ពលរដ្ឋ​ជាង​៣​ពាន់​នាក់​ហែ​ក្បួន​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង​នា​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2014-03-20
RFA

ក្បួន​សម្អាត​ទីក្រុង រតនគិរី ៦១០
សកម្មភាព​សិស្សានុសិស្ស មន្ត្រី​រាជការ គ្រូបង្រៀន ប្រជាពលរដ្ឋ ហែ​ក្បួន​រើស​សំរាម​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង នា​សង្កាត់​ជ័យជម្នះ ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៤។ RFA/Ratha Visal

មនុស្ស​ប្រមាណ​ជាង ៣​ពាន់​នាក់ ជា​មន្ត្រី​រាជការ គ្រូបង្រៀន សិស្សានុសិស្ស ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ហែ​ក្បួន​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ក្រុង​បានលុង ខេត្ត​រតនគិរី ដើម្បី​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង។ ការ​ហែ​ក្បួន​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​ការពារ​បរិស្ថាន និង​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត នៅ​ទូទាំង​ប្រទេស។

សំឡេង​ពលរដ្ឋ​ហែ​ក្បួន៖ «ទីក្រុង​ស្អាត​ចាប់​ផ្ដើម​ពី​យើង​ទាំងអស់​គ្នា យុវជន និង​ទីក្រុង​ស្អាត…»

ក្បួន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចេញ​ពី​មន្ទីរ​វប្បធម៌ ក្នុង​ក្រុង​បានលុង ដោយ​អ្នក​ចូល​រួម​បាន​លើ​បដា​ពាក្យ​ស្លោក​សរសេរ​ថា ទីក្រុង​ស្អាត​ចាប់​ផ្ដើម​ពី​យើង​ទាំងអស់​គ្នា។

សង្កេត​ឃើញ​ក្រុម​អ្នក​ហែ​ក្បួន​ខ្លះ​កាន់​ស្បោង​ធំៗ ឬ​បាវ​ក្នុង​ដៃ ខ្លះ​កាន់​អំបោស និង​ខ្លះ​ទៀត​ដើរ​រើស​សំរាម ស្បោង​ប្លាស្ទិក និង​កាក​សំណល់​បន្សល់​ចោល​តាម​ដង​ផ្លូវ​មុខ​អគារ និង​ផ្ទះ​លក់​ទំនិញ ជុំវិញ​ទីផ្សារ ជាដើម។

នាយក​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី លោក ធន យន់ ដែល​បាន​ដឹក​នាំ​ហែ​ក្បួន​សម្អាត​ក្រុង​នេះ លើក​ឡើង​ថា ក្រុម​យុវជន និង​យុវនារី កំពុង​ឈាន​មុខ​ទាក់ទិន​ចលនា​សម្អាត​ទីក្រុង​នា​ឆ្នាំ​នេះ។ លោក​រំពឹង​ថា ចលនា​បំផុល​ពី​ទីក្រុង​ស្អាត នឹង​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​រួម​ពី​ប្រជាពលរដ្ឋ ដើម្បី​លើក​តម្កើង​បរិស្ថាន​ទីក្រុង​បាន​ស្អាត និង​មាន​អនាម័យ​សណ្ដាប់ធ្នាប់។

លោក ធន យន់៖ «យើង​ធ្វើ​នេះ​គោល​បំណង​ធំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ គឺ​គាត់​មើល​ឃើញ​ថា នេះ​មន្ត្រី​រាជការ​គេ​ចូល​រួម​ដើរ​រើស​សំរាម​នៅ​មុខ​ផ្ទះ​យើង សិស្សានុសិស្ស​ហ្នឹង អ៊ីចឹង​យើង​គួរ​ទេ ខ្មាស​គេ យើង​គួរ​តែ​មាន​ធុង​សំរាម​នៅ​មុខ​ផ្ទះ ហើយ​សំរាម​នោះ​ទៀត​សោត យើង​ត្រូវ​តែ​បោះ​ចូល​ទៅ​ក្នុង​ធុង​សំរាម។ អ៊ីចឹង​មក គេ​មក​សម្អាត​នៅ​មុខ​ផ្ទះ​យើង យើង​មាន​អារម្មណ៍​យ៉ាង​ណា? មាន​សិស្សានុសិស្ស​ទាំងអស់ មាន​យុវជន​ទាំងអស់ ដែល​សម្អាត​ទីក្រុង ហើយ​ដើរ​សម្អាត​មុខ​ផ្ទះ​យើង យើង​គួរ​តែ​ខ្មាស​គេ​ដែរ»

ក្រុង​បានលុង ខេត្ត​រតនគិរី បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​ជាមួយ​ខេត្ត​ក្រុង​នានា នៅ​ទូទាំង​ប្រទេស តាំង​ពី​ឆ្នាំ​២០១២ រហូត​មក។ បន្ទាប់​ពី​ការ​ចុះ​បញ្ជី​ទីក្រុង​ស្អាត អាជ្ញាធរ​ក្រុង​បានលុង បាន​ប្រារព្ធ​ពិធី​ហែ​ក្បួន​បំផុស​ចលនា​ធ្វើ​អនាម័យ សម្អាត​ក្រុង​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។

នៅ​ថ្ងៃ​ទី​២០ ខែ​មីនា នេះ គឺ​ជា​ខួប​លើក​ទី​ពីរ​នៃ​ពិធី​ហែ​ក្បួន​សម្អាត​ក្រុង រៀប​ចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​រតនគិរី សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ក្នុង​គោល​បំណង​ជំរុញ​ស្មារតី​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ដាច់​ស្រយាល​មួយ​នេះ ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ទាក់ទិន​បញ្ហា​សំរាម ឬ​អនាម័យ​ទីក្រុង។

យុវជន​ឈ្មោះ ណាក់ ណាង អាយុ ២០​ឆ្នាំ រៀន​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី កត់​សម្គាល់​ថា សំរាម​នៅ​តែ​ជា​បញ្ហា​ចោទ ដែល​យុវជន​រូប​នេះ​សង្កេត​ឃើញ​គេ​បន្សល់​ចោល​គ្រប់​ទីកន្លែង ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​វេច​ខ្ចប់​ដាក់​ធុង​សំរាម​បាន​ត្រឹមត្រូវ។ យុវជន​ចាត់​ទុក​ការ​ហែ​ក្បួន​ធ្វើ​អនាម័យ​តាម​ផ្លូវ​សាធារណៈ​នា​ពេល​នេះ គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​ថ្មី​ទៀត ឲ្យ​មាន​ការ​យល់​ដឹង​ផ្នែក​បរិស្ថាន និង​អនាម័យ​ក្នុង​ទីក្រុង៖ «ទីក្រុង​យើង​អត់​ទាន់​មាន​ភាព​អនាម័យ​ត្រឹមត្រូវ​នៅ​ឡើយ​ទេ អ៊ីចឹង​យើង​ចូល​រួម​ក្នុង​កម្មវិធី​នេះ ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត។ខ្ញុំ​ឃើញ​សំរាម គឺ​នៅ​តាម​ដង​ផ្លូវ​អត់​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទេ ក្រឡេក​ទៅ​នៅ​ឃើញ សូម​ឲ្យ​គាត់​កុំ​ចោល​សំរាម​ពាសពេញ​ទីក្រុង​អ៊ីចឹង ធ្វើ​ឲ្យ​មាន​ភាព​ក្រខ្វក់​ដល់​បរិយាកាស ធ្វើ​ឲ្យ​មាន​ជំងឺ​ប៉ះពាល់​ប្រជាពលរដ្ឋ​ទាំងអស់»

