃ​កាប់​ផ្តៅ​ របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ក្នុង​​​ខេត្ត​កំពត។ រូបថត WWF

ភ្នំពេញៈ សៀវភៅ​ដំបូង ស្តី​ពី​ផ្តៅ​ក្នុង​បី​ប្រទេស​នៃ​មហា​តំបន់​មេគង្គ ត្រូវ​បាន​ចេញ​ផ្សាយ កាល​ពី​ម្សិលមិញ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ និង​ចង​ក្រង​សៀវភៅ​នេះ​បាន​សម្ដែង​ក្តី​បារម្ភ ពី​ការ​គំរាម​កំហែង​ដល់​រុក្ខជាតិ​ផ្តៅ​ដោយ​សារ​ការ​បាត់បង់​ព្រៃឈើ។

អង្គការ WWF និង​ក្រុម​រុក្ខវិទូ​មក​ពី​ក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ពី​ផ្តៅ​អស់​រយៈ​ពេល ៨ឆ្នាំ នៅ​ក្នុង​តំបន់​មេគង្គ ដែល​មាន​ប្រទេស កម្ពុជា ឡាវ និង វៀតណាម ហើយ​បាន​ចងក្រង​ជា​សៀវភៅ​ជា​ភាសា​អង់គ្លេស​មួយ​ក្បាល​ដែល​មាន​កម្រាស ២២២ ទំព័រ។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​អង្គការ WWF បាន​ប្រារព្ធ​ពិធី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ផ្សព្វ​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ប្រព័ន្ធ​ចំណាត់​ថ្នាក់ អេកូឡូស៊ី និង​ការ​គ្រប់​គ្រង​ផ្តៅ​ក្នុង​ប្រទេស កម្ពុជា ឡាវ និង វៀតណាម»។ ផលិតផល និង​គ្រឿង​សង្ហារិម ដែល​ផលិត​ពី​ផ្តៅ ក៏​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិធី​នេះ​ផង​ដែរ។

លោក ឈិត សំអាត នាយក​អង្គការ WWF កម្ពុជា បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា សៀវភៅ​នេះ​មាន​កត់​ត្រា និង​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ផ្តៅ​ចំនួន ៦៥ ប្រភេទ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ទាំង​បី។ ក្នុង​នោះ​មាន ២០ ប្រភេទ​មាន​នៅ​ក្នុង​ប្រទេស កម្ពុជា ដែល​រួម​មាន​ផ្តៅ​ពីរ​ប្រភេទ​ឈ្មោះ​ផ្តៅ​ទឹក​ឃ្មុំ និង​បន្លា​ដង​វែង ត្រូវ​បាន​រក​ឃើញ​ថ្មី​នៅ កម្ពុជា។

លោក ឈិត សំអាត បាន​បញ្ជាក់​ថា៖ «ការ​ចង​ក្រង​និង​ដាក់​បញ្ចូល​ព័ត៌មាន​ពី​ការ​គ្រប់​គ្រង​ផ្តៅ​គឺ​ដើម្បី​ជា​មាគ៌ា​សម្រាប់​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ផ្តៅ​ដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​ទាំង​បី»។ សៀវភៅ​នេះ ក៏​នឹង​ត្រូវ​បក​ប្រែ​ជា​ភាសាខ្មែរ ឡាវ និង វៀតណាម ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។

លោក ឈិត សំអាត ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ពាណិជកម្ម​ផ្តៅ​ក្នុង​ពិភពលោក​មាន​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែល​មាន​មនុស្ស​ប្រមាណ​ជា ៧០០ លាន​នាក់​រួម​មាន​អ្នក​ដក ផលិត និង​អ្នក​ទិញ លក់ កំពុង​ប្រឡូក​ក្នុង​ការងារ​នេះ។ ដោយ​ឡែក​ឧស្សាហកម្ម​ផ្តៅ​នៅ​កម្ពុជា​កំពុង​ផ្តល់​ចំណូល​ដល់​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​រក​ស៊ី​ផ្តៅ​ប្រមាណ​ជា ១,៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែល​ក្នុង​មួយ​គ្រួសារៗ អាច​ទទួល​បាន​ផល​ប្រយោជន៍​ប្រហែល​ជា ៨៦ ដុល្លារ​ក្នុង​មួយ​ខែ។

