លោក ឡាយ វណ្ណៈ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​តាកែវ ជំនួស​លោក​ ស្រី បេន​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014
http://vodhotnews.com

​លោក ​ឡាយ វណ្ណៈ អភិបាលរង​ខេត្តតាកែវ ត្រូវបាន​តែងតាំង​ជា​អភិបាលខេត្ត​តាកែវ នៅ​ថ្ងៃ​អង្គារ​នេះ ជំនួស​លោក ​ស្រី បេន ដែល​ដល់​អាយុ​ចូលនិវត្តន៍ ខណៈ​ដែល​អភិបាលខេត្ត​រតនគិរី និង​អភិបាលខេត្ត​ព្រះសីហនុ នឹង​ចូល​និវត្តន៍​នៅ​ខែ​មេសា ខាងមុខនេះ​។​

​ពិធី​ប្រកាស​តែងតាំង​អភិបាលខេត្ត​តាកែវ​ថ្មី​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែ​មីនា​នេះ ក្រោម​អធិបតីភាព លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យ VOD ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក ស្រី  បេន អភិបាលខេត្ត​តាកែវ​បច្ចុប្បន្ន នឹង​ត្រូវ​ចូល​និវត្តន៍ ហើយ​លោក ឡាយ វណ្ណៈ អភិបាលរង​ខេត្តតាកែវ នឹង​ត្រូវ​ឡើង​កាន់តំណែង​ជា​អភិបាលខេត្ត​ជំនួស លោក ស្រី បេន​។

លោក​ខៀវ សុភ័គ ធ្លាប់​មានប្រសាសន៍ថា ក្រៅ​ពី​អភិបាលខេត្ត​តាកែវ លោកស្រី បេន ដែល​ត្រូវ​ចូលនិវត្តន៍ នៅ​មាន​អភិបាលខេត្ត​ពីរ​ទៀត គឺ​អភិបាល​រតនគីរី លោក ប៉ាវ ហមផាន និង​អភិបាលខេត្ត​ព្រះសីហនុ លោក ស្បោង សា​រ៉ា​ត នឹង​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នៅ​ខែ​មេសា ខាងមុខនេះ ប៉ុន្តែ​លោក​មិនទាន់​បាន​ដឹងថា នឹង​ត្រូវ​មាន​ពិធី​ប្រកាស​ផ្លាស់ប្តូរ​តំណែង​នៅ​ពេល​ណា​នោះទេ ដោយ​រងចាំ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​។​

​លោក ឡាយ វណ្ណៈ ដែល​ឡើង​តំណែង​ជា​អភិបាលខេត្ត​តាកែវ​ថ្មី​នេះ ជា​កូនប្រសា​របស់​លោក ស៊ូ ភិរិន្ទ អតីត​អភិបាលខេត្ត​សៀមរាប​។ លោក​ឡាយ វណ្ណៈ និង​មិត្ត​ភ័ក្រ្ត​របស់លោក ធ្លាប់​រង​នូវ​ការ​ចោទថា បាន​បង្ក​ឲ្យ​ផ្ទុះអាវុធ នៅក្នុង​ហាង​ខារ៉ាអូខេ យីហោ “​រស្មី​អង្គរ​” កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ បណ្តាលឲ្យ​ម្ចាស់​ហាង​រង​របួស​ជើង​។

ករណី​ផ្ទុះអាវុធ​នោះ កើតឡើង​នៅ​ពេល​ក្រុម​មន្ត្រី​ទាំងនោះ បាន​អួត​កាំភ្លើងខ្លី​ដាក់គ្នា​។ ប៉ុន្តែ​ករណី​នោះ គេ​មិន​បាន​ប្តឹងផ្តល់​អ្វី​ទេ ហើយ​ម្ចាស់​ហាង អះអាងថា បាន​សម្រួល​គ្នា​រួចហើយ​៕

សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban@gmail.com

What Next?

Recent Articles

2 Responses to "លោក ឡាយ វណ្ណៈ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​តាកែវ ជំនួស​លោក​ ស្រី បេន​​"

  1. G.spot says:

    ចុំម៉េចមិនអោយកូនអាកឹម សុខាឡើងមួយផង, ព្រោះវាខំដើរធ្វើបាតុកម្ម

  2. BTC says:

    បុគ្គល ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលទើបឡើងកាន់ដំណែងថ្មីនេះ ជាជនពាល ធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងបាញ់បោះសេរី ទៅលើថៅកែហាង រស្មីអង្គរ នៅខេត្តតាកែវ ដោយបញ្ហាជំលោះរឿងស្រីញី។ វាជារឿងមួយដ៏អាមាសបំផុតដែលបុគ្គលប្រភេទនេះមានឲកាសបានក្លាយជាថ្នាក់ដឹកនាំ ហើយមិនដឹងថាទៅថ្ងៃមុខ បុគ្គលម្នាក់នេះនិងប្រើអំណាចរបស់ខ្លួន ប្រព្រឹត្តិរឿងឧក្រិដ្ឋយ៉ាងណាទៀតទេ? មុខមាត់រដ្ឋាភិបាលខ្មែរយកទៅទុកនៅត្រង់ណា?