ដោយ ហង្ស សាវយុត
2014-03-17
RFA
ចាប់តាំងពីពាក់កណ្ដាលសប្ដាហ៍មុនរហូតមកដល់ពេលនេះ ក្រុមអ្នកភូមិមួយចំនួននៅឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បាននាំគ្នាកាប់រំលំដើមឈើធំៗដាក់រាំងបិទផ្លូវ មិនឱ្យរថយន្តរបស់ក្រុមហ៊ុនដីសម្បទានឈ្មោះ ឌីសស្ទីង ហាវេស្ទ៍ ( Distinct Harvest) បើកបរចេញចូលទៅកាន់តំបន់ខ្លះបានទេ។ ការលើកគ្នារារាំងនេះ បន្ទាប់ពីក្រុមហ៊ុនបានប្រើគ្រឿងចក្រឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ច រំលោភទៅលើដីស្រែជាច្រើនហិកតារ។
ក្រុមប្រជាពលរដ្ឋរស់នៅភូមិចំនួន៣ ក្នុងឃុំស្ដៅ កំពុងព្រួយបារម្ភថា ដីស្រែរបស់ពួកគេជាច្រើនហិកតារ អាចនឹងបាត់បង់ ហើយទំនងជាមិនអាចចូលទៅដាំដុះបានទេនៅក្នុងរដូវវស្សាខាងមុខនេះ។
ការព្រួយបារម្ភបានកើតមានឡើងបន្ទាប់ពីគេឃើញក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ ឌីសស្ទីង ហាវេស្ទ៍ ចាប់ផ្ដើមឈូសឆាយ ហើយបានរំលោភទៅលើដីស្រែខ្លះ ប៉ុន្តែមិនមានការដោះស្រាយនៅឡើយ។
អ្នកភូមិកន្សែងកណ្ដាល គឺលោក សួន នៃ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៧ ខែមីនា ថា រយៈពេល១សប្ដាហ៍មកហើយ ក្រុមហ៊ុនបានប្រើគ្រឿងចក្រឈូសដីព្រៃរំលោភលើដីស្រែរបស់ប្រជាពលរដ្ឋ។ បុរសដដែលបានបញ្ជាក់ថា ដីស្រែដែលក្រុមហ៊ុនឈូសរំលោភនោះ គឺជារបស់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ គឺក្រុមហ៊ុនបានឈូសឆាយដីស្រែរបស់ប្រជាពលរដ្ឋជាច្រើនហិកតារ នៅភូមិសុច ភូមិត្រពាំងខ្ចេង និងភូមិត្រពាំងរាំង។
លោក សួន នៃ៖ «កន្លងប្រហែលជា៣ខែមុននេះ អភិបាលខេត្តព្រះវិហារ បានប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋអស់ហើយ ក៏ប៉ុន្តែក្រុមហ៊ុននៅតែឈូសកាត់វាលស្រែព្រោងព្រាតនោះឯង។ វាច្រើនណាស់! ដល់បងប្អូនធ្វើសកម្មភាពទៅ បានត្រាក់ទ័រអីសម្រាកខាងលិច គាត់ឈូសខាងកើត សម្រាកខាងកើត ទៅឈូសខាងត្បូង។ ដល់អ៊ីចេះ ប្រជារាស្ត្រថាឱ្យឈប់ទាំងអស់ អត់មានឱ្យឈូសឆាយទេ ប៉ុន្តែសកម្មភាពនៅបន្តអត់ទាន់ឈប់ទេ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងជាមួយតំណាងក្រុមហ៊ុន ឌីសស្ទីង ហាវេស្ទ៍ ដើម្បីសុំការពន្យល់ចំពោះការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយ។
កាលពីអំឡុងខែសីហា ឆ្នាំ២០១២ កន្លងទៅ រដ្ឋាភិបាលខ្មែរបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួនជាង ៧.៩០០ហិកតារ ទៅឱ្យក្រុមហ៊ុន ឌីសស្ទីង ហាវេស្ទ៍ ក្នុងភូមិសាស្ត្រឃុំចម្រើន ឃុំស្ដៅ និងឃុំរណសិរ្ស ក្នុងស្រុកសង្គមថ្មី ដើម្បីដាំដំណាំកសិឧស្សាហកម្ម និងកៅស៊ូ។
អាជ្ញាធរឃុំស្ដៅ បានទទួលស្គាល់ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះពិតជាបានប្រើគ្រឿងចក្រឈូសឆាយលើដីស្រែរបស់ប្រជាពលរដ្ឋជាច្រើនហិកតារមែន។
មេឃុំស្ដៅ លោក កូវ សាមុត បានមានប្រសាសន៍ថា ក្រុមហ៊ុននេះបានប្រើគ្រឿងចក្រឈូសដីព្រៃ ហើយក្រៅពីនោះ គឺបានឈូសដីស្រែខ្លះ ធ្វើជាផ្លូវឱ្យឡានបើកចេញចូល ដើម្បីបោះបង្គោលកំណត់ព្រំដីសម្បទាន។ លោកមេឃុំបានបញ្ជាក់ថា ការឈូសឆាយនោះ ប៉ះពាល់ទៅលើដីស្រែជាច្រើនហិកតារ ក៏ប៉ុន្តែអាជ្ញាធរឃុំមិនមានលទ្ធភាពដោះស្រាយទេ ពីព្រោះពាក់ព័ន្ធនឹងថ្នាក់ជាតិ៖ «វាចូលដីព្រៃចូលដីស្រែ តាមព្រំវាកាត់វាលដីស្រែ។ ឱ្យខ្ញុំដោះស្រាយយ៉ាងម៉េច បើពាក់ព័ន្ធដល់អភិបាលខេត្ត ថាចាំសិក្សា និងឱ្យគេចុះមកពិនិត្យ។ ឱ្យខ្ញុំធ្វើពាក្យដាក់ជូនទៅ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ឡោ ចាន់ បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា កន្លងទៅ ក្រុមហ៊ុន ឌីសស្ទីង ហាវេស្ទ៍ ធ្លាប់បានឈូសឆាយរំលោភចូលដីព្រៃសហគមន៍នៅត្រពាំងខ្ចេង ខ្លះៗម្ដងមកហើយ។ លោក ឡោ ចាន់ បញ្ជាក់ថា នៅពេលខាងមុខ លោកនឹងដាក់បណ្ដឹងរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារក្រុមហ៊ុននោះ ទៅឱ្យអាជ្ញាធរខេត្តព្រះវិហារ ដោះស្រាយជាថ្មីម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនជាតិកួយ៖ រដ្ឋាភិបាលលុបបំបាត់វប្បធម៌ជនជាតិកួយក្រោមគម្រោងអភិវឌ្ឍន៍
- ពលរដ្ឋនៅស្វាយរៀងធ្វើពិធីបួងសួងតវ៉ារឿងទំនាស់ដី
- ពលរដ្ឋនៅបន្ទាយមានជ័យគ្រោងដង្ហែក្បួនយកសំណុំរឿងដីធ្លីដាក់ជូនអាជ្ញាធរ
- ជនមិនស្គាល់មុខប៉ុនប៉ងដុតផ្ទះអ្នកភូមិបឹងកក់មួយគ្រួសារ
- មេភូមិនៅបាត់ដំបងរងការចោទថាលក់ដីសាធារណៈ
- សមត្ថកិច្ចដុតផ្ទះនិងរោងស្នាក់នៅពលរដ្ឋ១៥ខ្នងនាខេត្តមណ្ឌលគិរី
- ជនជាតិវៀតណាមជួលដីពលរដ្ឋខ្មែរក្បែរព្រំដែនធ្វើស្រែចម្ការ
- កម្លាំងអាជ្ញាធរចម្រុះចុះរុះរើផ្ទះអ្នកភូមិនៅបន្ទាយមានជ័យ
- ស្ត្រីបុរីកីឡាប្ដឹងមន្ត្រីខណ្ឌ៧មករាពីបទប្រើហិង្សា