ដោយ៖ បូ សាវី
ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋមួយចំនួន នៅស្រុកស្វាយលើ ខេត្ដសៀមរាប ប្រតិកម្មនឹងក្រុមហ៊ុនលីឈួង ដែលប្រើសន្ដិសុខជាសមត្ថកិច្ចប៉េអឹម ដកយកសម្ភារពួកគេ នៅពេលដឹកឆ្លងកាត់ក្រុមហ៊ុនរបស់ខ្លួន ដោយចោទពួកគាត់ថា ទៅកាប់ឈើ និងកាប់ព្រៃយកដីក្នុងទីធ្លាក្រុមហ៊ុន។
មេភូមិស្ពានក្មេង ឃុំតាសៀម ស្រុកស្វាយលើ លោក សៀក ស៊ាំ ប្រាប់VODនៅថ្ងៃនេះថា កាលពីល្ងាចថ្ងៃទី១៥ខែកុម្ភៈនេះ សន្ដិសុខជាសមត្ថកិច្ចប៉េអឹម របស់ក្រុមហ៊ុនលីឈួង បានដកយកសម្ភាររបស់អ្នកភូមិ ដូចជាគោយន្ដ រណា ចប ពូថៅ និងកាំបិតជាដើម នៅពេលពួកគាត់ ទុកនៅខ្ទមស្រែ និងដឹកឆ្លងកាត់ក្រុមហ៊ុន។ លោកបន្ដថា មិនតែប៉ុណ្ណោះ សន្ដិសុខបានសម្លុតគំរាមពលរដ្ឋ មិនឲ្យកាប់ឆ្ការព្រៃលើដីរបស់ពួកគាត់ទេ។
ពលរដ្ឋមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា សន្ដិសុខជាប៉េអឹមក្រុមហ៊ុននោះឈ្មោះដាក មិនត្រឹមតែដកយកសម្ភារធុងទឹក ធុងសាំងប៉ុណ្ណោះទេ សូម្បីតែគោយន្ដទទេក៏ត្រូវអ្នកយាមក្រុមហ៊ុន មិនឲ្យឆ្លងកាត់ដែរ។ អ្នកភូមិបន្ដថា ផ្លូវដែលពលរដ្ឋឆ្លងកាត់ និងធ្វើអាជីវកម្មនោះ ជាផ្លូវបុរាណ ដែលអ្នកភូមិធ្លាប់ធ្វើដំណើរ ហើយក្រុមហ៊ុនមិនទាន់បោះបង្គោលព្រំប្រទល់ដីនៅឡើយទេ។ អ្នកភូមិ ស្នើឲ្យអាជ្ញាធរពិនិត្យ និងបង្ហាញផ្លូវសម្រាប់ពួកគាត់បង្កបង្កើនផលឲ្យបានច្បាស់លាស់។
ករណីនេះ អនុប្រធានក្រុមហ៊ុន លីឈួង លោក ជា ពៅ មានប្រសាសន៍ទទួលស្គាល់ថា ពិតជាបានចាប់យកគោយន្ដមែន ប៉ុន្ដែបានប្រគល់ឲ្យម្ចាស់វិញហើយ នៅតែសម្ភារដូចរណា ហើយនិងប្រគល់ឲ្យវិញរយៈពេលពីថ្ងៃទៀត។ លោកថា ចំណែកអ្នកដែលចោទថា ក្រុមហ៊ុនហាមឃាត់មិនឲ្យដឹកសំភារៈឆ្លងកាត់ក្រុមហ៊ុននោះ មិនមែនជាការពិតឡើយ គឺហាមឃាត់ពលរដ្ឋដែលចូលកាប់ឈើ នៅក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។
ក្រុមហ៊ុនលីឈួង ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ចំនួន៦ពាន់ហិកតានៅឆ្នាំ២០០៤ ស្ថិតនៅស្រុកស្វាយលើ ខេត្ដសៀមរាប ជាប់ព្រំប្រទល់ខេត្ដព្រះវិហារ ដើម្បីអភិវឌ្ឍន៏ដំណាំកៅស៊ូ។ ក៏ប៉ុន្ដែពលរដ្ឋឲ្យដឹងថា ការអភិវឌ្ឍន៏នោះ បានប៉ះពាល់ដីស្រែចំការពួកគេ៤៩៥ ហិកតាស្មើ នៅតំបន់នោះ។ កន្លងពួកគាត់៩៩គ្រួសារ ព្រួយបារម្ភខ្លាចបាត់បង់ដីស្រែ ដោយសារ សន្ដិសុខក្រុមហ៊ុន ជាសមត្ថកិច្ចទទួលប្រាក់ខែពីរដ្ឋាភិបាលនោះ បានដើរប្រមូលសម្ភារសម្រាប់ធ្វើស្រែពួកគេ និងគំរាមពេលពួកគាត់កាប់ឆ្ការព្រៃសម្អាតដីទៀតផង៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com