​សុខភាព​អ្នក​ជាប់​ឃុំ​២១​នាក់​ល្អ​ប្រសើរ​បន្ទាប់ពី​ទទួលទាន​អាហារ​វិញ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014, ម៉ោង 04:38 PM​

​ប្រធាន​ពន្ធនា​គារ​ត្រពាំង​ផ្លុង នៅ​ថ្ងៃ​អាទិត្យ​នេះ ឲ្យដឹងថា សុខភាព​របស់​អ្នក​ជាប់​ទាំង​២១​នាក់ នៅពេលនេះ​មាន​សភាព​ប្រសើរ​ឡើង​វិញ បន្ទាប់ពី​ក្រុម​គ្រួសារ​ទៅសួរសុខទុក្ខ និង​បាន​អង្វ​រករ​ឲ្យ​ពួក​គេ​បញ្ឈប់​ការធ្វើ​កូដកម្ម​ បង្អត់អាហារ​កន្លងមក​។​

​ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង លោក គា សុវណ្ណ ប្រាប់ VOD ឲ្យដឹងថា ពេល​នេះ​ពួកគាត់​ទទួលទាន​អាហារ​ដូចដើម​វិញ ហើយ​សុខភាព​មាន​ភាពប្រក្រតី​ដូច​ធម្មតា ព្រោះ​មាន​គ្រូពេទ្យ​ប្រចាំ​ពន្ធនាគារ តាមដាន​ស្ថានភាព​របស់​ពួកគាត់​។ លោក​បន្ត នៅពេល​នេះ​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ទាំងនោះ មក​សួរសុខទុក្ខ​ជា​បន្តបន្ទាប់ មិន​មានកា​ររារាំង​ទេ​។ តែ​ទោះជា​យ៉ាងណា លោក ​គា សុវណ្ណ ​ថាការអនុញ្ញាត​នេះ មាន​តែ​ក្រុមគ្រួសារ​ប៉ុណ្ណោះ ក្រៅពី​នេះ​មិន​អនុញ្ញាតឲ្យ​ចូលសួរសុខទុក្ខ​ឡើយ​។​

​កាល​ពី​ថ្ងៃទី១១ ខែ​កុម្ភៈ សាលាឧទ្ធរណ៍ បាន​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ ដោយ​លើក​ហេតុផល​ថា ការដោះលែង​នៅ​ពេល​នេះ អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​ប៉ះពាល់​ដំណើរការ​សវន​ការ ខណៈ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅឡើយ​។​

​ជន​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម  ត្រូវបាន​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ចាប់ខ្លួ​ន​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ក្រុម​បាតុករ ​ដែលប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​រាជធានី​ភ្នំពេញ​កន្លងមក​៕

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles