ដោយ៖ ពេជ្រ សុធារី
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោក វន់ ពៅ រងចាំស្តាប់សាលដីការបស់សាលាឧទ្ធរណ៍ ស្តីពីការសុំនៅក្រៅឃុំរបស់លោក វន់ ពៅ កាលពីម្សិលមិញ (រូបថត៖ សុទ្ធ គឹមសឿន)
មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការបន្តឃុំខ្លួនលោកវន់ ពៅ ក្នុងពន្ធនាគារ ថារងសម្ពាធនយោបាយ ដោយទទូចឲ្យតុលាការពន្លឿននីតិវិធីស៊ើបអង្កេត និងបើកសវនាការលើសំណុំរឿងអ្នកជាប់ចោទ ២៣នាក់នេះ ឲ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ឲ្យដល់អ្នកដែលរងគ្រោះ និងពង្រឹងនិតិរដ្ឋនៅកម្ពុជា។
ការជំរុញរបស់មន្ត្រីសិទ្ធិមនុស្ស ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ កាលពីថ្ងៃចន្ទម្សិលមិញនេះ បដិសេធបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលើកហេតុផលថា អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដំណើរការសវនាការ និងដោយសារសំណុំរឿងនេះ កំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្កេតនៅឡើយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ គឺហាក់មានគំនាបនយោបាយ និងគ្មានភាពយុត្តិធម៌ ដោយសារតែលោក វន់ ពៅ មិនមានកំហុស តែបែរជាត្រូវចាប់លោកដាក់ពន្ធនាគារទៅវិញ «លោក វន់ ពៅ មិនមានទោសទេ ហើយម្យ៉ាងទៀត គឺអ្វីដែលគេ ចោទប្រកាន់គាត់ ដោយសារតែ គេចង់កម្លាចគាត់ចង់ធ្វើបាបគាត់ ហើយប្រសិនជាមានរឿងនយោបាយនៅពីក្រោយខ្នង បានន័យថាកាន់តែធ្វើបាបគាត់ថែមទៀត។ អ៊ីចឹងរឿង វន់ ពៅ នេះទោះបីអ្នកនយោបាយ មិនអ្នកនយោបាយក៏ដោយ ខ្ញុំគិតថា មិនគួរចោទប្រកាន់ឬក៏ចាប់ខ្លួនគាត់ទេ»។
ជាមួយគ្នានេះដែរ មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ការបន្តឃុំខ្លួនលោកវន់ ពៅ និងអ្នកជាប់ឃុំ២០នាក់ផ្សេងទៀតនេះ គឺជាកំហុសឆ្គងមួយរបស់រដ្ឋាភិបាល ខណៈដែលការចរចាបញ្ហានយោបាយជាប់គាំង និងបង្ហាញទៅសហគមន៍ជាតិ-អន្តរជាតិ មើលឃើញកាន់តែច្បាស់ពីឯករាជ្យភាពរបស់តុលាការ ដែលមិនអាចការពារពលរដ្ឋរងគ្រោះដោយសារការរំលោភបំពានពីសំណាក់កម្លាំងប្រដាប់អាវុធ។ លោកបានជំរុញឲ្យតុលាការពន្លឿនការងាររបស់ខ្លួន ក្នុងការដោះស្រាយសំណុំរឿងជនជាប់ចោទទាំង២៣នាក់នេះ ឲ្យបានឆាប់ «គឺមានតែខាងតុលាការទេ ដែលលោកត្រូវតែសម្រេច ត្រូវធ្វើយ៉ាងណាបើកសវនាការឲ្យឆាប់ទៅ ហើយផ្តល់យុត្តិធម៌ត្រឹមត្រូវមកពលរដ្ឋ ក្នុងការអនុវត្តច្បាប់ឲ្យបានពេញលេញ ធានាឲ្យបាននូវការអនុវត្តនិរិរដ្ឋនៅក្នុងប្រទេស អាហ្នឹងបានប្រសើរ»។
VOD មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីប្រធានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍បានទេ។
ដោយឡែក លោក ទិត្យ សុធា មន្ត្រីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា នេះជាសិទ្ធិរបស់មន្ត្រីអង្គការសង្គមស៊ីវិល ក្នុងការរិះគន់ទៅលើករណីណាមួយ ប៉ុន្តែរដ្ឋាភិបាល ពុំមានសិទ្ធិទៅបង្គាប់បញ្ជានីតិវិធីរបស់តុលាការនោះទេ «ពីព្រោះជាអំណាចដាច់ដោយឡែកពីគ្នាមួយ នេះគឺជាឆន្ទានុសិទ្ធិរបស់តុលាការ ហើយយើងទៅបង្គាប់បញ្ជាអីកើត អញ្ចឹងការចោទប្រកាន់ចេះតែចោទទៅ ក៏ប៉ុន្តែរដ្ឋាភិបាលគឺ អត់មានសិទ្ធិទៅធ្វើអីទៅលើការងាររបស់តុលាការទេ»។
អ្នកជាប់ឃុំទាំង២៣នាក់ ក្នុងនោះមានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន មន្ត្រីសម្របសម្រួលបណ្តាញកសិករ លោក ចាន់ ពុទ្ធីស័ក្ក សកម្មជនបឹងកក់នោះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ដោយឡែកកម្មករម្នាក់ ដែលអាជ្ញាធរចាប់ខ្លួននៅផ្លូវវ៉េងស្រេង ត្រូវបានចោទប្រកាន់ថែមពីរករណីទៀត ពីបទប្រមាថមន្ត្រីសាធារណៈ និងបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ បច្ចុប្បន្ននេះ ពួកគេចំនួន២១នាក់ កំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ខណៈដែលពីរនាក់ទៀត ត្រូវបានតុលាការសាលាដំបូង សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ខែកុម្ភៈ។
អ្នកទាំង២៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ៕
សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
យប់មិញនេះ តុលាការរបស់ប្រទេសអេហ្សីប បានសំរេចកាត់ទោសប្រហារជីវិតបាតុករចំនួន 529នាក់ ។ បាតុករទាំងនេះជាអ្នកគាំទ្រលោកអតីតះប្រធានាធិបតី មុស្សីុ ដែលបានផ្តួលរំលំអតីតះប្រធានាធិបតី មួរ៉ាក់ តាមរយះបាតុកម្ម នៃបដិវត្តផ្កាម្លិះនៅមជ្ឈឹមបូពា៌ ។ នេះហើយជាលទ្ធផលនៃមហាបាតុកម្មរបស់បដិវត្តផ្តួលរំលំរបបមួរ៉ាក់ ដែលលោកមូស្សីុចោទថា ជារបបផ្តាច់ការ និងបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីអាមេរិកាំង និងអឺរ៉ុបនោះ យើងរង់ចាំមើលថ្ងៃនេះនិងថ្ងៃស្អែក ថាតើអាមេរិកនិងអឺរ៉ុប អង្គការសិទិ្ធមនុស្ស ចេញមុខធ្វើអី្វខ្លះ ចំពោះការសំរេចរបស់តុលាការសំលាប់បាតុករចំនួន 529នាក់យ៉ាងរង្គាលបែបនេះ ? សុំបញ្ជូនពួកសែ្វងរកយុតិ្តធម៌និងមេៗបាតុកម្មនៅស្រុកខែ្មរទៅចូលរួមសង្កេតការណ៍នៅពេលប្រហារជីវិតបាតុករទាំង 529នាក់ផង ដើម្បីមានពិសោធន៍ខ្លះៗ ។
Recently, there is a decision of Egypt court to kill 529 demonstrators of Musi supporters. It is vital recalled that Arab spring was a strongest support from the United States and it’s alliances, therefore we should wait and see how The US and EU, in particulars Human Right organizations can do with this decision to massively kill 529 demonstrators! It maybe good idea by sending all demonstrator heads in Cambodia to observe this killing process by the court decision.