Tuesday, 18 March 2014
ផាក់ សៀងលី និង Daniel Pye
ភ្នំពេញ ប៉ុស្តិ៍
កោះកុងៈ ជនជាតិចិន ៧ នាក់ ត្រូវបានរារាំងមិនឲ្យចូលក្នុងជ្រលងអារ៉ែង ក្នុងខេត្តកោះកុង កាលពីម្សិលមិញ ខណៈដែលប្រជាជននៅមូលដ្ឋានបានបន្តបិទផ្លូវ ដែលប្រតិបតិ្តករសម្បទានទំនប់អារ៉ែងព្យាយាមប្រើប្រាស់ ដើម្បីដឹកជញ្ជូនគ្រឿងចក្រទៅកាន់ការដ្ឋាន។ នេះបើយោងតាមអ្នកភូមិនៅកន្លែងកើតហេតុ។
លោក វេន វន មេដឹកនាំសហគមន៍ម្នាក់ ដែលមានវត្តមាននៅកន្លែងបិទផ្លូវកាលពីម្សិលមិញ បានថ្លែងថា និយោជិត ៧ រូបនៃក្រុមហ៊ុន Sinohydro (Cambodia) United Ltd បានព្យាយាមទៅតាមជ្រលង ដោយបន្លំធ្វើជាភ្ញៀវទេសចរណ៍នៅវេលាម៉ោង ៥ ល្ងាចកាលពីម្សិលមិញ។
លោក វន បានបញ្ជាក់ថា៖ «មានប្រាំពីរនាក់ជាបុរសចិន និងអ្នកបើកបរខ្មែរម្នាក់។ គេអះអាងថា ជាភ្ញៀវទេសចរណ៍ ដែលចង់មកទស្សនាជ្រលងអារ៉ែង ប៉ុន្តែយើងមិនឯកភាព ហើយគេក៏បានត្រឡប់ទៅវិញ។ យើងមិនដែលឃើញជនជាតិចិនមកទស្សនាជ្រលងអារ៉ែងពីមុននោះទេ។ យើងឃើញតែភ្ញៀវទេសចរណ៍ពីប្រទេសលោកខាងលិច»។
យោងតាមសេចក្តីថ្លែងការណ៍កាលពីម្សិលមិញពីអង្គការ Mother Nature Cambodia បានឲ្យដឹងថា អ្នកតំណាងក្រុមហ៊ុន Sinohydro ជាច្រើននាក់ បានមកតំបន់នេះកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមលក្ខណៈសម្រាប់ការមកដល់របស់វិស្វករចិនជាច្រើននាក់ និងគ្រឿងបរិក្ខាខួង។
លោក វន បានបន្ថែមថា៖ «យើងនៅទីនេះរយៈពេលយូរ ដើម្បីបញ្ឈប់ជនជាតិចិន និងគ្រឿងចក្រ»។
លោក ដឿម គុណឌី អ្នកតំណាងអង្គការ Mother Nature នៅកន្លែងបិទផ្លូវ កាលពីម្សិលមិញ បានបញ្ជាក់ដូចការរៀបរាប់របស់លោក វន មែន ចំពោះព្រឹត្តការណ៍កាលពីម្សិលមិញ។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលប្រចាំខេត្តឲ្យអង្គការសិទិ្ធមនុស្សអាដហុក បានថ្លែងថា ការតវ៉ា ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមនិយោជិតបីនាក់របស់ក្រុមហ៊ុន Sinohydro បានចុះមកតំបន់នេះ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានបង្វែរទិសដៅគ្រឿងចក្រដែលត្រូវបញ្ជូនតាមជ្រលងនេះផងដែរ។
លោកបានបញ្ជាក់ថា៖ «អ្នកភូមិបានឃើញអ៊ិចស្កា និងគ្រឿងចក្រដទៃទៀតមួយចំនួន កំពុងបញ្ជូនទៅអារ៉ែង ប៉ុន្តែបន្ទាប់ពីការតវ៉ា គេយកគ្រឿងចក្រទាំងនោះទៅលាក់នៅក្នុងព្រៃក្បែរនោះដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកន្លែងតវ៉ា»។ លោកបានបន្តថា៖ «គ្រឿងចក្រភាគ ច្រើនកំពុងត្រូវបានបញ្ជូនពីខេត្តកំពតទៅខេត្តកោះកុង»។
លោក Phay Thoun Phlam Kesorn អភិបាលរងខេត្ត បានថ្លែងថា លោកបានស្នើសុំឲ្យសហគមន៍អនុញ្ញាតក្រុមហ៊ុន Sinohydro ធ្វើការងាររបស់ពួកគេនៅជ្រលង ហើយបានដាក់សំណើរបស់ប្រជាជនទៅអភិបាលខេត្ត ដើម្បីលុបចោលសម្បទានទំនប់នេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានធ្វើរបាយការណ៍អំពី សំណើជូនអភិបាលខេត្តរួចហើយ ប៉ុន្តែយើងមិនទាន់ទទួលបានសេចក្តី សម្រេចទេ ក្នុងករណីនេះ»៕ TK