ដោយ ជិន ជេដ្ឋា
2014-03-02
RFA

លោក គុជ វេង (អាវក្រហមឆ្នូត) ជជែកតវ៉ាជាមួយមេឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះការរំលោភដីធ្លីអ្នកភូមិពីសំណាក់ក្រុមហ៊ុន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១២។ RFA/Mondul Keo
សកម្មជនដីធ្លីនិងព្រៃឈើនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចោទប្រកាន់អាជ្ញាធរថា ប្រព្រឹត្តអំពើពុករលួយក្នុងការបែងចែកដីលំនៅឋាន និងការដោះដូរដីព្រៃសហគមន៍មិនត្រឹមត្រូវនៅក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច។ តំណាងសហគមន៍បញ្ជាក់ថា ដីព្រៃជាច្រើនរយហិកតារនៅតំបន់នោះត្រូវបានអាជ្ញាធរចុះវាស់វែងបែងចែកទៅឲ្យពលរដ្ឋចំណាកស្រុក និងធ្វើការលក់ដូរយ៉ាងអនាធិបតេយ្យ។
តំណាងសហគមន៍ និងសកម្មជនដីធ្លី នៅថ្ងៃទី២ ខែមីនា បានសម្ដែងការខកចិត្តចំពោះអាជ្ញាធរស្រុក និងមន្ត្រីជំនាញសុរិយោដីមួយចំនួន ដែលបានវាស់វែងដីព្រៃនៅចំណុចភ្នំតាដុល នៃឃុំក្បាលត្រាច ចេញជាប្លង់កម្មសិទ្ធិឯកជន។ អាជ្ញាធរបានដោះដូរដីព្រៃសហគមន៍ចំនួន ៥០០ហិកតារដែលប្រជាពលរដ្ឋស្នើសុំធ្វើជាដីព្រៃសហគមន៍នៅតំបន់ភ្នំតាដុលនោះ ទៅតាំងនៅលើទីតាំងដែលគ្មានព្រៃ និងមានមនុស្សរស់នៅបង្កបង្កើនផលប្រចាំថ្ងៃទៅវិញ។
សកម្មជនដីធ្លី និងព្រៃឈើប្រចាំស្រុកក្រគរ លោក គុជ វេង មានប្រសាសន៍ថា កាលពីឆ្នាំ២០០៤ មានប្រជាពលរដ្ឋក្នុងឃុំក្បាលត្រាច ចំនួន ៩ភូមិ នាំគ្នាផ្ដិតមេដៃស្នើសុំទុកដីព្រៃស្រោង នៅភ្នំតាដុល ទំហំជាង ៥ពាន់ហិកតារជាដីព្រៃសហគមន៍។ សំណើនេះត្រូវបានអាជ្ញាធរភូមិ និងឃុំឯកភាព ប៉ុន្តែអាជ្ញាធរស្រុកបដិសេធ ដោយសំអាងថា ដីដែលបានស្នើសុំនោះមានជាប់ពាក់ព័ន្ធនឹងដីរបស់ក្រុមហ៊ុនភាពីម៉ិច (Pheapimix)។ ប៉ុន្តែក្រោយមក នៅអំឡុងឆ្នាំ២០១១ រដ្ឋាភិបាលបានចេញសេចក្ដីជូនដណ្ដឹងមួយសុំកាត់ដីចេញពីក្រុមហ៊ុនទំហំ ៥០០ហិកតារទុកជាដីព្រៃសហគមន៍ឃុំក្បាលត្រាច។
លោក គុជ វេង៖ «មកដល់ថ្ងៃនេះនៅតែប្រជាពលរដ្ឋអត់បានដីហ្នឹងដដែល ហើយបែរជាអាជ្ញាធរហ្នឹងដកហូតដីប្រជាពលរដ្ឋហ្នឹងទៅដាក់សហគមន៍វិញ ដីដែលគាត់អាស្រ័យផល។ ហើយអាដីសហគមន៍ពិត ដែលប្រជាពលរដ្ឋមានព្រៃ មានសត្វ បែរជាយកដីហ្នឹងទៅឲ្យក្រុមនិស្សិតវាស់វែងចែកគ្នាអស់»។
ចំណែកប្រធានសហគមន៍ភូមិក្រឡាញ់ អ្នកស្រី ឡោន ស៊ីវី បញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរបានដាក់ដីព្រៃសហគមន៍ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលនោះទៅចំណុចប្រចាក់ នៃភូមិត្រពាំងរំដេញ ចំនួន ២៥០ហិកតារ និងចំណុចអូរតាតុ ចំនួន ២៥០ហិកតារ ដែលនៅលើទីតាំងទាំងពីរនោះមានប្រជាពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផលចំនួន ៤៦គ្រួសារ។
