ដោយ វោហារ ជាតិ
2014-03-03
RFA

ប៉ូលិសរារាំងសហគមន៍ដីធ្លីនៅក្បែរវាលមេរុ មិនឲ្យបន្តដំណើរទៅតុលាការកំពូល នៅព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០១៤។ RFA/Tep Soravy
កម្លាំងអាជ្ញាធរចម្រុះច្រើនរយនាក់ ត្រូវបានដាក់ពង្រាយបិទច្រកចេញចូលមុខតុលាការកំពូលកាលពីព្រឹកថ្ងៃទី៣ មីនា ដើម្បីរារាំងពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោលជាង ១០០នាក់ ដែលចង់ធ្វើដំណើរទៅបួងសួងបន់ស្រន់នៅមុខតុលាការកំពូល ស្នើសុំឲ្យដោះលែងបាតុករ និងពលរដ្ឋ ២១នាក់ចេញពីពន្ធនាគារត្រពាំងផ្លុង នៅខេត្តកំពង់ចាម។
ពលរដ្ឋសហគមន៍ និងកម្លាំងអាជ្ញាធរទាំងនោះ បានប៉ះទង្គិចគ្នានៅក្បែរព្រះបរមរាជវាំង នៅគ្រាដែលអាជ្ញាធរឆក់ដណ្ដើមយកស្គរ និងអាគុយរបស់អ្នកភូមិ ដើម្បីបញ្ឈប់ការតវ៉ារបស់ពួកគេ។
ពលរដ្ឋសហគមន៍ដីធ្លី ២នាក់ ក្នុងចំណោមជាង ១០០នាក់ បានរងរបួសនៅមុខសាលាខណ្ឌដូនពេញ នៅថ្ងៃទី៣ មីនា នៅពេលដែលពួកគេព្យាយាមទៅសុំឲ្យអាជ្ញាធរប្រគល់ស្គរ និងអាគុយជាសម្ភារៈសម្រាប់ធ្វើបាតុកម្ម កូដកម្មមកវិញ បន្ទាប់ពីអាជ្ញាធរបានឆក់ដណ្ដើមយកទៅទុក។
អ្នករបួសនោះរួមមាន អ្នកស្រី ភួង សុភាព តំណាងសហគមន៍ថ្មគោល របួសឈាមច្រមុះ និងអ្នកស្រី ចាន់ ធឿន តំណាងសហគមន៍បុរីកីឡា ហើមស្មងជើង។
អ្នកស្រី ភួង សុភាព ប្រាប់អ្នកកាសែតថា ពួកគាត់ចង់បានសម្ភារៈមានស្គរ និងអាគុយដែលកម្លាំងអាជ្ញាធរចាប់យកនោះទៅវិញ តែកម្លាំងចម្រុះដែលមានឯកសណ្ឋានឈុតខ្មៅ បានស្ទុះទៅវាយពួកគាត់បណ្ដេញចេញពីមុខសាលាខណ្ឌដូនពេញ៖ «ទាត់ខ្ញុំពីរបីជើងទៀត ម៉េចតាមមកវាយខ្ញុំទៀត។ពួកខ្ញុំគ្រាន់តែមានសុំស្គរទៅវិញទេ អត់មានប្រតាយប្រតប់អីជាមួយគាត់ទេ»។
ប្រធានសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ លោក គឹម វុត្ថា បដិសេធថា កម្លាំងសន្តិសុខលោកមិនបានវាយទៅលើអ្នកតវ៉ាទេ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សមកពីអង្គការលីកាដូ លោក អំ សំអាត បានសម្ដែងការសោកស្ដាយចំពោះការរារាំងក្រុមសហគមន៍ដីធ្លីដែលមានបំណងហែក្បួនទៅសុំឲ្យតុលាការកំពូលដោះលែងមនុស្ស ២១នាក់ចេញពីពន្ធនាគារដោយសន្តិវិធី។
លោកចាត់ទុកថា នេះជាការបិទសិទ្ធិសេរីភាពធ្ងន់ធ្ងររបស់ពលរដ្ឋ៖ «ការអនុវត្តរបស់អាជ្ញាធរគឺផ្ទុយពីបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាមិនគោរពរដ្ឋធម្មនុញ្ញដែលប្រមុខរដ្ឋាភិបាលប្តេជ្ញាថា គោរពសិទ្ធិជួបជុំ ការប្រមូលផ្តុំ និងការតវ៉ាដោយសន្តិវិធី»។
ពលរដ្ឋសហគមន៍ដីធ្លីជាង ១០០នាក់ បានស្លៀកពាក់ស និងរៀបចំបាយសីជាច្រើនថ្នាក់ មានគ្រាប់ធញ្ញជាតិជាដង្វាយ និងមានកាន់ទៀន ធូប ផ្កាភ្ញី ដោយមានតែងតួជាតាដំបងដែក កាន់ដំបងដែលមានសរសេរថា «ដំបងយុត្តិធម៌» ដោយមានការវាយស្គរបំពងសំឡេង និងស្រែកទាមទារឲ្យតុលាការដោះលែងបាតុករ និងពលរដ្ឋ ២១នាក់ចេញពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម មានសេរីភាពវិញ។ ពួកគេទាំង ២១នាក់នោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែមករា នៅពេលដែលមានការបង្ក្រាបក្រុមអ្នកតវ៉ាសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារ៕

ប៉ូលិសរារាំងក្រុមសហគមន៍ដីធ្លីនៅក្បែរវាលមេរុ។

ប៉ូលិសរារាំងក្រុមសហគមន៍ដីធ្លីនៅក្បែរវាលមេរុ។

ប៉ូលិសរារាំងក្រុមសហគមន៍ដីធ្លីនៅក្បែរវាលមេរុ។

ក្រុមសហគមន៍ដីធ្លីហែក្បួនឆ្ពោះមកក្បែរវត្តឧណ្ណាលោម ក្រោយមានការរារាំង។

ក្រុមសហគមន៍ដីធ្លីហែក្បួនតាមផ្លូវមាត់ទន្លេ។

ក្រុមសហគមន៍ដីធ្លីហែក្បួនតាមផ្លូវមាត់ទន្លេ។

ក្រុមសហគមន៍ដីធ្លីហែក្បួនតាមផ្លូវមាត់ទន្លេ។

ក្រុមសហគមន៍ដីធ្លីជួបជុំគ្នាបួងសួងនៅរូបសំណាកតេជោមាស តេជោយ៉ត។

ក្រុមសហគមន៍ដីធ្លីជួបជុំគ្នាបួងសួងនៅរូបសំណាកតេជោមាស តេជោយ៉ត។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បុរសវៀតណាមម្នាក់ត្រូវផ្ដន្ទាទោស១ឆ្នាំនិងពលរដ្ឋខ្មែរ៥នាក់ត្រូវដោះលែង
- តុលាការឲ្យយុវជនប្ដឹងលោក ហ៊ុន សែន ដាក់ឯកសារភស្តុតាងទាក់ទិននឹងសំណុំរឿង
- តុលាការខេត្តពោធិ៍សាត់ពន្លឿនការសាកសួរស្ត្រីជាប់ចោទឈូសឆាយដីរដ្ឋ
- តុលាការក្រុងលើកពេលប្រកាសសាលក្រមដោយមិនកំណត់ក្នុងជម្លោះដីតំបន់ជ្រោយចង្វារ
- បុរសជនជាតិកាណាដាម្នាក់ត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអំពើអនាចារលើកុមារនៅសៀមរាប
- តុលាការកោះហៅដើមបណ្ដឹងប្ដឹងលោក ហ៊ុន សែន ឲ្យចូលបំភ្លឺនៅថ្ងៃ២៧ កុម្ភៈ
- សង្គមស៊ីវិលទាមទារឲ្យតុលាការពន្លឿនការកាត់ក្ដីអ្នកជាប់គុកត្រពាំងផ្លុង២១នាក់
- ប៉ូលិសបញ្ជូនជនសង្ស័យរំលោភសពស្ត្រីនៅព្រៃវែងទៅតុលាការ
- សហព័ន្ធយុវជនព្រមានធ្វើបាតុកម្មបើតុលាការមិនចាត់ការបណ្ដឹងលើលោក ហ៊ុន សែន