ដោយ រដ្ឋា វិសាល
2014-02-16
RFA

០៧-តុលា-០៩: រោងរបស់កម្មករដែលលោក ថោ សារ៉ន អនុប្រធានតុលាការខេត្តរតនគិរី ជួលមកធ្វើរបងហ៊ុមព័ទ្ធយកដីរដ្ឋ នៅចំណុចទួលទទេង ភូមិ៣ វាលឆ្កែហត់ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ RFA/Ratha Visal
ប៉ុន្មានឆ្នាំកន្លងទៅនេះគេសង្កេតឃើញក្រុមអាជ្ញាធរមានសមត្ថកិច្ចនៅខេត្តបែកឦសានប្រទេស មានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តក្រចេះ ជាដើម តែងតែប្រើវិធានការបង្ក្រាបប្រជាពលរដ្ឋដោយវិធីក្ដៅ គឺរុះរើកម្ទេចនិងដុតបំផ្លាញលំនៅឋានប្រជាពលរដ្ឋ ក្រោមហេតុផលថាជាការអនុវត្តច្បាប់ ដោយសារតែប្រជាពលរដ្ឋទាំងនោះបានចូលទៅកាប់ឆ្ការព្រៃតាំងទីលំនៅលើដីរដ្ឋ។ ចំណែកប្រជាពលរដ្ឋអ្នកតាំងទីលំនៅវិញ តែងតែចោទប្រកាន់ក្រុមអាជ្ញាធរទាំងនោះថា ប្រើប្រាស់កងប្រដាប់អាវុធ ប្រព្រឹត្តអំពើហិង្សាឃោរឃៅបំផ្លាញទ្រព្យសម្បត្តិ រំលោភសិទ្ធិ រំលោភច្បាប់ជាដើម។
តើប្រជាពលរដ្ឋពិតជាមានកំហុស ឬសកម្មភាពបង្ក្រាបរបស់អាជ្ញាធរពិតជាមិនត្រឹមត្រូវ?
ការប្រើប្រាស់កងទាហាននគរបាល និងកងរាជអាវុធហត្ថស្លៀកពាក់ឯកសណ្ឋានប្រដាប់អាវុធរុះរើដុតបំផ្លាញលំនៅឋាន ជម្រកស្នាក់នៅរបស់ប្រជាពលរដ្ឋជនស៊ីវិលក្រីក្រ អ្នកតាំងទីលំនៅខុសច្បាប់លើតំបន់ព្រៃឈើ ឬដីធ្លីទ្រព្យសម្បត្តិរដ្ឋ បានក្លាយជាទម្លាប់មួយដែលគេឃើញក្រុមអាជ្ញាធរខេត្តក្រុងមួយចំនួនយកមកអនុវត្តក្រោមហេតុផលថាអនុវត្តច្បាប់។
ក្រុមមន្ត្រីអាជ្ញាធរតែងចាត់ទុកប្រជាពលរដ្ឋថា អ្នកមានកំហុសបានមកកាប់ឆ្ការរានព្រៃឈើចាប់យកដីរដ្ឋនិងតាំងទីលំនៅខុសច្បាប់។ ហេតុនេះ បន្ទាប់ពីក្រុមអាជ្ញាធរបានណែនាំអប់រំ និងដាក់បំរាមឲ្យប្រជាពលរដ្ឋរុះរើលំនៅឋានចាកចេញហើយប្រជាពលរដ្ឋរឹងរូសនោះ វិធានការចុងក្រោយគឺការប្រើកងប្រដាប់អាវុធរុះរើនិងដុតកម្ទេចចោល ដើម្បីរឹបអូសដីមកទុកជាសម្បត្តិរដ្ឋវិញតាមរយៈដីកាសម្រេចរបស់មន្ត្រីតុលាការដែលមិនបានជូនដំណឹង ឬផ្ដល់សិទ្ធិប្ដឹងទាស់ពីប្រជាពលរដ្ឋនោះឡើយ។