ទោះ​យ៉ាង​ណា​លោក សំអាត បាន​ថ្លែង​ដូច្នេះ​ថា៖ «ការ​ដក​ផ្តៅ​ហួស​កម្រិត​កង្វះ​ខាត​ការ​គ្រប់​គ្រង នាំ​ឲ្យ​ធនធាន​នេះ​កាន់​តែ​រេចរឹល​និង​ការ​ប្រើ​ប្រាស់​ដោយ​គ្មាន​និរន្តរភាព»។

អង្គការ WWF ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ធនធាន​ផ្តៅ​ព្រៃ កំពុង​តែ​ទទួល​រង​ការ​គំរាម​កំហែង ដែល​បណ្តាល​មក​ពី​ការ​បង្វែរ​ការ​ប្រើ​ប្រាស់​ដី​ព្រៃ និង​សកម្មភាព​ដក និង​ប្រមូល​ផ្តៅ ដោយ​គ្មាន​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​ផ្តៅ​ព្រៃ​ធ្លាក់​ចុះ ហើយ​ជះ​ឥទ្ធិពល​ដល់​ភាព​រីក​ចម្រើន​ដល់​វិស័យ​ផ្តៅ​ក្នុង​តំបន់​មហា​មេគង្គ។

លោក ឃូ អៀងហួត រុក្ខវិទូ​ជាន់​ខ្ពស់​និង​ជា​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា ផ្ទៃ​ដី​ព្រៃ ៧០ ភាគរយ​នៅ កម្ពុជា មាន​ផ្តៅ ប៉ុន្តែ​លោក​មិន​បាន​សិក្សា​ឲ្យ​បាន​ដឹង​ពី​ចំនួន​ទំហំ​ផ្ទៃ​ដី​ពិត​ប្រាកដ​ដែល​មាន​ផ្តៅ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ការ​បំប្លែង​ដី​វា​មាន​ប្រយោជន៍​ម្យ៉ាង និង​ខាត​ម្យ៉ាង។ យើង​ផ្តល់​ដី​សម្បទាន បើ​ដាំ​ដំឡូង​វា​បាន​ដំឡូង ដាំ​កៅស៊ូ​បាន​កៅស៊ូ តែ​រឿង​ផ្តៅ​ក្នុង​ព្រៃ​មួយ​រយ​ភាគ​រយ​វា​បាត់បង់​ហើយ»។ លោក​បន្ត​ថា ភ្លើង​ឆេះ​ព្រៃ​ក៏​បង្ក​មហន្តរាយ​ដល់​ផ្តៅ​ដែរ។

លោក Charles M. Peters អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​និពន្ធ​សៀវភៅ​នេះ បាន​មាន​ថ្លែង​ថា តំបន់​ផ្ទៃ​ដី​ព្រៃ គឺ​ប្រែ​ប្រួល​រាល់​ថ្ងៃ និង​រាល់​ឆ្នាំ​ហើយ​ធនធាន​ផ្តៅ​ក៏​កាន់​តែ​តិច​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ បើ​សិន​ជា​គ្មាន​វិធាន​ណា​មួយ​ទប់​ស្កាត់​នោះ​ទេ។

លោក ឈិត សំអាត បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សៀវភៅ​នេះ​មិន​បាន​ដាក់​បញ្ចូល​ពី​ផល​ប៉ះពាល់​នៃ​ការ​ផ្តល់​ដី​ព្រៃ​សម្បទាន​ទៅ​លើ​ផ្តៅ​នោះ​ទេ។

លោក​លើក​ឡើង​ថា៖ «ប៉ុន្តែ​បើ​តាម​ទ្រឹស្តី ការ​ផ្តល់​ដី​សម្បទាន គឺ​ធ្វើ​ឡើង​លើ​ដី​សឹក​រេចរឹល មិន​មែន​ដី​ព្រៃ​ទេ។ បើ​តាម​អនុក្រឹត្យ វា​មិន​ប៉ះ​ពាល់​ព្រៃ និង​ផ្តៅ​នោះ​ទេ»។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ បើ​សិន​មាន​ដី​សម្បទាន​ណា​មួយ​ប៉ះ​ពាល់​ព្រៃ ឬ​ផ្តៅ​នោះ៕


What Next?

Recent Articles