ថ្ងៃ អាទិត្យ 02 មីនា 2014
ដោយ ឯម មាឃ
RFI
ថ្ងៃស្អែក គណៈកម្មការចម្រុះនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងប្រជុំគ្នាដើម្បីកែទម្រង់ការងារបោះឆ្នោត។ សម្រាប់ឱកាសនេះ បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ដែលជាបណ្តុំអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ បានស្នើទៅភាគីចរចាទាំងពីរឱ្យខំប្រឹងរកកិច្ចព្រមព្រៀងឱ្យបានយ៉ាងយូរត្រឹមឆ្នាំ២០១៤ ដើម្បីឈានទៅរៀបចំការបោះឆ្នោតមុនអាណត្តិមុនដំណាច់ឆ្នាំ២០១។ ក្រុមការងារនៃគណបក្សនយោបាយឆ្លើយតបនឹងអនុសាសន៍របស់សង្គមស៊ីវិល។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ (RFI/Siv Channa)
បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣បានសាទរការបង្កើតគណៈកម្មការចម្រុះនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីក្រុមការងារនៃគណបក្សទាំងពីបានឯកភាពគ្នា កាលពីថ្ងៃទី១៨ ខែកុម្ភៈ លើកការបង្កើតគណៈកម្មការកែទម្រង់ការបោះឆ្នោតនេះ។ ទន្ទឹមនឹងនេះដែរ បណ្តុំនៃអង្គការមិនមែនរដ្ឋាភិបាលចំនួន១២នេះ បានផ្តល់អនុសាសន៍ជាច្រើនចំណុចដល់គណបក្សទាំងពីរ ដែលត្រូវប្រជុំគ្នានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤។
សេចក្តីថ្លែងការណ៍រួមរបស់បន្ទប់ស្ថានការណ៍ ចុះថ្ងៃទី០១មីនា បានសង្កត់ធ្ងន់ថា គណបក្សទាំងពីរត្រូវបង្កើតផែនការសម្រាប់ការអនុវត្តការកំណែទម្រង់ការបោះឆ្នោត ដែលព្រមព្រៀងគ្នាឱ្យបានច្បាស់លាស់នៅមុនដំណាច់ឆ្នាំ២០១៤ ហើយផែនការកំណែទម្រង់ការបោះឆ្នោតនេះគួរធានាអោយមានការរៀបចំការបោះឆ្នោតឡើងវិញមុនអាណត្តិ យ៉ាងយូរត្រឹមមុនដំណាច់ឆ្នាំ២០១៥។
លោក សុន ឆ័យ ប្រធានក្រុមការងារនៃគណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងសំណើនោះ យ៉ាងដូច្នេះថា៖«សុន ឆ័យ»
វិទ្យុបារាំងអន្តរជាតិផ្នែកភាសាខ្មែរមិនអាចរកប្រតិកម្មពីលោក ព្រុំ សុខា ដែលជាប្រធានក្រុមការងារចរចាខាងគណបក្សប្រជាជនកម្ពុជាបានទេ នៅព្រឹកថ្ងៃអាទិត្យទី ០២ ខែមីនា ឆ្នាំ២០១៤នេះ។
ក្នុងចំណោមអនុសាសន៍ផ្សេងៗទៀត ក៏មានដែរចំណុចដែលថា សមាសភាពនៃគណៈកម្មាការចម្រុះកំណែទម្រង់ការបោះឆ្នោតនេះគួរមានសមាជិកជាស្ត្រី។ ដំណើរការនៃគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោតនេះត្រូវតែចំហរ និងផ្តល់ព៌ត័មានជូនសាធារណជន។ នីតិវិធីធ្វើការរបស់គណៈកម្មការនេះត្រូវធានាឱ្យមានការស្រុះស្រួលគ្នាជាឯកច្ឆ័ន និងភាពរលូននៃដំណើរការ ។
គណៈកម្មការនេះត្រូវសម្រេចអោយបាននូវកំណែទម្រង់ជាក់ស្តែងលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបោះឆ្នោត តុល្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ យន្តការដោះស្រាយទំនាស់ការបោះឆ្នោត និងការលើកស្ទួយស្ត្រី និងយុវជនតំណាងជាប់ឆ្នោតជាដើម៕




very good for cambodian people ,we wish the two party agree to do election next year under monitor from international and NGO and all party.hopely free and fair not stealing.