ដោយ ខែ សុណង
2014-03-19
RFA

កម្មកររោងចក្រស្បែងជើង វីង ស្ដារ (Wing Star Shoes) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាតុកម្មទាមទារដំឡើងប្រាក់ខែ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣។ RFA/Ouk Savborey
កម្មកររោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ រាប់ពាន់នាក់ ក្នុងចំណោមកម្មករសរុបប្រមាណ ៦ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវជាតិលេខ៣ ជាង ២ម៉ោង ដើម្បីទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារ ១០ចំណុច។
ទោះយ៉ាងណាក្រុមកម្មករបានរំសាយ និងបើកផ្លូវឲ្យចរាចរណ៍វិញ ដោយសារអាជ្ញាធរខេត្ត ស្នងការខេត្ត និងមន្ត្រីមន្ទីរការងារចុះអន្តរាគមន៍ជាមួយថៅកែរោងចក្រ។
កម្មករកម្មការិនីនៃរោងចក្រ វីង ស្ដារ ស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី បានបដិសេធសំណើភាគីពាក់ព័ន្ធមិនចូលដោះស្រាយការទាមទាររបស់ខ្លួននៅមន្ទីរការងារខេត្តកំពង់ស្ពឺ ទេ នៅថ្ងៃទី១៩ មីនា។
តំណាងកម្មកររោងចក្រ វីង ស្ដារ ស៊ូ កញ្ញា បិន ស្រីមុំ បានថ្លែងថា ពួកគាត់រំសាយបាតុកម្មបិទផ្លូវជាតិលេខ៣នេះ គឺដោយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធដែលចុះមកអន្តរាគមន៍នោះអាចដោះស្រាយសំណើរបស់ពួកគាត់នៅរោងចក្របាន។ ប៉ុន្តែភាគីពាក់ព័ន្ធបែរជាស្នើឲ្យតំណាងកម្មករទៅជួបចរចាដោះស្រាយបញ្ហានៅមន្ទីរការងារទៅវិញ។ កញ្ញាបន្តថា ពួកគាត់ធ្វើបាតុកម្មទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារចំនួន ១០ចំណុច មានដូចជា សុំឲ្យថៅកែអនុវត្តការសុំឈប់សម្រាក ពិសេសឲ្យកម្មករដូចជាច្បាប់ការ ឈឺជាដើមកុំកាត់លុយ។ សុំបន្ថែមលុយថ្លៃធ្វើដំណើរ ៥ដុល្លារលើលុយដែលមានស្រាប់ ១០ដុល្លារក្នុងមួយខែ និងកុំឲ្យថ្នាក់ដឹកនាំគាបសង្កត់ ឬបង្ខំកម្មករឲ្យថែមម៉ោងឡើយ។
កញ្ញា បិន ស្រីមុំ៖ «ចំណុចដែលកម្មករគាត់ស្នើសុំខ្លាំងបំផុត គឺគាត់ស្នើសុំដូចជាលុយឡាន លុយបាយ។ សូម្បីតែលុយឡានគាត់សុំតែមួយរៀលថែមដូចជាភាគទានឲ្យកម្មករ ក៏គាត់អត់ព្រមដែរ គាត់អត់ព្រមទាំងអស់ ដូចដាច់ធម៌មេត្តាសម្រាប់ខ្មែរពេកហើយ។ ខ្ញុំចង់ឲ្យដោះស្រាយនៅកន្លែងធ្វើការដើម្បីឲ្យកម្មកររាប់ពាន់នាក់គាត់ឃើញថា ពួកខ្ញុំពិតជាបានចូលដោះស្រាយគាត់ពិតមែនហ្នឹង បានខ្ញុំហ៊ានអះអាងឲ្យគាត់ចូលធ្វើការវិញ»។
កម្មកររោងចក្រ វីង ស្ដារ ស៊ូ បានធ្វើបាតុកម្មចំនួន ៣ថ្ងៃជាប់គ្នា ពោលគឺតាំងពីថ្ងៃច័ន្ទ ទី១៧ មីនា។ នៅថ្ងៃទី១៩ មីនា ពួកគាត់រាប់ពាន់នាក់ ក្នុងចំណោម ៦ពាន់នាក់ បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៣ តែម្ដង។ ប៉ុន្តែការបិទនេះបានជាង ២ម៉ោង ហើយរំសាយវិញ បន្ទាប់ពីអភិបាលរងខេត្តកំពង់ស្ពឺ លោក ប៉ែន សំបូរ ស្នងការរងខេត្តកំពង់ស្ពឺ លោក សំ សានួន មន្ត្រីមន្ទីរការងារ និងគណៈកម្មការដោះស្រាយវិវាទកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារបានចុះទៅសម្របសម្រួល។