ឆ្លើយតបនឹងបញ្ហានេះអភិបាលស្រុកក្រគរ លោក ទឹម សារិន មានប្រសាសន៍ថា សកម្មភាពចុះវាស់វែងដីនៅតំបន់ភ្នំតាដុលនោះ គឺលោកមិនបានដឹងច្បាស់ឡើយ ក៏ប៉ុន្តែលោកអះអាងថា មុននឹងមានការសម្រេចឲ្យវាស់វែង ឬរក្សាទុកដីព្រៃយ៉ាងណានោះ គឺមានក្រុមការងារត្រួតពិនិត្យជាច្រើនក្រុម។ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីមូលហេតុដែលអាជ្ញាធរបែរជាដាក់ព្រៃសហគមន៍ទៅលើទីតាំងដីព្រៃរេចរឹល និងមានប្រជាពលរដ្ឋរស់នៅនោះទេ។
លោក ទឹម សារិន៖ «ខ្ញុំមិនដឹងថា ពុករលួយកន្លែងណា។ ការវាស់ហ្នឹងកន្លងមកយើងមានក្រុមការងាររបស់មូលដ្ឋានចាស់ព្រឹទ្ធាចារ្យ មានមេភូមិមានអីៗទាំងអស់។ បញ្ហាដីយើងមិនមែននិយាយថា វាត្រឹមត្រូវទាំងអស់ទេ ធម្មតាប្រជាជននៅភ្នំពេញ ក៏ត្រូវតែមានដីនៅទីនេះមួយកន្លែង»។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែងថា រដ្ឋាភិបាលគប្បីផ្ដល់ដីព្រៃសហគមន៍ណាដែលមានព្រៃឈើគ្រប់គ្រាន់ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងសហគមន៍អាចទៅរកអនុផលព្រៃឈើបាន ជាជាងផ្ដល់ដីព្រៃរេចរឹល ហើយត្រូវការចំណាយប្រាក់ជាច្រើនដើម្បីដាំដុះព្រៃឈើឡើងវិញ៖ «សមត្ថកិច្ច ឬក៏អាជ្ញាធរដែលពាក់ព័ន្ធក្នុងការធ្វើអស់នេះ គាត់យករួចខ្លួន ចេះតែវាស់ដីហ្នឹងពារទៅលើដីប្រជាពលរដ្ឋ ទៅលើកម្មសិទ្ធិឯកជនរបស់គេ ហើយចេះតែថាអានេះដីរបស់ព្រៃសហគមន៍អ៊ីចឹង»។
សកម្មជនដីធ្លី និងព្រៃឈើប្រចាំស្រុកក្រគរ ខេត្តពោធិ៍សាត់ បញ្ជាក់ថា នៅអំឡុងឆ្នាំ២០១២ អាជ្ញាធរនិងមន្ត្រីជំនាញសុរិយោដីមិនបានវាស់វែងចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋទាំង ៤៦គ្រួសារនោះឡើយ ថែមទាំងបានបណ្ដេញពលរដ្ឋទាំងនោះឲ្យចេញពីដីព្រៃសហគមន៍ចំនួន ៥០០ហិកតារដែលអាជ្ញាធរបានកំណត់ថា ជាដីព្រៃសហគមន៍ឃុំក្បាលត្រាចនោះទៀតផង។ ប៉ុន្តែក្រុមប្រជាពលរដ្ឋមិនព្រមចាកចេញឡើយ ដោយសំអាងថា ខ្លួនបានចូលទៅរស់នៅ និងបង្កបង្កើនផលជាច្រើនឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋសហគមន៍ថ្មគោលខ្វែងគំនិតគ្នាលើដំណោះស្រាយក្នុងជម្លោះដីធ្លី
- ពលរដ្ឋនៅខេត្តក្រចេះបារម្ភខ្លាចអាជ្ញាធរបណ្ដេញចេញពីលំនៅឋាន
- ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែងបារម្ភពីសំណង
- ជម្លោះដីរវាងពលរដ្ឋនិងអាជ្ញាធរនៅប៉ៃលិន
- ពលរដ្ឋ២១គ្រួសារនៅពោធិ៍សាត់ប្រតិកម្មនឹងអាជ្ញាធររឹបអូសដីស្រៃទៅធ្វើជាដីព្រៃសហគមន៍
- កសិករនៅបន្ទាយមានជ័យស្នើសុំសំណងលើដីស្រែដែលប៉ះពាល់ពីគម្រោងជីកប្រឡាយ
- កងកម្លាំងចម្រុះបណ្ដេញពលរដ្ឋពីរោងស្នាក់នៅជាលើកទីពីរនៅខេត្តក្រចេះ
- មនុស្សម្នាក់ត្រូវចាប់ខ្លួនពេលតវ៉ាបិទផ្លូវរឿងអាជ្ញាធររុះរើផ្ទះនៅមណ្ឌលគិរី
- តុលាការខេត្តពោធិ៍សាត់ពន្លឿនការសាកសួរស្ត្រីជាប់ចោទឈូសឆាយដីរដ្ឋ