ដោយ៖ ជន ស្រីណុច
ថ្ងៃអាទិត្យ ទី2 ខែមិនា ឆ្នាំ2014
http://vodhotnews.com
កម្មកររោងចក្រមួយនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល សំណូមពរឲ្យថៅកែរោងចក្រមួយនេះ ផ្អាកដំណើការការងារមួយសប្តាហ៍សិន ដើម្បីធ្វើការសម្អាតជាតិពុល ឲ្យអស់ពីក្នុងបន្ទប់ធ្វើការនោះ។
កាលពីថ្ងៃទី ២៧ ខែកុម្ភៈ កម្មករនៅរោងចក្រ ក្រាយស្តាល់ម៉ាទិន ខេមបូឌា លីមីតធីត ស្ថិតនៅខេត្តកណ្តាល ប្រមាណជាង២០០នាក់ បានសន្លប់ និងមួយចំនួនទៀត ក្អួតចង្អោរ បន្ទាប់ពីពួកគេចូលក្នុងរោងចក្រដើម្បីធ្វើការ ហើយធំក្លិនពុលសារធាតុម្យ៉ាង ដែលផ្ទុះចេញពីអាគុយនៅក្នុងរោងចក្រនោះ។
កម្មករប្រចាំរោងចក្រ ក្រាយស្តាល់ម៉ាទិន ខេមបូឌា លីមីតធីត លោក ប៊ុន នឿន ដែលបានសន្លប់នៅគ្រានោះ ប្រាប់VODនៅព្រឹកថ្ងៃអាទិត្យនេះថា មកដល់ថ្ងៃនេះ លោកមិនទាន់បានធួរស្បើយពីការពុលថ្នាំក្នុងរោងចក្រ កាលពីថ្ងៃព្រហស្បតិ៍នៅឡើយទេ។ លោកបន្តថា ប្រសិនបើថៅកែរោងចក្រ មិនព្រមសម្អាត ដោយកំចាត់ក្លិនថ្នាំពុលនៅក្នុងនោះឲ្យស្អាតទេ ថ្ងៃស្អែកពេលកម្មករចូលធ្វើការវិញ នោះនឹង មានអ្នកដួលសន្លប់ទៀតហើយ។
កម្មការិនីម្នាក់ទៀត អ្នកស្រី គៀត ទូច រៀបរាប់ថា មកដល់ពេលនេះ អ្នកស្រី នៅមិនទាន់បានស្រួលខ្លួននៅឡើយទេ ដោយសារតែពុលក្លិនថ្នាំនៅក្នុងរោងចក្រ។ អ្នកស្រី បារម្ភថា នឹងពុលដួលសន្លប់ នៅថ្ងៃស្អែកទៀត ប្រសិនបើ រោងចក្រនៅតែមិនទាន់សម្អាតបំបាត់ក្លិននោះ។ កម្មការិនីរូបនេះ សំណូមពរឲ្យថៅកែរោងចក្រ ផ្អាកកម្មករចូលធ្វើការមួយសប្តាហ៍សិន ដោយទុកពេលសម្រាប់សម្អាត ក្នុងបន្ទប់ ធ្វើការនោះឲ្យបានស្អាត និងបំបាត់ក្លិនពុល។
VOD មិនអាទាក់ទង តំណាងរោងចក្រ ឬ ប្រធានរដ្ឋបាលរោងចក្រ លោក ស្រី រតនា បានទេ ដោយទូរស័ព្ទហៅចូលហើយមិនមានអ្នកលើក៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
លោកនាយក្រឹម តារាកំប្លែងធ្លាប់បាននិយាយថា ការដួលសន្លប់របស់កម្មករ ជាការធ្វើសន្លប់តាមគ្នា…គាត់ចង់និយាយថា ការដួលសន្លប់ទាំងនោះជាឈុតឆាកសម្តែងទេ។ តែជាសារ ជួយបិទបាំងកំហុសរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។