ដោយ៖ ញឹម សុខន
ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |

គណៈកម្មការកែទម្រង់បោះឆ្នោតរបស់គណបក្សទាំងពីរ ធ្វើសន្និសីទកាសែត បន្ទាប់កិច្ចប្រជុំ កាលពីព្រឹកមិញ (រូបថត៖ ញឹម សុខន)
ក្រុមការងារកំណែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ បានឯកភាពគ្នា ឲ្យមានការបោះឆ្នោតជ្រើសរើសមេភូមិ ដែលជាផ្នែកមួយក្នុងការចរចាដើម្បីកែទម្រង់ការបោះឆ្នោត។
ប្រធានក្រុមការងារ នៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទ ក្រោយជំនួបលើកទី៣ នាថ្ងៃទី១៧ ខែមីនានេះថា ការបោះឆ្នោតជ្រើសតាំងមេភូមិ អាចធ្វើឲ្យរបបដឹកនាំមួយ ចេញឆ្ងាយពីការគ្រប់គ្រងបែបរបបផ្តាច់ការ «បើមេភូមិ គាត់ជាមេភូមិដែលមិនជ្រើសតាំងដោយបក្ស ដើម្បីបម្រើជាភ្នែកច្រមុះបក្ស នៅមូលដ្ឋានទេ ជាអ្នកដែលរើសដោយពលរដ្ឋ គាត់នឹងយកចិត្តទុកដាក់បម្រើពលរដ្ឋ ទាំងការស្រង់បញ្ជីបោះឆ្នោត ក៏ដូចជាការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់គាត់ដែរ»។
ប្រធានក្រុមចរចា នៃគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន អះអាងថា កិច្ចព្រមព្រៀងទាំង១៤ចំណុច ដែលរាប់ការបោះឆ្នោតជ្រើសមេភូមិផងនោះ គ្រាន់តែជាការឯកភាព របស់មន្ត្រីថ្នាក់បច្ចេកទេសប៉ុណ្ណោះ ដោយរង់ចាំការសម្រេចបន្ថែមទៀត ពីថ្នាក់ដឹកនាំកំពូល «ប្រធានបទនេះ យើងនឹងយកទៅដាក់ទៅសិក្ខាសាលា ទាំងអស់ អត់មានចោលប្រធានបទណាមួយទេ ហើយចាំសិក្ខាសាលាឬវេទិកាសាធារណៈនោះ គេផ្តល់មតិមកយើងយ៉ាងម៉េចទៀត បានយើងនេះ យើងខ្ញុំទាំង១២នាក់នេះពិភាក្សាគ្នាទៀត ហើយចំណុចណាដែល យើងខ្ញុំទាំងអស់គ្នានេះ មិនអាចសម្រេចបាន យើងនឹងឆ្លងទៅថា្នក់ដឹកនាំគណបក្សរៀងខ្លួន ដើម្បីជួយជាគំនិត ជាយោបល់ថែមទៀត ដើម្បីដោះស្រាយបញ្ហាជាតិរបស់យើងឲ្យបានល្អ ហើយសុខដុមរមនាទាំងអស់គ្នា»។
ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា រងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា បានបង្កផលលំបាកដល់អ្នកបោះឆ្នោត ធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត ពិសេសធ្វើឲ្យមានជម្លោះនយោបាយក្រោយការបោះឆ្នោត ខណៈដែលមេភូមិស្ទើរតែទាំងអស់ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែល លោក គល់ បញ្ញា យល់ថា មេភូមិ ជាតួអង្គសំខាន់នៅថ្នាក់មូលដ្ឋាន ដែលជួយសម្រួលដល់ការចុះឈ្មោះបោះឆ្នោត ការធ្វើលិខិតនានា ដើម្បីបានសិទ្ធិបោះឆ្នោត និងការផ្តល់ព័ត៌មានស្តីពីការបោះឆ្នោតជាដើម។ លោកថា ដើម្បីឲ្យពួកគេធ្វើការមានប្រសិទ្ធិភាព ត្រូវតែជ្រើសរើសតាមរយៈការបោះឆ្នោត ដើម្បីជួយការបោះឆ្នោតថ្នាក់ជាតិមានតម្លាភាព។
ក្រៅពីនោះ ក្នុងការពិភាក្សាលើកទី៣នេះ ភាគីទាំងពីរបានឯកភាព កំណែទម្រង់ការបោះឆ្នោត ចំនួន១២ចំណុច មន្ថែមទៀត បន្ទាប់ពីបានឯកភាព ២ចំណុចកាលពីលើកមុន។
សេចក្តីថ្លែងការណ៍រួម ឲ្យដឹងថា ចំណុចឯកភាពទាំងនោះរួមមាន ការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោតឡើងវិញ ការធានាសុចរិតភាពនៃអង្គការសង្គមស៊ីវិល ការប្រើប្រព័ន្ធផ្សព្វផ្សាយ ស្មើភាព ការបង្កើតយន្តការនៃការដោះស្រាយវិវាទ ការធានាអព្យាក្រិត្យភាពមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងការបោះឆ្នោតជ្រើសរើសមេភូមិជាដើម៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
វាត្រូវតែបោះឆ្នោតហើយ មេភូមិសព្វថ្ងែសឹងតែ១០០%ហើយ ដែលជាមេភូមិដុះស្លែ កំអែលកុម្មុយនីស្ត ជាមេភូមិរបស់បក្ស មិនមែនមេភូមិរបស់ប្រជាពលរដ្ឋទេ…!?
The CNRP must understand that Vietnam’s ulterior motive behind the negotiation is to buy time and find way to crush the CNRP.