សកម្មភាពបង្ក្រាបបែបនេះកើតមានច្រើនទៅលើប្រជាពលរដ្ឋចំណាកស្រុកពីបណ្ដាខេត្តកំពង់ចាម ស្វាយរៀង ព្រៃវែង និងបណ្ដាខេត្តផ្សេងទៀតដែលផ្សងព្រេងស្វែងរកដីបង្កបង្កើនផល និងតាំងទីលំនៅថ្មីមកកាន់ខេត្តប៉ែកឦសានដែលដីនៅទំនេរសម្បូរជីជាតិ និងជាពិសេស ក្រុមជនជាតិដើមភាគតិចដែលជាជនជាតិម្ចាស់ទឹកដីព្រៃភ្នំអ្នកអភិរក្សដីធ្លីព្រៃឈើនៅតំបន់នោះច្រើនជំនាន់មកហើយ។
អ្នកភូមិមានបំណងអភិវឌ្ឍន៍សហគមន៍បាននាំគ្នាបោះបង់ភូមិចាស់នៅក្នុងព្រៃមកចាប់ដីតាមដងផ្លូវដែលក្រុមហ៊ុនសម្បទានធ្វើការអភិវឌ្ឍនៅមូលដ្ឋាន ក៏បានទទួលរងការបង្ក្រាបដោយវិធីរុះរើកម្ទេចដុតបំផ្លាញលំនៅឋាន ឬរោងស្នាក់នៅរបស់ពួកគាត់ដូចគ្នា ប្រសិនអ្នកភូមិរឹងរូសមិនស្តាប់ការណែនាំរបស់អាជ្ញាធរ។ ជាឧទាហរណ៍ជាក់ស្ដែង កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ កន្លងទៅនេះ អាជ្ញាធរខេត្តក្រចេះបានដុតរោងស្នាក់នៅប្រជាពលរដ្ឋរាប់រយខ្ទមក្នុងហេតុផលថា ប្រជាពលរដ្ឋមករស់នៅអនាធិបតេយ្យក្នុងតំបន់ព្រៃការពារ កាប់បំផ្លាញព្រៃឈើចាប់យកដីរដ្ឋខុសច្បាប់ និងមានករណីដូចគ្នានេះច្រើនទៀតបានកើតមានរួចកន្លងទៅនេះ។
រដ្ឋសភានៃប្រទេសកម្ពុជា ៤អាណត្តិកន្លងទៅនេះ បានអនុម័តច្បាប់ព្រៃឈើ ច្បាប់ភូមិបាល ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ និងច្បាប់មួយចំនួនផ្សេងទៀត ដើម្បីបំពេញឲ្យរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងជានីតិរដ្ឋ។ មានន័យថា ប្រទេសកម្ពុជា មានស្ថាប័នកំពូលបី គឺរដ្ឋសភា ជាស្ថាប័នបង្កើតច្បាប់ រាជរដ្ឋាភិបាលជាអ្នកអនុវត្តច្បាប់ និងតុលាការជាស្ថាប័នសម្រេចក្តីផ្ដល់យុត្តិធម៌ជូនសង្គមជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសណែនាំមន្ត្រីក្រោមឱវាទឲ្យអនុវត្តតួនាទីភារៈបែបនីតិរដ្ឋ។
តើនីតិរដ្ឋពិតជាកើតមានចំពោះប្រជាពលរដ្ឋក្រីក្រគ្មានអំណាចត្រូវការដីដាំដុះសង់រោងស្នាក់នៅដែរឬយ៉ាងណា?
ជាទូទៅតួនាទីរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានគឺអនុវត្តច្បាប់មានន័យថា កាលណាមានជម្លោះ ឬបញ្ហាអសកម្មកើតឡើងនៅមូលដ្ឋាន ក្រុមសមត្ថកិច្ចមានតួនាទីសម្រុះសម្រួល ឬធ្វើកំណត់ហេតុស្វែងរកវត្ថុតាងកសាងសំណុំរឿងអ្វីមួយជូនស្ថាប័នតុលាការ។ ស្ថាប័នតុលាការមានសាលាដំបូង សាលាឧទ្ធរណ៍ និងសាលាកំពូល គឺជាអ្នកស៊ើបអង្កេតបន្ថែមតាមលំដាប់ថ្នាក់ និងសម្រេចវិនិច្ឆ័យរកខុស ឬត្រូវក្នុងរឿងក្ដីនីមួយៗ។
បើប្រៀបធៀបការរុះរើដុតបំផ្លាញផ្ទះសម្បែង រោងស្នាក់នៅរបស់ពលរដ្ឋដែលធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចកន្លងទៅនេះ តើពិតជាអនុលោមទៅតាមគោលការណ៍នីតិរដ្ឋនេះដែរ ឬយ៉ាងណា? តើអាជ្ញាធរបានឆ្លងកាត់ការសម្រេចក្តីពីការតាំងទីលំនៅខុសច្បាប់តាមរយៈប្រព័ន្ធតុលាការទាំងបីហើយឬនៅ? ចម្លើយគឺថា ក្រុមអាជ្ញាធរមិនបានធ្វើត្រឹមត្រូវតាមនីតិវិធីកំណត់នោះឡើយ។ មានន័យថា ប្រជាពលរដ្ឋជាចុងចោទមិនបានឆ្លងកាត់ការកាត់ក្ដីពីសាលាដំបូង ឬប្ដឹងទាស់ទៅសាលាឧទ្ធរណ៍កំពូលនៅឡើយ។
ចំណែកប្រជាពលរដ្ឋអ្នកចូលមកតាំងទីលំនៅលើដីព្រៃឈើ ដីរដ្ឋ ភាគច្រើនជាពលរដ្ឋក្រីក្រខ្វះដីមានជីជាតិប្រកបរបរចិញ្ចឹមជីវិត។ ពួកគេបានចាកចេញពីស្រុកកំណើតស្វែងរកដីថ្មីមានជីជាតិកសាងជីវភាពក្រុមគ្រួសារ។ អ្នកចំណាកស្រុកទាំងនោះបានច្បាមយកដីតំបន់ព្រៃឈើជាមូលដ្ឋានកាប់រាន ជាពិសេសខេត្តតំបន់ភាគឦសាន ដើម្បីយកដីដាំដុះ និងតាំងលំនៅឋានស្នាក់នៅ។
ច្បាប់ព្រៃឈើចែងថា ការកាប់រានព្រៃឈើគ្មានការអនុញ្ញាតគឺជាប្រការខុសច្បាប់។ ចំណែកច្បាប់ភូមិបាលក៏បានចែងថា ភោគៈ ត្រូវបានបញ្ចប់ហើយ ដូច្នេះប្រជាពលរដ្ឋមិនអាចចាប់យកដីបានតាមចិត្តដូចមុនឆ្នាំ២០០១ នោះឡើយ។
ជាការពិតប្រជាពលរដ្ឋអ្នកតាំងទីលំនៅថ្មីទទួលស្គាល់ថា ការកាប់រានព្រៃយកដី និងការតាំងទីលំនៅលើដីរដ្ឋរបស់ពួកគាត់ គឺជាប្រការខុសច្បាប់ ក៏ប៉ុន្តែប្រជាពលរដ្ឋតែងចាត់ទុកអាជ្ញាធរមានសមត្ថកិច្ច ឬរាជរដ្ឋាភិបាលថា ជាអាណាព្យាបាល ជាឪពុកម្ដាយ និងជាអ្នកដឹកនាំមានតួនាទីភារកិច្ចគាំពាររៀបចំអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ពលរដ្ឋមានការផ្ដល់ដីសម្បទានសង្គមកិច្ច ឬកសាងផ្លូវថ្នល់សាលារៀន មន្ទីរពេទ្យ ។ល។ ជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែការតាំងទីលំនៅខុសច្បាប់របស់ពលរដ្ឋភាគច្រើន គឺដោយសារជីវភាពប្រជាពលរដ្ឋជួបបញ្ហាលំបាកទើបអ្នកភូមិធ្វើចំណាកស្រុកបំពានច្បាប់មកតាំងទីលំនៅលើដីរដ្ឋដែលពលរដ្ឋទាំងនោះ គិតថា រដ្ឋជាអាណាព្យាបាលជាឪពុកម្ដាយហេតុនេះដីរដ្ឋ គឺជាដីដែលរដ្ឋអាចផ្ដល់មកពលរដ្ឋពលរដ្ឋក្រីក្ររស់នៅបាន។
