អ្នក​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​បុរីកីឡា​ទាមទារ​រក​យុត្តិធម៌

ដោយ អ៊ួន ឈិន
2014-02-16
RFA

បុរីកីឡា ៦១០
កង​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រឈម​មុខ​នឹង​អ្នក​បុរីកីឡា កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៤។ RFA

អ្នក​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​បុរីកីឡា ទាមទារ​រក​យុត្តិធម៌​និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់​អគារ​ឲ្យ​គ្រប់ ១០​អគារ​តាម​កិច្ច​សន្យា ដើម្បី​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង ២​ឆ្នាំ​ទៅ​ហើយ​នោះ។

ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​សរសៃ​ខ្ចី​នៅ​សហគម​បុរីកីឡា ដែល​អាជ្ញាធរ​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ប្រើ​កង​កម្លាំង​វាយ​ឲ្យ​របួស​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់ និង​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ដែល​មិន​គោរព​កិច្ច​សន្យា​ក្នុង​ការ​វិនិយោគ។

តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ុន ដែល​ទើប​តែ​សម្រាល​កូន​បាន ៥​ខែ ហើយ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរ​ព្យាបាល​មួយ ថ្លែង​ថា អ្វី​ដែល​ពួក​គាត់​រង់ចាំ​គឺ​មិន​មែន​ជម្រក​បណ្ដោះអាសន្ន​ដែល​សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​សង់​ឲ្យ​ពួក​គាត់​នោះ​ទេ។

ដូច​គ្នា​នេះ​ដែរ សកម្មជន​ដីធ្លី​នៃ​សហគមន៍​បុរី​កីឡា ម្នាក់​ដែល​មាន​ផ្ទៃ​ពោះ ៨​ខែ ហើយ​កំពុង​សម្រាក​នៅ​លើ​គ្រែ​ពេទ្យ អ្នកស្រី ហាស់ សុខចិន្ដា មាន​ប្រសាសន៍​ថា គ្រូពេទ្យ​កំពុង​តាមដាន​សុខភាព​របស់​អ្នកស្រី​និង​កូន​ក្នុង​ផ្ទៃ​យ៉ាង​យក​ចិត្ត​ទុកដាក់។

ទោះ​បី​នៅ​មាន​ការ​ឈឺ​ចាប់​ដោយ​ការ​វាយ​ដំ អ្នកស្រី ហាស់ សុខចិន្ដា បាន​ឆ្លៀត​ប្រាប់​ឲ្យ​ដឹង​ថា គន្លឹះ​នៃ​ការ​បញ្ចប់​បញ្ហា​នៅ​បុរីកីឡា គឺ​មាន​តែ​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច គោរព​កិច្ច​សន្យា​មួយ​មុខ​គត់។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ចំ​ថ្ងៃ​មាឃបូជា និង​ជា​ទិវា​នៃ​សេចក្ដី​ស្រឡាញ់​ផង​នោះ អ្នក​បុរីកីឡា ៧​នាក់​ក្នុង​ចំណោម​អ្នក​បុរីកីឡា​ជាង ១០០​គ្រួសារ បាន​រង​របួស​ខណៈ​កង​កម្លាំង​អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​អគារ​ទី​៩ របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ក្នុង​នោះ​មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់ ស្ត្រី​ទើប​សម្រាល​កូន ២​នាក់ និង​កុមារា​ម្នាក់​របួស​ធ្ងន់។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ថ្កោលទោស នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រើប្រាស់​កង​កម្លាំង​លើសលប់​វាយ​បង្ក្រាប​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​តវ៉ា​សិទ្ធិ​លំនៅឋាន​នៅ​សហគមន៍​បុរីកីឡា កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ។ ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ ពិចារណា​ឡើង​វិញ​នូវ​ការ​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles