​អាជ្ញាធរ​ខេត្ត​រតនគិរី សន្យា​ដោះលែង​ប្រធាន​សហគមន៍​ព្រៃឈើ បន្ទាប់​ពី​ពលរដ្ឋ ចេញមុខ​តវ៉ា​​

ដោយ៖​ ឡុង គីម​ម៉ា​រីតា​
ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014
http://vodhotnews.com

​អាជ្ញាធរ​ខេត្ត​រតនគិរី សន្យាថា​នឹង​ដោះលែង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ជា​ប្រធាន​សហគមន៍​ព្រៃឈើ លោក ហាំង នឿ នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុង​សប្តាហ៍​មុន រឿង​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​អំណាច​។​

​លោក ហាំង នឿ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន ដោយសារ​ទំនាស់​ដីធ្លី នៅ​ភូមិ​ម៉ាស ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ  ខេត្ត​រតនគីរី​។ ការដោះលែង​នេះ បន្ទាប់​ពី​ពលរដ្ឋ បាន​ចេញ​មុខ​តវ៉ា​នៅ​ខាង​មុខ​តុលាការខេត្ត ទាមទារ​ឲ្យ​ដោះលែង​លោក ហាំង នឿ និង​ទាមទារ​ដោះស្រាយ​ទំនាស់​ដីធ្លី​។​

អ្នកសម្របសម្រួល​អង្គ​ការ​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា សមត្ថកិច្ច សន្យាថា​នឹង​ដោះលែង​នៅ​ថ្ងៃ​អង្គារ​នេះ ក្រោយពេល​បំពេញបែបបទ​រួចហើយ តែ​លោក​មិន​ទាន់​បញ្ជាក់​ថា នឹង​ត្រូវ​ដោះលែង​នៅពេល​ណា​ឡើយ​។​

​កាលពី​ថ្ងៃ​ចន្ទ ប្រជាពលរដ្ឋ​និយាយថា ប្រសិនបើ​គ្មាន​ការដោះលែង លោក ហាំង នឿ ឲ្យមាន​សេរីភាព​ទេ ពួកគេ​នៅតែ​បន្ត​ការតវ៉ា រហូតដល់​មាន​ការដោះលែង ។​ប្រជា​សហគមន៍​ឲ្យដឹង​ទៀតថា ពួកគាត់​នៅតែ​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ លើ​សំណុំរឿង​លោក សេង វិសិទ្ធ ពីបទ​ឆបោក​សហគមន៍ និង អ្នកស្រី​លី សុខ​ងីម កាប់​ដីព្រៃ​សហគមន៍​ជាង​១៥​ហិច​តា នៅ​អូរច្រាំ ទល់​ភ្នំ​ម៉ូ​។

​ប្រជា​សហគមន៍​ជនជាតិភាគតិច អះអាងថា កាល​ពី​ពាក់ណ្តាល​ឆ្នាំ​២០០៧ មន្ត្រី​យោធា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​រតនគិរី ដែល​ជា​តំណាងឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​យោធា បាន​សុំ​ដី​សហគមន៍​ខាងលើ​ដើម្បី​ដាំ​កៅស៊ូ ដោយ​សន្យាថា​នឹង​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់​ពួកគាត់ និង​ឲ្យប្រាក់​២០០០០​ដុល្លារ​ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​ពុំ​ព្រម​។

នៅក្នុង​ឆ្នាំ​២០០៧​ដដែល មន្ត្រី​យោធា​ទាំងនោះ ក៏​បាន​ផ្ទេរ​សិទ្ធ​កាន់កាប់​ទៅ​លោក សេង វិសិទ្ធ ដោយ​មិន​មាន​ការអភិវឌ្ឍន៍​ដូច​ការសន្យា​ឡើយ រហូតមកដល់​ពេលនេះ លោក សេង វិសិទ្ធបាន​ផ្ទេរ​ដី​នេះ​ទៅ​ឲ្យ​អ្នកស្រី លី សុខ​ងីម ធ្វើ​ការកាប់​រាន ទើប​មាន​ការតវ៉ា​នេះ​កើតឡើង​៕

​សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com

What Next?

Recent Articles