អតីត​អ្នក​បឹង​កក់​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន

Wednesday, 05 March 2014
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

IMG_9910

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សមត្ថកិច្ច​ខណ្ឌ​ដូន​ពេញ បាន​ធ្វើ​ការ​ចាប់​ខ្លួន​អតីត អ្នក​បឹង​កក់ ៣​នាក់​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ពួក​គាត់​ទៅ​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​សំណង​បន្ថែម​ដែល​សាលា​រាជធានី​ភ្នំពេញ​សន្យា មុន​ពេល​បោះ​ឆ្នោត​ថ្ងៃ​ទី ២៨ កក្កដា​ឆ្នាំ​មុន។

បច្ចុប្បន្ន ក្រុម​សកម្មជន​ដីធ្លី បឹង​កក់ អតីត​អ្នក​ភូមិ​បឹងកក់ និង​សហគមន៍​ដីធ្លី​មួយ​ចំនួន​ទៀត កំពុង​ប្រមូល​ផ្តុំ​គ្នា តវ៉ា​មុខ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង ពួកគេ​ទាំង​បី​នាក់​មក​វិញ។

អតីតពលរដ្ឋបឹងកក់ ​ទាំងបី​នាក់​នោះរួមមានឈ្មោះ សាត ថា, ទៀន ណា​រ៉េត និងអ្នកស្រី អ៊ី​ន ស្រី​ទូច​។

សូម​រំឭក​ថា កាល​ពី​ឆ្នាំ ២០០៧ រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន វិនិយោគ​លើ​គម្រោង បឹងកក់ ចំនួន ៧៩ លាន​ដុល្លារ រយៈ​ពេល ៩៩ ឆ្នាំ​លើ​ផ្ទៃ​ដី ១៣៣ ហិកតា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ជាង ៤២០០ គ្រួសារ រស់​នៅ​ក្នុង​តំបន់ បឹងកក់ នេះ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ពលរដ្ឋ​តវ៉ា​ស្វែង​រក​ដំណោះស្រាយ​នៅ​ពុំ​ទាន់​ ចប់​នៅ​ឡើយ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នានា បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ បឹងកក់ ភាគ​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះ ដោយ​ទទួល​សំណង​មិន​សមរម្យ ហើយ​នៅ​សល់​ជាង ៧០ គ្រួសារ បាន​តស៊ូ​ក្រាញ​ននៀល​មិន​ព្រម​ចាក​ចេញ​មក​ទល់​សព្វ​ថ្ងៃ​នេះ៕


What Next?

Recent Articles