បើពិនិត្យទៅលើការបំពេញតួនាទីរបស់ក្រុមសមត្ថកិច្ចទាក់ទិនការបង្ក្រាបដោយហិង្សាទៅលើពលរដ្ឋ និងសកម្មភាពបំពានច្បាប់របស់ពលរដ្ឋអាចជាកំហុសដូចគ្នា ក៏ប៉ុន្តែកំហុសប្រជាពលរដ្ឋ គឺកំហុសក្រីក្រស្រេកឃ្លាន ជាកំហុសដុំបាយ។ ចំណែកកំហុសអាជ្ញាធរគឺផ្ទុយគ្នា ១៨០អង្សា ព្រោះក្រុមអាជ្ញាធរមានតួនាទីដឹកនាំប្រជាជន យល់ដឹងពីច្បាប់ជាតិ អន្តរជាតិ ខុសពីប្រជាពលរដ្ឋ។ ដូច្នេះក្រុមអាជ្ញាធរយល់ដឹងពីច្បាប់ហើយប្រព្រឹត្តខុស គឺជាការរំលោភទៅលើនីតិរដ្ឋ មិនគោរពរដ្ឋធម្មនុញ្ញ ច្បាប់អន្តរជាតិនានា ទាក់ទិនសិទ្ធិមនុស្សសិទ្ធិជនជាតិដើមភាគតិចធ្វើឲ្យលទ្ធិប្រជាធិបតេយ្យស្រុតចុះ ជាពិសេសការខកខានមិនបានបំពេញកាតព្វកិច្ចរបស់អាជ្ញាធរជាអាណាព្យាបាលលើពលរដ្ឋអាចត្រូវគេមើលឃើញថា គឺជាកំហុសខ្វះព្រហ្មវិហារធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បទវិភាគ៖ តើរបបបច្ចុប្បន្នដូចរបបខ្មែរក្រហមឬទេ?
- បទវិភាគ៖ តើការប្រើទាហានឬជនស្លៀកពាក់ទាហានបង្ក្រាបអ្នកតវ៉ាត្រឹមត្រូវឬទេ?
- បទវិភាគ៖ ហេតុអ្វីត្រូវថែរក្សាវប្បធម៌ជាតិ?
- បទវិភាគ៖ ហេតុអ្វីប្រៀបធៀបកម្ពុជាទៅនឹងលេខសូន្យ?
- បទវិភាគ៖ តើការប្រើហិង្សាបង្ក្រាបបាតុករជាការការពាររដ្ឋធម្មនុញ្ញឬយ៉ាងណា?
- បទវិភាគ៖ តើមន្ត្រីរាជការអនុវត្តតួនាទីបម្រើរាស្ត្រឬផ្គាប់ចិត្តលោក ហ៊ុន សែន?
- បទវិភាគ៖ តើកម្ពុជាជានីតិរដ្ឋហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពមែនឬទេ?
- បទវិភាគ៖ តើគណបក្សមួយណាដែលប្រើយុទ្ធសាស្ត្រហិង្សា?
- តើលោក ហ៊ុន សែន ជាបុរសខ្លាំងមែន ឬទេ?
ម្ដេចមិនថាឲ្យចំៗថាជាកំហុសរបស់រដ្ឋាភិបាលតែម្ដងទៅ?ចាំកាច់កុងវែងឆ្ងាយអី?ចូលចិត្តវិភាគតែពត៌មានណាដែលមានចរិកញុះញង់ ចាក់ដោត
អុជអាល ធ្វើឲ្យខ្មែរមានអរិភាពនឹងគ្នា។ពាក្យខ្មែរយើងតែងនិយាយថាសូវកាប់កុំជន្ល បើចង់
បញ្ចោរកុំថានែ!និងថានិយាយចឹងៗបានតែមួយដៃកណ្ដាលមាត់ជ្រុះធ្មេញខានស៊ីអាចម៌ជា
ដើម។ពាក្យសម្ដី ការវិភាគបែបនេះហើយដែលធ្វើឲ្យអ្នកដទៃក្ដៅក្រហាយ។កុំភ្លេចថាពួកគាត់
