ជម្លោះ​ដី​រវាង​ពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ប៉ៃលិន

ដោយ សួន សុផលមុន្នី
2014-03-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជម្លោះ​ដីធ្លី ប៉ៃលិន ៦១០
តំណាង​ប្រជាពលរដ្ឋ និង​ក្រុម​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ជួប​ចរចា​រក​ដំណោះស្រាយ​ដីធ្លី​ទំហំ ៩៥​ហិកតារ នា​ភូមិ​ភ្នំក្រិញ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​មីនា ឆ្នាំ​២០១៤។ Provided Photo

អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ដឹក​នាំ​កង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់ ដើម្បី​ចុះ​ទៅ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ចេញ​ពី​ដី​ទំនាស់​មួយ​កន្លែង នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។ ក្រុម​អ្នក​ភូមិ​ជា​ម្ចាស់​ដី បាន​នាំ​គ្នា​ប្រឆាំង​ជំទាស់ ដោយ​អះអាង​ថា ដី​លំនៅឋាន និង​ដី​ចម្ការ​ទំហំ ៩៥​ហិកតារ របស់​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ​នោះ បាន​កាន់​កាប់​អស់​រយៈពេល​ជាង ១០​ឆ្នាំ។

ក្រុម​អ្នក​ភូមិ និង​កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​លើ​ដី​ទំនាស់​មួយ​កន្លែង នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៤ ប៉ុន្តែ​ពុំ​កើត​មាន​អំពើ​ហិង្សា​នោះ​ទេ ដោយសារ​តែ​ភាគី​ទាំង​ពីរ បាន​ងាក​ទៅ​ជួប​ចរចា​គ្នា​រក​ដំណោះស្រាយ​ឡើង​វិញ។

ក្នុង​ជំនួប​នោះ ភាគី​អាជ្ញាធរ​មាន​គ្នា ៦​នាក់ ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​ប៉ៃលិន លោក កើត សុធា និង​ភាគី​ប្រជាពលរដ្ឋ​មាន​គ្នា ៤​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ ១៩​គ្រួសារ ដែល​កំពុង​រស់​នៅ​កាន់​កាប់​ដី​ភូមិ និង​ដី​ចម្ការ​ទំហំ ៩៥​ហិកតារ នៅ​ភូមិ​ភ្នំក្រិញ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។

តំណាង​អ្នក​ភូមិ ១៩​គ្រួសារ លោកស្រី ឱម សំអុល ថ្លែង​ថា ការ​ចរចា​គ្នា​នោះ​ពុំ​ទទួល​បាន​លទ្ធផល​ទេ ដោយសារ​ភាគី​អាជ្ញាធរ​បង្ខំ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​ដី​ទំហំ ២០​ម៉ែត្រ​គុណ ៥០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ។ រីឯ​ក្រុម​អ្នក​ភូមិ​ទាំង ១៩​គ្រួសារ ទាមទារ​យក​ដី​ចម្ការ​មួយ​គ្រួសារ ៥​ហិកតារ ដែល​ពួក​គាត់​បាន​កាន់​កាប់​បង្កបង្កើនផល​តាំង​ពី​ឆ្នាំ​២០០០ មក៖ «បើ​តាម​លទ្ធភាព​ដែល​គេ​ឲ្យ​ត្រឹម​ក្បាល ២០ និង​បណ្ដោយ ៥០​ម៉ែត្រ តែ​ប្រជាពលរដ្ឋ​បដិសេធ ព្រោះ​ដី​ប៉ុណ្ណឹង​ធ្វើ​អី​អត់​កើត។ ប្រជាពលរដ្ឋ​មាន​សុទ្ធ​ដី​ស្រែ​ហ្នឹង ៥​ហិកតារ​ម្នាក់ បើ​អត់​ប៉ុណ្ណឹង មិន​ដឹង​បាន​អី​ធ្វើ គេ​ឲ្យ​រុះរើ​ផ្ទះ​ទាំងអស់​ហ្នឹង តែ​ប្រជាពលរដ្ឋ​ទាំងអស់​ថា​អត់​រុះរើ​ទេ រង់ចាំ​ការ​ដោះស្រាយ​សិន»

