ដោយ៖ ពេជ្រ សុធារី
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
តំណាងកសិករមកពី ១៧ខេត្តក្នុងប្រទេសកម្ពុជា ប្រមាណ ២០០នាក់ នៅថ្ងៃអង្គារនេះ ជួបប្រជុំគ្នាក្នុងសមាជបណ្តាញកសិករថ្នាក់ជាតិ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ ទាក់ទងនឹងការសន្សំប្រាក់ និងផលិតផលកសិកម្ម។
សមាជបណ្តាញកសិករថ្នាក់ជាតិ នឹងធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឲ្យដឹងថា សមាជថ្នាក់ជាតិនេះ គឺដើម្បីបូកសរុបការងារប្រចាំឆ្នាំ ដែលផ្តោតសំខាន់ទៅលើការងារសហគមន៍សន្សំប្រាក់ដើម្បីភាពអាស្រ័យលើខ្លួនឯង សហគមន៍ម៉ាស៊ីនកិនស្រូវ ការផលិតនិងទីផ្សារផលិតផលកសិកម្ម ពិសេសស្រូវនិងបន្លែសេរីរាង្គ ការងារឡជីវឧស្ម័ន និងការដាំដើមឈើជាដើម។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ការជួបប្រជុំរបស់បណ្តាញកសិករ តាមរយៈរចនាសម្ព័ន្ធនេះ មានសារៈសំខាន់ណាស់ ដែលអាចធ្វើឲ្យកសិករបន្តនូវនិរន្តភាពការងារអភិវឌ្ឍន៍ដោយខ្លួនឯង និងចូលរួមចំណែកពង្រីកសកម្មភាពអភិវឌ្ឍន៍កសិករផ្សេងទៀតយ៉ាងទូលំទូលាយ។
ចំណែកប្រធានបណ្តាញកសិករនិងធម្មជាតិ លោក អ៊ួន សុផល មានប្រសាសន៍ដែរថា បណ្តាញកសិករដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ការផលិត ផលិតផលកសិកម្មរបស់កសិករ ព្រមទាំងពង្រីកទំនាក់ទំនងរវាងកសិករនិងអាជ្ញាធរមូលដ្ឋាន (ឃុំ ស្រុក) ក្នុងការជួយដោះស្រាយ និងទទួលយកនូវរាល់សំណូមពររបស់កសិករ៕
សូមសរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com