ស្នងការរងខេត្តកំពង់ស្ពឺ លោក សំ សានួន មានប្រសាសន៍ថា ក្រុមការងារចម្រុះនេះ បានជួបជាមួយថៅកែរោងចក្រដោយសម្រេចជាលទ្ធផលថា ឲ្យតំណាងកម្មករនិងសហជីពជួបគ្នានៅមន្ទីរការងារខេត្ត នៅរសៀលម៉ោង ២ ថ្ងៃដដែលដើម្បីដោះស្រាយបន្ត៖ «ខ្ញុំអត់ដឹងថាម៉េចដែរទេណា ប៉ុន្តែជំហរក្រុមការងារគណៈកម្មការ ហើយនិងនិយោជកថៅកែរោងចក្រ គឺបានឯកភាពគ្នាថា ធ្វើការដោះស្រាយនៅមន្ទីរការងារតែម្ដង»។
ទាក់ទងបញ្ហានេះ អគ្គលេខាធិការនៃសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ថន ថុល មានមតិថា ការដោះស្រាយរបៀបនេះ គឺជាការអូសបន្លាយពេលវេលាដើម្បីឲ្យកម្មករបាក់ទឹកចិត្តក្នុងការទាមទារតែប៉ុណ្ណោះ៖ «ការបាតុកម្មកូដកម្មគាត់ទាមទារនៅកន្លែងរោងចក្ររបស់គាត់គួរតែក្រុមហ៊ុនធ្វើម៉េចដោះស្រាយនៅកន្លែងរោងចក្រជាក់ស្ដែងទៅ ដើម្បីឲ្យបានចូលរួមស្ដាប់ចូលរួមចរចាទាំងអស់គ្នា»។
តំណាងកម្មករបានអះអាងថា មូលហេតុដែលពួកគាត់មិនចូលចរចានៅមន្ទីរការងារនោះគឺដោយសារតែនៅថ្ងៃទី១៨ ពួកគាត់បានចូលចរចាម្ដងហើយ តែចំណុចសំខាន់ដែលកម្មករចង់បានគ្មានដំណោះស្រាយពីភាគីថៅកែរោងចក្រទេ។ ពួកគាត់អះអាងថា នៅថ្ងៃទី២០ មីនា ពួកគាត់នឹងធ្វើកូដកម្ម ឬបាតុកម្មបន្តទៀតមិនចូលធ្វើការឡើយ។
កម្មកររោងចក្រ វីង ស្ដារ ស៊ូ មួយចំនួនធ្លាប់បានឈប់ធ្វើការនៅរោងចក្រនេះម្ដងរួចមកហើយ កាលពីខែឧសភា ឆ្នាំ២០១៣ ដោយសារពួកគេភ័យខ្លាចចំពោះហេតុការណ៍បាក់ពិតាននៅរោងចក្រនេះក្នុងពេលបំពេញការងារ។ ហើយអាជ្ញាធរនិងមន្ត្រីស្ថាប័នពាក់ព័ន្ធបានជំរុញឲ្យរោងចក្រនេះធ្វើការកែលម្អស្ថានភាពរោងចក្របញ្ចៀសនូវគ្រោះថ្នាក់នេះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នករត់រ៉ឺម៉កម៉ូតូតវ៉ាមុខស្នងការដ្ឋាននគរបាលភ្នំពេញឲ្យដោះលែងរ៉ឺម៉កម៉ូតូ១គ្រឿង
- គ្រួសារពលការិនីនៅស្វាយរៀងប្ដឹងឲ្យស្វែងរកកូនស្រីបាត់ខ្លួននៅម៉ាឡេស៊ី
- សហជីពត្រៀមភស្តុតាងអំពីថៅកែក្រុមហ៊ុនដែលបានកាត់ប្រាក់ឈ្នួលកម្មករ
- កម្មកររោងចក្រសាន់យ័ននាខេត្តកំពង់ស្ពឺធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារ១០ចំណុច
- ពលរដ្ឋនៅស្វាយរៀងធ្វើពិធីបួងសួងតវ៉ារឿងទំនាស់ដី
- ជនជាតិដើមភាគតិចគ្រឹងតវ៉ាសុំដោះលែងតំណាងនៅមុខតុលាការខេត្តរតនគិរី
- គ្រួសារនៅកំពង់ស្ពឺសុំឲ្យជួយស្វែងរកកូន៤នាក់បាត់ដំណឹងជាង១០ឆ្នាំនៅម៉ាឡេស៊ី
- គ្រួសារស្នើឲ្យដោះលែងអ្នកជាប់ឃុំ២១នាក់នៅត្រពាំងផ្លុង
- កម្មករប្រមាណ៤០នាក់សន្លប់នៅរោងចក្រនាខណ្ឌពោធិ៍សែនជ័យ
បិទផ្លូវ គឺបិទឈាមខ្លួនឯង! ត្រូវតែបង្រ្កាបជាដាច់ខាត ! មិនអាចយកផ្លូវ និងអ្នកធ្វើដំណើរលើដងផ្លូវធ្វើជាចំណាប់ដើម្បីផលប្រយោជន៏ខ្លួនឯងបានឡើយ!!!!!!!
បិទផ្លូវ គឺបិទឈាមខ្លួនឯង! ត្រូវតែបង្រ្កាបជាដាច់ខាត ! មិនអាចយកផ្លូវ និងអ្នកធ្វើដំណើរលើដងផ្លូវធ្វើជាចំណាប់ខ្មាំងដើម្បីផលប្រយោជន៏ខ្លួនឯងបានឡើយ!!!!!!!