ក្រុម​អ្នក​ភូមិ​ចោទ​ថា អាជ្ញាធរ​ខេត្ត​ប៉ៃលិន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា បាន​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ មាន​ប៉ូលិស ប៉េអិម និង​ទាហាន​ជា​ច្រើន​នាក់ ក្នុង​គោល​បំណង​ទៅ​រុះរើ​លំនៅឋាន​របស់​ពួក​គាត់ ដែល​សាងសង់​រួច​ប្រហែល ១០​ខ្នង​ចេញ​ពី​ដី​មាន​ទំនាស់ ប៉ុន្តែ​អ្នក​ភូមិ​ជា​ម្ចាស់​ផ្ទះ បាន​នាំ​គ្នា​ចូល​កាន់​កាប់​ក្នុង​លំនៅឋាន​រៀងៗ​ខ្លួន៖ «សំណូមពរ​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ខុស​ថា ត្រូវ​ថា​ត្រូវ ប្រជាពលរដ្ឋ​រង​ទុក្ខ​អត់​មាន​ដី​រស់​នៅ​ទេ សុំ​ដី​គេ​នៅ​ទេ អ្នក​ខ្លះ​ទៀត​យក​ដី​ភូមិ​ទៅ​ប្រចាំ​គេ ដាច់​ដី​ភូមិ​ទៀត គេ​សន្យា​ថា​ដោះ​ដូរ អ្នក​ខ្លះ​ដាច់​ដី​ភូមិ​ហើយ អ៊ីចឹង​បាន​សម្រេច​ចិត្ត​ថា ធ្វើ​នៅ​លើ​ដី​ហ្នឹង សូម្បី​មួយ​ជំហាន​ងាប់​ក៏ដោយ»

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ការ​ជួប​ចរចា​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ មីនា ភាគី​ទាំង​ពីរ​ក្រោយ​ពី​បាន​ជជែក​មិន​ត្រូវ​គ្នា​ជា​ច្រើន​ម៉ោង​រួច​មក ក៏​សម្រេច​លើក​ពេល​ជួប​ចរចា​គ្នា​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៤។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី លោក កើត សុធា អភិបាល​រង​ខេត្ត​ប៉ៃលិន និង​លោក ហុក សុផល ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ប៉ៃលិន ប៉ុន្តែ​ទូរស័ព្ទ​រោទ៍​ពុំ​មាន​អ្នក​ទទួល។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ប៉ៃលិន លោកស្រី ប្រាក់ សុភិមា ថ្លែង​ថា នៅ​ក្នុង​កិច្ច​ជំនួប​ចរចា​គ្នា​នោះ ភាគី​អាជ្ញាធរ​ក៏​បាន​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​អ្នក​ភូមិ​សាងសង់​លំនៅឋាន​បន្ត​នៅ​លើ​ដី​ទំនាស់​នោះ​ទៀត​ឡើយ។ ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​នេះ លោកស្រី​យល់​ថា សមាគម​អាដហុក ចង់​ឃើញ​អាជ្ញាធរ​ខេត្ត​មាន​ចំណាត់​ការ​សមស្រប និង​ភាព​យុត្តិធម៌ ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ជូន​ក្រុម​អ្នក​ភូមិ៖ «ខេត្ត​គួរ​តែ​មាន​ចំណាត់​ការ​ណា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយសារ​តែ​ពួក​គាត់​ចូល​ទៅ​រស់​នៅ​តាំង​ពី​ឆ្នាំ​២០០០ មក​ម្ល៉េះ ដី​ហ្នឹង​គឺ​មាន​ភូមិ​ជា​អ្នក​ចែក​អោយ ហើយ​ខាង​ខេត្ត​ទើប​តែ​ឆ្នាំ​២០០៦ ទេ ដែល​ប្រកាស​ថា ជា​ដី​របស់​រដ្ឋ។ ដំបូង​ឡើយ ប្រជាពលរដ្ឋ​ទៅ​នៅ​តាំង​ពី​ឆ្នាំ​២០០០ គាត់​កាន់​កាប់​រហូត​អ៊ីចឹង អាជ្ញាធរ​ខេត្ត​គួរ​តែ​ធ្វើ​ការ​ពិចារណា​រក​ដំណោះស្រាយ ដើម្បី​ចៀសវាង​បាតុភាព​កើត​ឡើង»

ក្រុម​អ្នក​ភូមិ​ថ្លែង​ថា ដី​លំនៅឋាន និង​ដី​ចម្ការ​ទំហំ ៩៥​ហិកតារ នោះ ពួក​គាត់​ទទួល​បាន​ពី​ការ​បែង​ចែក​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ តាំង​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០០៦ ទើប​មាន​ទំនាស់​កើត​ឡើង។ នៅ​ឆ្នាំ​២០០៦ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​សម្រេច​យក​ដី​ទំហំ​ជាង ២​ពាន់​ហិកតារ (២.១០២​ហិកតារ) នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ដាក់​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ ដី​ទំហំ​ជាង ២​ពាន់​ហិកតារ​នោះ អាជ្ញាធរ​យក​រក្សា​ទុក ដើម្បី​ត្រៀម​បម្រុង​ធ្វើ​ព្រលាន​យន្តហោះ និង​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស។ ការ​សម្រេច​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ ដែល​កំពុង​កាន់​កាប់​ដី​ជាក់ស្ដែង​នៅ​តាម​បណ្ដា​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles