ដោយ អ៊ុក សាវបូរី
2014-03-19
RFA
ទឹកស្អុយហូរចេញពីរោងចក្រផលិតម្សៅមីរបស់ក្រុមហ៊ុនចិន ឈ្មោះ អឺខាង ហ្វូណាន (ER KANG HUNAN) ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យ និងប្រមូលសំណាក ដើម្បីវិភាគរកមូលហេតុនៃការពុលក្នុងទឹក ខណៈត្រីងាប់ពេញអូរឈើនាង ដែលអ្នកភូមិកំពុងប្រើទឹកនោះ។
អាជ្ញាធរបានណែនាំក្រុមហ៊ុនកុំឲ្យបង្កផលប៉ះពាល់បន្តទៀតដល់អ្នករស់នៅជុំវិញរោងចក្រម្សៅមីនោះ។ បច្ចុប្បន្ន ទឹកស្អុយនោះឈប់ហូរធ្លាក់ចូលក្នុងអូរឈើនាង ហើយ ដោយក្រុមហ៊ុនយកគ្រឿងចក្រកាយទប់ទឹកបន្ទាន់ លុបកន្លែងធ្លាយ ក្រោយពីអាជ្ញាធរចម្រុះក្នុងខេត្តបាត់ដំបង ចុះពិនិត្យ និងណែនាំ កាលពីថ្ងៃទី១៨ ខែមីនា។
ក្រសួងបរិស្ថាន បានបញ្ជូនមន្ត្រីជំនាញឲ្យចុះសិក្សាពីផលប៉ះពាល់បរិស្ថាន និងសុខភាព បន្ទាប់ពីមានទឹកស្អុយហូរចេញពីរោងចក្រផលិតម្សៅមីរបស់ក្រុមហ៊ុនចិន ឈ្មោះ អឺខាង ហ្វូណាន បង្កនូវផលប៉ះពាល់ទឹក និងសត្វក្នុងទឹកនោះ។
ការបញ្ជូនមន្ត្រីចុះភ្លាមៗនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីព័ត៌មានផ្សព្វផ្សាយថា រោងចក្រផលិតម្សៅមីនោះធ្លាយទឹកស្អុយហូរធ្លាក់ចូលទឹកក្នុងអូរឈើនាង ទឹកអូរត្រែង និងហូរទៅដល់ដងស្ទឹងសង្កែ បណ្ដាលឲ្យត្រីងាប់ក្នុងអូរ ហើយអ្នកស្រុកមិនអាចប្រើប្រាស់ទឹកនោះបាន។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទា ជុប មានប្រសាសន៍នៅថ្ងៃទី១៩ ខែមីនា ថា ព័ត៌មានអំពីទឹកស្អុយហូរចេញពីរោងចក្រម្សៅមីហូរចូលទឹកអូរ ប៉ះពាល់ការរស់នៅ និងការប្រើប្រាស់ទឹកនៅក្នុងស្រុករតនៈមណ្ឌល នោះ ក្រសួងបរិស្ថាន បានបញ្ជូនក្រុមមន្ត្រីជំនាញចុះទៅខេត្តបាត់ដំបង ដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត ដើម្បីយកទឹកនោះមកពិសោធមើល និងវាយតម្លៃពីផលប៉ះពាល់៖ «យើងមិនអាចសន្និដ្ឋានបានភ្លាមទេ ចុះទៅនឹងយើងអាចយកទឹកហ្នឹងមកមើល តើហើយយើងវិភាគរកសារធាតុអីខ្លះដែលនៅក្នុងហ្នឹង។ អ៊ីចឹងទាល់តែចាំខាងនាយកដ្ឋានត្រូវពិនិត្យថាមពល ចុះទៅពិនិត្យមើល ហើយបានយើងអាចមានរបាយការណ៍ច្បាស់លាស់មួយបាន ដើម្បីយើងមានវិធានការ។ ជួនកាល ជាមួយប្រជាពលរដ្ឋគាត់ចេះតែថា ប៉ុន្តែយើងចុះពិនិត្យផ្ទាល់ ដើម្បីពិនិត្យមើល ថាតើវាពុលយ៉ាងម៉េចៗ វាកម្រិតណាច្បាស់សិន ចាំយើងធ្វើរបាយការណ៍»។
រដ្ឋបាលរោងចក្រម្សៅមី អឺខាង ហ្វូណាន លោក ហួត បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហាកើតឡើងនោះឡើយ។ លោកស្នើសុំឲ្យជួបផ្ទាល់ជាមួយនាយកក្រុមហ៊ុន ដែលមានសិទ្ធិបកស្រាយបញ្ហាទាំងអស់។
អភិបាលស្រុករតនៈមណ្ឌល លោក សើ សាម៉េត ថ្លែងថា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ អាជ្ញាធរស្រុករតនៈមណ្ឌល បានអញ្ជើញតំណាងរោងចក្រម្សៅមីមកដោះស្រាយ និងឲ្យសន្យាធ្វើយ៉ាងណា កុំឲ្យមានការធ្លាយទឹកកខ្វក់ហូរចូលមកក្នុងទឹកអូរ ដែលអ្នកស្រុកកំពុងប្រើប្រាស់ទឹកនោះបន្តទៀត។ លោកថា ក្រុមហ៊ុនចិន នោះប្រើគ្រឿងចក្រកាយទប់ទឹកស្អុយដែលធ្លាយចេញមកនោះភ្លាមៗ ក្រោយពីអាជ្ញាធរចម្រុះក្នុងខេត្តបាត់ដំបង បានចុះពិនិត្យនៅក្នុងរោងចក្រ កាលពីថ្ងៃទី១៨ ខែមីនា។ លោកថា បច្ចុប្បន្នទឹកនោះលែងហូរចេញមកទៀតហើយ ប៉ុន្តែទឹកនៅក្នុងអូរវិញ នៅបន្តកខ្វក់នៅឡើយ។
លោក សើ សាម៉េត៖ «វាជ្រាបពីអាងទឹកស្តុកទឹកស្អាតរបស់គាត់ វាជ្រាបតាមហ្នឹងមក វាហូរចូលមកអូរ អ៊ីចឹងវាធ្វើឲ្យទឹកហ្នឹងជាទឹកលាងដំឡូងៗមីនោះ ទឹកនោះជាប្រភេទទឹកស្អុយដែរហ្នឹង។ ដល់ទឹកនោះវាហូរចូលទៅក្នុងអូរ វាបណ្ដាលឲ្យទឹកនោះវាធ្វើឲ្យខូចបរិស្ថាន។ អ៊ីចឹងវាប៉ះពាល់ដល់ត្រី ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់។ ហើយយើងបានឲ្យគាត់បិទកន្លែងដែលវាធ្លាយ ហើយជ្រាបអ៊ីចឹង យកម៉ៃខូកាយបិទ។ មកដល់ថ្ងៃនេះ យើងរៀបចំរួចរាល់អស់ហើយ ហើយយើងអញ្ជើញគាត់មកព្រឹកមិញនេះ ដើម្បីណែនាំគាត់អំពីអាងស្តុកទឹករបស់គាត់ហ្នឹងណា ធ្វើម៉េចកុំឲ្យមានការធ្លាយដូចពីម្សិលមិញទៀត»។