ដូច​គ្នា​នេះ​ដែរ យុវនារី ស៊ិន ចាន់ស្រីពីន អាយុ ១៥​ឆ្នាំ សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី ថ្លែង​ថា នាង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី ចាប់​អារម្មណ៍​ខ្ពស់​ទៅ​លើ​ការ​ថែ​រក្សា​អនាម័យ​តាម​លំនៅឋាន កន្លែង​លក់​ដូរ ដោយ​ចេះ​រៀប​ចំ​វេច​ខ្ចប់​សំរាម និង​ប្រើប្រាស់​ធុង​សំរាម​ជា​ប្រចាំ។ យុវនារី​អំពាវនាវ​សុំ​ឲ្យ​អាជីវករ សិស្សានុសិស្ស និង​មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល រួម​គ្នា​លប់​បំបាត់​កាក​សំណល់ និង​សំរាម ថង់​ប្លាស្ទិក​គ្រប់​ទីកន្លែង ដើម្បី​រួម​ចំណែក​ផ្នែក​បរិស្ថាន និង​សុវត្ថិភាព​សុខភាព​ប្រជាពលរដ្ឋ៖ «មាន​អារម្មណ៍​សប្បាយ​រីករាយ​មែន​ទែន ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​សង្គម។ ខ្ញុំ​គិត​ថា រាល់​ថ្ងៃ​ហ្នឹង ទីក្រុង​យើង​អត់​ទាន់​មាន​អនាម័យ​ខ្លាំង​ណាស់​ណា​ទេ អ៊ីចឹង​សុំ​ឲ្យ​យុវជន​ទាំងអស់​គ្នា​ជួយ​គ្នា ដើម្បី​សម្អាត​ទីក្រុង​ឲ្យ​មាន​ភាព​ស្រស់​បំព្រង។ ខ្ញុំ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​គ្នា ដើម្បី​ជួយ​ថែ​រក្សា​ទីក្រុង​យើង​ឲ្យ​មាន​ភាព​ស្រស់​បំព្រង»

អាជ្ញាធរ​ក្រុង​បានលុង ឲ្យ​ដឹង​ថា នៅ​ក្រុង​បានលុង ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​មាន​សំរាម​ប្រមាណ ៥​តោន​ទៅ ៨​តោន ដែល​បន្សល់​ទុក​ពី​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។

អាជីវករ​អ្នក​ផលិត​គ្រឿង​ដែក​នៅ​ខាង​លិច​ផ្សារ​បានលុង លោក អ៊ីម ឈឿន បាន​រិះគន់​ទៅ​លើ​សេវាកម្ម​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុង​ក្រុង​ថា មិន​បាន​បំពេញ​ភារៈ និង​កិច្ច​សន្យា​ប្រមូល​សំរាម​បាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​សំរាម​កក​ស្ទះ​ច្រើន​ថ្ងៃ ជះ​ក្លិន​មិន​ល្អ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ។ លោក​ចាប់​អារម្មណ៍​ថា នេះ គឺ​ជា​សកម្មភាព​ល្អ និង​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ អាជីវករ នាំ​គ្នា​ភ្ញាក់​ស្មារតី​ឲ្យ​តម្លៃ​ទៅ​លើ​អនាម័យ និង​បរិស្ថាន​ល្អ​ក្នុង​ក្រុង ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ ទាក់ទិន​ទីក្រុង​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ៖ «រដ្ឋ​ហ្នឹង​ដុក​ទៅ​សេវា​ខាង​សំរាម​ហ្នឹង ឲ្យ​គេ​គិតគូរ​សាជាថ្មី ដើម្បី​ជួយ​ធ្វើ​ម៉េច​ឲ្យ​ទីក្រុង​ស្អាត ប្រជាជន​មាន​សុភមង្គល ឬ​ភ្ញៀវ​ទេសចរ​មាន​ទំនុក​ចិត្ត​ចូល​មក​លេង ដោយសារ​ថា​ភូមិ​យើង ខេត្ត​យើង ក្រុង​យើង ស្អាត​អនាម័យ​ល្អ»

រើស​សំរាម រតនគិរី ៦១០
សកម្មភាព​សិស្សានុសិស្ស មន្ត្រី​រាជការ គ្រូបង្រៀន ប្រជាពលរដ្ឋ ហែ​ក្បួន​រើស​សំរាម​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង នា​សង្កាត់​ជ័យជម្នះ ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៤។ RFA/Ratha Visal

ចំណែក​អនុ​ប្រធាន​ភូមិថ្មី សង្កាត់​ជ័យជម្នះ លោក សេក សៀ ដែល​បាន​ចូល​រួម​សកម្មភាព​រើស​សំរាម​សម្អាត​ក្រុង​ដែរ​នោះ សម្ដែង​មោនភាព​ចំពោះ​សកម្មភាព​បំផុស​ចលនា​សម្អាត​ក្រុង​នេះ។ លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ធ្វើ​អនាម័យ​តាម​លំនៅឋាន ទី​សាធារណៈ ស្រប​តាម​ពាក្យ​ស្លាក ដើម្បី​យើង​ទាំងអស់​គ្នា៖ «ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន គឺ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់ គាត់​អាង​ថា​ចាំ​តែ​គេ​យក​តាម​ផ្ទះ ឲ្យ​គេ​ជួយ​ដឹក​នាំ​ដូច​ពី​មុន វា​មិន​មែន​ទេ គឺ​ឥឡូវ​ភ្ញាក់​រលឹក​សុំ​ប្រកាស​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នៅ​ក្នុង​ខេត្ត​រតនគិរី យក​ចិត្ត​ទុក​ដាក់​ផ្នែក​អនាម័យ ទីក្រុង​ស្អាត ដើម្បី​យើង​ទាំងអស់​គ្នា»

ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ក្រុង​បានលុង លោក លី វិន ទទួល​ស្គាល់​ថា ទាំង​មន្ត្រី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​មាន​កង្វះ​ខាត​ផ្នែក​ស្មារតី​សម្ភារៈ និង​ការ​យល់​ដឹង ដើម្បី​ជំរុញ​ឲ្យ​ចលនា​សម្អាត​ទីក្រុង​បាន​ជឿន​លឿន។ លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​រតនគិរី ប្រមាណ ៣​ពាន់​នាក់​ហែ​ក្បួន​រំលឹក​ការ​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង មន្ត្រី​រាជការ អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រប់​ស្ថាប័ន បង្កើន​ការ​យល់​ដឹង និង​រួម​ចំណែក​ធ្វើ​ការ​អភិវឌ្ឍ​ទីក្រុង​ស្អាត ឲ្យ​បាន​សម្រេច​តាម​ទិសដៅ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល។

តាម​ការ​គ្រោង​ទុក ក្រុង​បានលុង នឹង​ត្រូវ​លប់​បំបាត់​មិន​ឲ្យ​មាន​ថង់​ប្លាស្ទិក​តាម​ផ្លូវ​សាធារណៈ ក្នុង​ឆ្នាំ​២០១៥ រួម​ទាំង​ធ្វើ​ឲ្យ​បាន​សម្រេច​ផែន​ការ​ចំនួន ៧០​ចំណុច​ផ្សេង​ទៀត ដូច​ជា ការ​ដាំ​ដើម​ឈើ ធ្វើ​សួន​ច្បារ សួន​អាពាហ៍ពិពាហ៍ សួន​ទេសចរណ៍ មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ប្រព័ន្ធ​ទឹក​ស្អាត។ល។ ដើម្បី​រួម​ចំណែក​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​ជាង​៣​ពាន់​នាក់​ហែ​ក្បួន​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង​នា​ខេត្ត​រតនគិរី"

  1. Bol says:

    សំឡេង​ពលរដ្ឋ​ហែ​ក្បួន៖ «ទីក្រុង​ស្អាត​ចាប់​ផ្ដើម​ពី​យើង​ទាំងអស់​គ្នា យុវជន និង​ទីក្រុង​ស្អាត…»
    __________________________
    នេះ ទើបជាអ្នកស្នេហាជាតិមាតុភូមិ!