(រដ្ឋាភិបាល)មានអំណាចណាស់ ។មានប៉ូលីស ទាហាន អង្គរក្សពេញដៃ។បើសិនមានគ្រោះថ្នាក់
តាំងនាំគ្នាថ្កោលទោសរដ្ឋាភិបាល។ព្រះពុទ្ធទ្រង់ត្រាស់ថាគ្មានផលណាមួយកើតប្រាសចាកហេតុ
របស់វាទេ។មានហេតុទើបមានផល។អ្នកវិភាគធុនៗបើទៅថ្ងៃក្រោយងាប់ របួស ឬបាត់ខ្លួន ឬ
ជាប់គុក…….សមរម្យបំផុតហើយ៕
ខ្ញំុដឹងខ្លះអំពីប្រជាជន លោកបានទៅកាប់ព្រៃ ដើម្បីយកដី ទី១ អាជ្ញាធរមូលដ្ឋាន ជាអ្នកយោះយង់អោយប្រជាជនទៅកាប់ព្រៃយកដី ទី២ មានឈ្មួញ នឹងក្រុមអ្នកមាន បំផុសអោយប្រជាជនទៅកាប់ដោយអោយតំលៃ គិតជាហិតា ចំឡែកទី ៣ មានប្រជាជនខិលខូចមួយចំនួន មានដីគ្រប់គ្រាន់ហើយ បែរជាលក់អោយគេអស់ អាងទៅកាប់ព្រៃសាជាថ្មីទៀត មួយចំឡែកទៀត រដ្ឋផ្តល់ដីសម្ទៀន អោយទៅបរទេសច្រើនពេក វាជាន់លើដីប្រជាជន ដែលលោកមិនទាន់បានចុះបញ្ជី អញ្ចឹងហើយបានជាចេះតែមានបញ្ហានោះ រដ្ឋផ្តល់ដីសម្បានតែនៅលើផែនទី ចំឡែកជាក់ស្តែងវិញ គឺជាន់លើប្រជាជន តើទាំងរដ្ឋាភិបាលនឹងប្រជាជន នរណាខុស ចំឡែកខ្ញំុវិញ គឺអោយខាងរដ្ឋាភិបាលជាអ្នកខុស មូលហេតុអ្វី ពីរព្រោះរដ្ឋាភិបាលជាអ្នកបំរើរាស្រ្ត និងជាឧម៉ែររបស់ប្រជាជន ហេតុអីមុនធ្វើអ្វីមួយ មិននាំគ្នា ទៅមើលជាក់ស្តែងសិន ចាំសីុញ៉េអោយគេ កុំអង្គុយម៉ាសីុត្រជាក់គេដាក់អោយសីុញ៉េ ខ្វោក មិនគិតខុសត្រូវនោះ អញ្ចឹងបានជាមានបញ្ហាអត់ចេះចប់សោះ ហើយប្រជាជនរាប់លាននាក់ បែរជាចាត់ក្រុមនិសិត្ស អោយទៅវាស់ដី តើវាមានប្រយោជន៏ អី សួរថាវាសុខទេ មានអ្នកខ្លះបាន មានខ្លះអត៉ ខ្ញំុជឿរថាវាប្រាកដមិនសុខ ពិតជាមានអ្នកតវ៉ា អត់ចេះឈប់ទេ?
ម្ដេចមិនថាឲ្យចំៗថាជាកំហុសរបស់រដ្ឋាភិបាលតែម្ដងទៅ?ចាំកាច់កុងវែងឆ្ងាយអី?ចូលចិត្តវិភាគតែពត៌មានណាដែលមានចរិកញុះញង់ ចាក់ដោត
អុជអាល ធ្វើឲ្យខ្មែរមានអរិភាពនឹងគ្នា។ពាក្យខ្មែរយើងតែងនិយាយថាសូវកាប់កុំជន្ល បើចង់
បញ្ចោរកុំថានែ!និងថានិយាយចឹងៗបានតែមួយដៃកណ្ដាលមាត់ជ្រុះធ្មេញខានស៊ីអាចម៌ជា
ដើម។ពាក្យសម្ដី ការវិភាគបែបនេះហើយដែលធ្វើឲ្យអ្នកដទៃក្ដៅក្រហាយ។កុំភ្លេចថាពួកគាត់
(រដ្ឋាភិបាល)មានអំណាចណាស់ ។មានប៉ូលីស ទាហាន អង្គរក្សពេញដៃ។បើសិនមានគ្រោះថ្នាក់
តាំងនាំគ្នាថ្កោលទោសរដ្ឋាភិបាល។ព្រះពុទ្ធទ្រង់ត្រាស់ថាគ្មានផលណាមួយកើតប្រាសចាកហេតុ
របស់វាទេ។មានហេតុទើបមានផល។អ្នកវិភាគធុនៗបើទៅថ្ងៃក្រោយងាប់ របួស ឬបាត់ខ្លួន ឬ
ជាប់គុក…សមរម្យបំផុតហើយ៕