ទាក់ទងបញ្ហានេះ មេឃុំត្រែង លោក រ៉ាន់ តុង អះអាងថា ទឹកធ្លាយពីអាងស្តុកទឹករបស់រោងចក្រផលិតម្សៅមីនោះមានក្លិនស្អុយ ជះក្លិនអាក្រក់ខ្លាំង នៅពេលអាជ្ញាធរភូមិឃុំបានចុះទៅពិនិត្យ ហើយធ្វើរបាយការណ៍បញ្ជូនទៅសាលាស្រុក និងសាលាខេត្ត។ លោកថា ត្រីជាច្រើនបានងាប់នៅក្នុងទឹក ហើយទឹកល្អក់ពណ៌សក្បោះ។ លោកថា ភ្លាមៗអាជ្ញាធរបានបញ្ជាឲ្យក្រុមហ៊ុនប្រញាប់បិទភ្ជិតកន្លែងធ្លាយទឹកនោះសិន ដើម្បីកុំឲ្យទឹកហូរចេញមកច្រើនទៀត បង្ការដល់អ្នកស្រុកច្រើនភូមិកំពុងប្រើប្រាស់ទឹកអូរនោះ ដែលអាចធ្វើឲ្យផលប៉ះពាល់សុខភាព៖ «ពាក់ព័ន្ធនឹងទឹកស្អុយហ្នឹង វាមិនមានជាតិគីមីអីទេ គ្រាន់តែថាការហូរចូលនេះដោយមូលហេតុវាអចេតនាទេ ដោយសារវាធ្លាយទំនប់។ ក៏ប៉ុន្តែ គាត់សន្យាថានឹងមិនឲ្យមានលើកទី២ទៀតទេ ពាក់ព័ន្ធនឹងការធ្លាយទំនប់នេះ»។
មេភូមិតាគ្រក់ លោក ឆាន់ សារុន ឲ្យដឹងថា សំណង់របស់រោងចក្រមិនទាន់រឹងមាំ បានធ្វើឲ្យអាងស្តុកសំណល់ធ្លាយទឹកចេញពីក្រោមដី ហូរចូលមកក្នុងទឹកអូរឈើនាង បន្តហូរទៅទឹកអូរត្រែង និងហូរទៅដល់ដងស្ទឹងសង្កែ ដែលមានចម្ងាយប្រមាណ ១៥ ទៅ ២០គីឡូម៉ែត្រ។ លោកថា បើទឹកនោះហូរជាប់រាល់ថ្ងៃ វានឹងបង្កផលប៉ះពាល់ដល់ការប្រើប្រាស់ទឹករបស់អ្នកស្រុកចំនួន ២ឃុំ គឺឃុំត្រែង និងឃុំផ្លូវមាស។ លោកថា ទឹកមានក្លិនស្អុយ ព្រោះក្រុមហ៊ុនលាងសម្អាត ដំឡូងស្ងួត ហើយស្តុកទឹកនៅក្នុងអាង៖ «សុំឲ្យគាត់ហ្នឹងមានវិធានការយ៉ាងម៉េច កាយទម្លាយទឹកសម្រាប់ប្រើហ្នឹង ឲ្យវាហូរឲ្យខ្លាំង ដើម្បីឲ្យវាបំបាត់នូវជាតិពុល»។
ប្រជាពលរដ្ឋភូមិតាគ្រក់ លោក ផាន់ ណា ឲ្យដឹងថា អ្នកភូមិកំពុងត្រូវការទឹកអូរឈើនាង ប្រើប្រាស់ក្នុងរដូវប្រាំង ប៉ុន្តែបែរជាទឹកមិនអាចប្រើបាន ដោយសារតែទឹកក្នុងអូរឈើនាង រងនូវជាតិពុលនៃទឹកស្អុយ ដែលហូរចេញពីរោងចក្រម្សៅមី។ លោកថា ទឹកហូរចេញពីរោងចក្រម្សៅមីមក មានពណ៌សខាប់ មានក្លិនស្អុយ ធ្វើឲ្យត្រីងាប់ច្រើនក្នុងទឹកអូរ។ អ្នកស្រុកមិនបានដឹងថា ត្រីងាប់ព្រោះតែវាស៊ីជាតិពុលក្នុងទឹកទេ ក៏មានអ្នកភូមិខ្លះបានចាប់ត្រីងាប់ហូប ហើយធ្វើឲ្យមានជំងឺក្អួត ចង្អោរ៖ «ទឹកហ្នឹងនៅតែហូរ ហើយស្អុយអ៊ីចឹង អូរហ្នឹងវាហូរចុះទៅដល់ស្ទឹងសង្កែតែម្តង តែវាហូរយឺតណាស់ អាទឹកសស្អុយៗហ្នឹង ដើរជិតអត់បានទេជះក្លិន។ អ៊ីចឹងបងប្អូននៅក្នុងភូមិហ្នឹង គាត់ប្រើប្រាស់ទឹកហ្នឹងអត់បានទេ ស្អុយខ្លាំងប្រើអត់កើត ហើយត្រីងាប់ ហើយនៅកន្លែងនេះវាអត់សូវមានទឹកដែរ អ៊ីចឹងវាលំបាកខ្លាំង។ ហើយទឹកនៅតែហូរ ស្អុយអ៊ីចឹងពីលើមក ព្រោះរោងចក្រម្សៅមីនៅពីលើយើង ឯយើងនៅពីក្រោម។ អ៊ីចឹងវាហូរមករហូត ឥឡូវនៅមានក្លិនអាក្រក់ក្លិនស្អុយ»។
អភិបាលស្រុករតនៈមណ្ឌល លោក សើ សាម៉េត ឲ្យដឹងថា រោងចក្រម្សៅមីឈ្មោះ អឺខាង ហ្វូណាន មានទីតាំងនៅក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ រោងចក្រនោះទើបដំណើរការសាងសង់ប្រមាណ៣ខែមកនេះ ហើយកំពុងសាងសង់អគារជាច្រើនបន្តទៀត ដើម្បីឲ្យកម្មករស្នាក់នៅផង និងស្តុកដំឡូងផង។ រោងចក្រម្សៅមីនេះគ្រោងនឹងសាងសង់ឲ្យរួចរាល់រយៈពេល៦ខែទៀត នឹងចាប់ដំណើរការពេញលេញ។ រោងចក្រផលិតម្សៅមីរបស់ក្រុមហ៊ុនចិន ឈ្មោះ អឺខាង ហ្វូណាន មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុននោះ នឹងផលិតម្សៅមីក្នុង១ថ្ងៃបាន ១៦០តោន។ លោកបន្តថា រោងចក្រម្សៅមីនោះនឹងផ្តល់ការងារឲ្យប្រជាពលរដ្ឋក្នុងស្រុកបានច្រើនពាន់នាក់ ដើម្បីចូលរួមកាត់បន្ថយមនុស្សចំណាកស្រុក។
ទោះជាយ៉ាងណា អាជ្ញាធរស្រុក ខេត្ត និងក្រសួងពាក់ព័ន្ធ នឹងបន្តត្រួតពិនិត្យគុណភាពសំណង់ និងបរិស្ថានរបស់ក្រុមហ៊ុន បង្ការកុំឲ្យរោងចក្រនោះបង្កផលប៉ះពាល់ផ្សេងទៀត ដល់ការរស់នៅរបស់អ្នកនៅជុំវិញរោងចក្រនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅព្រះវិហារអំពាវនាវឲ្យរដ្ឋាភិបាលជួយការពារព្រៃសហគមន៍
- ស្ថានភាពបរិស្ថានទឹកបឹងទន្លេសាបនាខេត្តកំពង់ឆ្នាំង
- ពលរដ្ឋខ្វែងគំនិតគ្នាចំពោះគម្រោងផលិតទឹកស្អាតក្នុងបឹងឈ្វាំងខេត្តកំពង់ឆ្នាំង
- ព្រៃឈើនៅខេត្តព្រះវិហារប្រឈមនឹងបាត់បង់ដោយសារការកាប់ឈើខុសច្បាប់
- ជនជាតិដើមភាគតិចកួយធ្វើយុទ្ធនាការល្បាតព្រៃនិងបំបួសដើមឈើនាខេត្តព្រះវិហារ
- ពលរដ្ឋនៅសៀមរាបត្អូញពីបញ្ហាដីហុយបណ្ដាលមកពីឡានទេសចរណ៍
- គម្រោងផលិតទឹកស្អាតនៅអាងស្តុកទឹកឈ្វាំងខេត្តកំពង់ឆ្នាំងត្រូវផ្អាកបណ្ដោះអាសន្ន
- ពលរដ្ឋនៅកំពង់ឆ្នាំងប្រតិកម្មនឹងគម្រោងផលិតទឹកស្អាតថាប៉ះពាល់ដល់ទឹកធ្វើកសិកម្ម
- ពលរដ្ឋ៖ អាជ្ញាធរខេត្តកំពង់ចាមគ្មានចំណាត់ការទប់ស្កាត់ការបំផ្លាញព្រៃលិចទឹក